Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់គ្រប់ភាគីចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងដាំដុះដើមឈើឡើងវិញ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 586
អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់គ្រប់ភាគីចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងដាំដុះដើមឈើឡើងវិញ អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់គ្រប់ភាគីចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងដាំដុះដើមឈើឡើងវិញ

នៅទីធ្លាសួនហាត់ប្រាណ ក្រុងសៀមរាប លោក យុន លីនណេ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណអភិបាលខេត្ត នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចូលរួមទិវាបរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ “ការកែប្រែគុណភាពដី ដីរហោឋាន និងភាពធន់នៃគ្រោះរាំងស្ងួត” ដោយមានការអញ្ជេីញចូលរួមពីប្រជាពលរដ្ឋ មន្ត្រីរាជការ អង្គការសង្គមស៊ីវិល វិស័យឯកជន និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចំនួន៥០០នាក់ ក្នុងនោះក៏មានប្រជាពលរដ្ឋ អាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធនានា ចំនួន៦៥០០នាក់ផ្សេងទៀតចូលរួមក្នុងការសម្អាតបរិស្ថាន នៅក្នុងក្រុងសៀមរាប ទាំងមូលផងដែរ។

លោក ស៊ុន គង់ បានឲ្យដឹងថា នៅក្នុងយុទ្ធសាស្ត្រចក្រានេះ មានមុំចំនួនបី ដែលមុំទី១ ភាពស្អាត ដែលស្អាតចេញពីខ្លួនយើង ស្អាតជុំវិញខ្លួនយើង និងស្អាតបរិយាកាស។ រីឯមុំទី២ភាពបៃតង ដែលក្នុងនេះ ក្រសួងបរិស្ថាន បានជំរុញឲ្យមានការដាំកូនឈើឡើងវិញមួយឆ្នាំ១លានដើម ដែលក្នុងនោះ មន្ទីរបរិស្ថានខេត្តសៀមរាប ក៏បានបណ្តុះកូនឈើបានជាង១៦ម៉ឺនដើម ដើម្បីចែកជូនដោយមិនគិតថ្លៃ ផងដែរ។ ចំណែកទី៣គឺចិរភាព ដែលក្រសួងបានដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្ត្រ កៀងគររកកិច្ចសហការ ដើម្បីគាំទ្រមុំទី១ និងទី២ឱ្យយូរអង្វែង។

ក្នុងនាមអាជ្ញាធរខេត្តសៀមរាប លោក យុន លីនណេ មិនចង់ឃើញការធ្វើអនាម័យសម្អាតបរិស្ថានតែមួយថ្ងៃនេះទេ ប៉ុន្តែយើងឲ្យផ្តើមចេញពីអ្នកចូលរួមទាំងអស់ រួមគ្នាធ្វើវាដោយកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក និងការពិនិត្យនូវលទ្ធភាពដាំដុះកូនឈើឡើងវិញតាមដែលអាចធ្វើបាន។ លោកថា បញ្ហាបរិស្ថានជាបញ្ហារបស់យើងទាំងអស់គ្នា ដូច្នេះយើងត្រូវចូលរួមទាំងអស់គ្នា។

លោកក៏បានឱ្យដឹងដែរថា នៅក្នុងការលើកកម្ពស់សោភ័ណ្ឌភាព អនាម័យ បរិស្ថាន ក្នុងក្រុងសៀមរាប រដ្ឋបាលខេត្តក៏បានកំណត់យកផ្លូវមួយចំនួនដើម្បីរៀបចំដាំដើមឈើឡើងវិញ ដែលដើមឈើទាំងនោះមានដូចជាដើមរំដួល ដើមត្របែកព្រៃជាដើម  និងបានអំពាវនាវដល់គ្រប់ភាគីទាំងអស់ចូលរួមលើកកម្ពស់អនាម័យបរិស្ថាន និងដាំដុះដើមឈើឡើងវិញ៕