Khmer First Close

ទស្សនៈមិត្តអ្នកអាន៖ ៧មករា ថ្ងៃបង្កើតអ្វីៗគ្រប់យ៉ាងជាថ្មីនៅកម្ពុជា

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃចន្ទ ទី៦ ខែមករា ឆ្នាំ២០២៥ ទស្សនៈ - នយោបាយ ព័ត៌មានជាតិ 151
ទស្សនៈមិត្តអ្នកអាន៖ ៧មករា ថ្ងៃបង្កើតអ្វីៗគ្រប់យ៉ាងជាថ្មីនៅកម្ពុជា ទស្សនៈមិត្តអ្នកអាន៖ ៧មករា ថ្ងៃបង្កើតអ្វីៗគ្រប់យ៉ាងជាថ្មីនៅកម្ពុជា

ថ្ងៃជ័យជន្នះ៧មករា មកដល់ពេលបច្ចុប្បន្ននេះ ហាក់បានឃ្លាតឆ្ងាយពីយុវវ័យនិងក្មេងៗជំនាន់ក្រោយ ដោយសារតែកត្តាពេលវេលាចេះតែកន្លងទៅ កត្តាភាពសុខសាន្តរយៈពេលយូរ ការរីកចម្រើនខាងបច្ចេកវិទ្យាកាន់តែទំនើប ភាពសម្បូរបែបលើជីវិតស៊ីវិល័យ ជាពិសេសអ្នកជំនាន់ក្រោយ ដែលកើតចាប់ពីឆ្នាំ១៩៨០ គឺមិនដូចចាស់ៗដែលធ្លាប់រត់លូនក្រាប ឆ្លងកាត់សម័យវាលពិឃាត សម័យសង្គ្រាម សម័យជម្លៀសទាំងគ្រួសារ ចោលទ្រព្យរបស់នោះទេ ពួកគាត់មិនបានយល់ច្បាស់ពីការរងទុកលំបាកក្នុងសម័យមុនឡើយ។ បន្ថែមពីលើនេះ ថ្ងៃ៧មករា ត្រូវបានអ្នកនយោបាយទុច្ចរិតលាបព័ណ៌ពីសទៅខ្មៅ ព្រោះតែដើម្បីផលប្រយោជន៍នយោបាយបក្ខពួកខ្លួន និងចង់លុបបំបាត់ការចងចាំអំពីអំពើយង់ឃ្នង់របស់ខ្មែរក្រហម មកលើប្រជាជនកម្ពុជា ដែលត្រូវបានកាប់សម្លាប់និងធ្វើទារុណកម្មយ៉ាងឃោរឃៅជាច្រើនលាននាក់។ ប៉ុន្ដែបើយើងសួរទៅចាស់ៗដែលធ្លាប់ចាកចោលក្រុងភ្នំពេញទៅធ្វើស្រែសមូហភាព ឬធ្លាប់ត្រូវបានគេជម្លៀសពីតំបន់មួយទៅតំបន់មួយទាំងបង្ខំ ត្រូវបំបែកឱ្យរស់នៅព្រាត់ពីគ្រួសារ អ្នកធ្លាប់ត្រូវបានគេវាយធ្វើទារុណកម្ម ឬប៉ុនប៉ងសម្លាប់ និងដែលបានបាត់បង់សមាជិកគ្រួសារក្នុងសម័យខ្មែរក្រហម ដែលគ្មានថ្ងៃជួបវិញនោះ ប្រាកដណាស់ទឹកភ្នែករបស់ពួកគាត់នឹងច្រាលចេញមកក្រៅដោយមិនអាចទប់បានឡើយ។

បើទោះជា ៧មករា ត្រូវបានលាបព័ណ៌យ៉ាងណាក៏ដោយចុះ ប៉ុន្ដែការពិតនៅតែជាការពិត។ ការពិតគឺ មានថ្ងៃ៧មករា ឆ្នាំ១៩៧៩ ទើបមានអ្វីៗគ្រប់យ៉ាងសម្រាប់ជនជាតិខ្មែរ សម្រាប់មាតុភូមិកម្ពុជាដ៏កំសត់មួយនេះ។ ៧មករា ឆ្នាំ១៩៧៩ បានសង្គ្រោះមាតុភូមិកម្ពុជាដ៏កំសត់ឡើងវិញ អ្វីៗគ្រប់យ៉ាងបានចាប់ផ្តើមពីបាតដៃទទេស្អាត ក្រោយពីរបបខ្មែរក្រហមបានកំទេចគ្មានសល់នូវអ្វីដែលជាសមិទ្ធផលពីសង្គមចាស់។ ការស្ដារប្រទេសត្រូវបានចាប់ផ្តើមចេញពីចំនុចក្រោមសូន្យ។ មកដល់ថ្ងៃនេះ កម្ពុជា មានអគារខ្ពស់ទំនើបៗ មានហេដ្ឋារចនាសម្ព័ន្ធស្ពាន ផ្លូវថ្នល់ថ្មីៗជាច្រើន មានធនធានមនុស្សគ្រប់ផ្នែក មនុស្សមានសិទ្ធិសេរីភាព មានកម្មសិទ្ធ ដែលទទួលបានផលពីផ្នែកនានានៃសង្គម និងគ្រប់វិស័យទាំងអស់។ ទៅថ្ងៃអនាគត កម្ពុជានឹងមានការអភិវឌ្ឍន៍រីកចម្រើនបន្ថែមទៀត ដូចបណ្ដាប្រទេសអភិវឌ្ឍន៍នៅក្នុងពិភពលោក និងឈានទៅជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

ចាស់ៗដែលរស់រានមានជីវិតនៅកម្ពុជាភាគច្រើន បានចាត់ទុក ៧មករា ជាថ្ងៃកំណើតទី២ របស់ពួកគាត់។ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកើតចេញដោយសារតែមានថ្ងៃ៧មករា ឆ្នាំ១៩៧៩ ព្រោះ ៧មករានេះហើយ ដែលយុវជនសម័យរណសិរ្យនាំគ្នាវ៉ៃខ្មែរក្រហម សង្គ្រោះមាតុភូមិកម្ពុជាចេញពីរបបផ្ដាច់ការអង្គការចាត់តាំងប៉ុលពត។ កម្ពុជាមានស្ថិរភាព មានទំនាក់ទំនងការទូតជាមួយបណ្ដាប្រទេសនានាឡើងវិញ ក៏ដោយសារតែមានការរំដោះ៧មករានេះដែរ។ សាលារៀនទាំងនៅទូទាំងកម្ពុជា បានបើកទ្វារទទួលសិស្សឡើងវិញ នៅក្រោយថ្ងៃ៧មករា ព្រោះ ៧មករា បានវ៉ៃបណ្ដេញខ្មែរក្រហមឲ្យរត់ចោលសាលារៀន ដែលពួកខ្មែរក្រហមបានយកធ្វើជាទីកន្លែងឃុំឃាំងមនុស្សជំនួសគុក ឬយកធ្វើជារោងបាយជាដើម។ សូម្បីតែព្រះសង្ឃដែលត្រូវពួកខ្មែរក្រហមចាប់ផ្សឹកដោយបង្ខំ ហើយប្រើឱ្យធ្វើការដូចគោក្របីក្នុងសម័យនោះ ក៏បានវិលមកបួសរៀន និងរក្សាសីលវិញតាមប្រពៃណីទំនៀមទម្លាប់សាសនា និងមានភាពរីកចម្រើនឡើងវិញ ដោយសារតែថ្ងៃ៧មករាដែរ ជាក់ស្តែងក្រោយថ្ងៃរំដោះ វត្តអារាម បូជនីដ្ឋាន បុរាណស្ថានប្រវត្តិសាស្ត្រ ទីសក្ដារៈនានា ត្រូវបានស្ដារឡើងវិញ និងអភិវឌ្ឍន៍រហូតរីកចម្រើនដូចសព្វថ្ងៃ។

ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ គឺជាខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម «៧ មករា១៩៧៩ – ៧មករា២០២៥»។ កម្ពុជា កាលពី ៤៦ឆ្នាំមុន គឺគ្រាន់តែជាមនុស្សនៅសល់តែដង្ហើមចង្រឹតដែលរៀបនឹងស្លាប់ប៉ុណ្ណោះ ព្រោះរបបខ្មែរក្រហម ប៉ុល ពត ដែលបានឡើងកាន់អំណាចចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ បានបំផ្លិចបំផ្លាញខឿនសេដ្ឋកិច្ច សង្គម វប្បធម៌ និងហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យស្ទើរគ្មានសល់។ ប្រជាជនកម្ពុជា ជាង ៣លាននាក់បានស្លាប់បាត់បង់ជីវិតដោយការធ្វើទារុណកម្ម កាប់សម្លាប់ បង្អត់អាហារ និងគ្មានថ្នាំសង្កូវព្យាបាលជំងឺឡើយ។ ចំណែកជនរងគ្រោះ ដែលរួចរស់ជីវិតពីអំពើយង់ឃ្នងព្រៃផ្សៃនៃរបបខ្មែរក្រហមបានរស់នៅជាមួយនឹងវិបត្តិផ្លូវចិត្ត ដោយសារតែស្លាកស្នាមរបួសដែលបានកើតឡើង និងដិតជាប់ក្នុងសម័យកាលនោះ។

គេនៅចាំមិនភ្លេចថា ថ្នាក់ដឹកនាំ នៃគណបក្សប្រជាជនកម្ពុជា គឺបានលះបង់គ្រប់បែបយ៉ាងដើម្បីសង្គ្រោះជាតិ និងប្រជាជនចេញពីក្រញ៉ាំបីសាចខ្មែរក្រហម និងបានរួមគ្នាជាមួយបងប្អូនជនរងគ្រោះដែលនៅរស់រានមានជីវិត ដើម្បីអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញចេញពីគំនរផេះផង់ ដោយដៃម្ខាងខិតខំការពារជាតិ និងទប់ស្កាត់ការវិលត្រឡប់មកវិញនូវរបបប្រល័យពូជសាសន៍ និងដៃម្ខាងទៀតខិតខំកសាងជាតិឡើងវិញ។ ជាតិនិងប្រជាជនកម្ពុជាជាង ៤០ឆ្នាំមុន ពិតជាអភ័ព្វណាស់ដែលរងគ្រោះដោយអំពើប្រល័យពូជសាសន៍ខ្មែរក្រហម ហើយខិតខំរើបម្រះប្រឆាំងនឹងរបបមហាប្រល័យនេះ សង្គ្រោះជាតិ និងប្រជាជនឲ្យរស់រានមានជីវិតវិញ ប៉ុន្តែត្រូវបានទទួលរងនូវការដាក់សម្ពាធនយោបាយ និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងអយុត្តិធម៌ ពីសំណាក់ក្រុមបស្ទឹមប្រទេសប្រឆាំងនឹងការរស់រានមានជីវិតឡើងវិញរបស់កម្ពុជា។ ប្រជាពលរដ្ឋខ្មែរដឹងយ៉ាងច្បាស់ថា បើគ្មាន ថ្ងៃ៧មករា ឆ្នាំ១៩៧៩ទេ ក៏ព្រះបិតាឯករាជ្យជាតិខ្មែរ សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី មិនអាចជួបគ្នាដើម្បីផ្តួចផ្តើមឲ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ បានដែរ។ ជំនួបរវាង សម្តេចព្រះនរោត្តមសីហនុ និងសម្តេចតេជោ ហ៊ុន សែន នេះហើយ ដែលបានផ្តល់ឱកាសឱ្យកម្ពុជារៀបចំការចរចាបញ្ចប់សង្គ្រាមស៊ីវិល បញ្ចប់អង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម នាំយកសុខសន្តិភាព ការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងឯកភាពទឹកដីជូនជាតិមាតុភូមិក្រោមការអនុវត្តនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។ បើគ្មានថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ទេ ក៏កម្ពុជាគ្មានឱកាសកសាងជាតិដូចសព្វថ្ងៃ និងក៏ទំនងជាគ្មានវត្តមានកម្ពុជានៅលើឆាកអន្តរជាតិ មានកេរ្តិ៍ឈ្មោះល្បីរន្ទឺដូចបច្ចុប្បន្ននេះដែរ។
កម្ពុជាកាលពី ៤៦ឆ្នាំមុន គឺប្រៀបបាននឹងមនុស្សបាត់ព្រលឹង ទីក្រុងភ្នំពេញ និងទីប្រជុំជនស្ងាត់ជ្រងុំ ឬអាចហៅថាជាទីក្រុងខ្មោច មានតែផ្ទះប៉ុន្តែគ្មានមនុស្សរស់នៅ ហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទត្រូវបានបំផ្លិចបំផ្លាញ សូម្បីតែធនធានមនុស្សជាបញ្ញាវ័ន្ត គឺនៅសេសសល់តិចតួចណាស់ពីការកាប់សម្លាប់របស់ខ្មែរក្រហម។ កម្ពុជាកាលពី ៤៦ឆ្នាំមុន គឺជាកម្ពុជាដែលលំបាកលំបិនបំផុត និងខិតខំប្រឹងរស់ដោយខ្លួនឯង អ្នកចេះច្រើនបង្រៀនអ្នកចេះតិច និងអ្នកចេះតិចបង្រៀនអ្នកមិនចេះសោះដើម្បីបង្កើតមូលដ្ឋានកសាងជាតិឡើងវិញ។ ប៉ុន្តែដោយសារតែការដាក់ចេញគោលនយោបាយដ៏ត្រឹមត្រូវ និងការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា, កម្ពុជាបច្ចុប្បន្ន គឺមានសុខសន្តិភាពពេញលេញ មានស្ថេរភាព និងការអភិវឌ្ឍជាបន្តបន្ទាប់។ កម្ពុជាពេលនេះមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីសម្រេច និងចាត់ចែងលើជោគវាសនារបស់ខ្លួនដោយខ្លួនឯង និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការកម្ទេចកលល្បិចទុច្ចរិតរបស់ក្រុមអ្នកនយោបាយក្បត់ជាតិ មួយក្តាប់តូចដែលបានឃុបឃិតជាមួយ បរទេសប៉ុនប៉ងបំផ្លាញសន្តិភាពដែលកម្ពុជារកបានដោយលំបាក និងការអភិវឌ្ឍ ដែលកម្ពុជាកំពុងតែមាននេះ។

សន្តិភាព ស្ថេរភាពនយោបាយ ឯករាជភាពជាតិ បូរណភាពទឹកដី និងការអភិវឌ្ឍគឺជាអ្វីដែលប្រជារាស្ត្រខ្មែរប្រាថ្នា និងបានប្តេជ្ញាការពារយ៉ាងប្តូរផ្តាច់ ទោះក្នុងតម្លៃណាក៏ដោយ។ ការពារសន្តិភាពបានគង់វង្ស កម្ពុជាមានឱកាសរក្សាស្ថេរភាពយូរអង្វែងសម្រាប់មនុស្សជាច្រើនជំនាន់បន្តទៀត ព្រោះការអភិវឌ្ឍ ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យមិនអាចប្រព្រឹត្តទៅបានទេ ក្រោមភ្នក់ភ្លើងសង្គ្រាម ស្នូរគ្រាប់កាំភ្លើង និងការទម្លាក់គ្រាប់បែក។ គ្រប់ការអភិវឌ្ឍរីកចម្រើនជឿនលឿន សិទ្ធិសេរីភាពនិងប្រជាធិបតេយ្យត្រូវផ្តើមចេញពីការរក្សាឱ្យបានសន្តិភាពជាមុនសិន ហើយសូមកុំភ្លេចថាសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យដែលយើងកំពុងមាននាពេលនេះ គឺកើតចេញពីការតស៊ូរំដោះជាតិនៅថ្ងៃទី៧មករា ឆ្នាំ១៩៧៩៕

ដោយៈ សុខ សុវណ្ណ

អត្ថបទទាក់ទង