ហេតុអ្វីបានជា «លទ្ធិជ្រុលនិយម» មានគ្រោះថ្នាក់ដល់សង្គមជាតិ?
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា លទ្ធិជ្រុលនិយម គឺជាសត្រូវរបស់ភាពសុខដុមរមនា និងសន្តិសហវិជ្ជមាននៅក្នុងសង្គម។ ជាក់ស្តែង គ្មានសង្គមណាមួយដែលមានភាពបរិសុទ្ធឥតខ្ចោះនៃជាតិសាសន៍ឬសាសនានោះទេ ហើយសង្គម ដែលទាមទារនូវភាពបរិសុទ្ធបែបនេះ គឺតែងតែនាំមកនូវសោកនាដកម្ម គឺធ្វើទុក្ខបុកម្នេញ ការសង សឹក គ្មានទីបញ្ចប់ ដែលអាក្រក់បំផុតគឺការរុញច្រានទៅរកសកម្មភាពបោសំអាតជាតិសាសន៍។
ក្នុងពិធីបើក កិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ ឥស្លាម និងពុទ្ធសាសនា នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពិភពលោកយើងពិតជាមានមេរៀនជា ច្រើនរាប់មិនអស់ ពីសោកនាដកម្មដែលមានឬសគល់ចេញពី លទ្ធិជ្រុលនិយម បូករួមនឹងអ្វីដែល កម្ពុជាធ្លាប់ឆ្លងកាត់នូវរបបប្រល័យពូជសាសន៍។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជាក់ស្តែងក្រុមប្រឆាំងជ្រុលនិយម ព្រោះតែមហិច្ឆតានយោបាយបានបរិហារដោយបំពានលើតថភាពប្រវត្តិសាស្រ្ត និងគុណតម្លៃមិនអាចកាត់ថ្លៃ បាននៃថ្ងៃរំដោះ៧មករា១៩៧៩ ដែលជាថ្ងៃកំណើតទី២របស់ប្រជាពលរដ្ឋខ្មែរ រួមទាំងបងប្អូនខ្មែរ ឥស្លាមផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភកាន់តែខ្លាំងដែល ក្រុមជ្រុលនិយមមួយចំនួន បានបន្តបដិសេធការសម្លាប់រង្គាលនេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិធានការជាបន្តបន្ទាប់តាមរយៈការបង្កើតច្បាប់ ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមដើម្បីទប់ស្កាត់មនោគមវិជ្ជាជ្រុលនិយម និងការកើតឡើងសារជាថ្មីនៃអំពើប្រល័យពូជសាសន៍ទូទាំងពិភពលោក និងការពារតថភាពប្រវត្តិសាស្រ្តដែលទទួលស្គាល់ដោយ អន្តរជាតិតាមរយៈអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ឬសាលាក្តីខ្មែរក្រហមដែលជាតុលាការកូនកាត់រវាងកម្ពុជា និងអង្គការសហប្រជាជាតិដែលបានកាត់ទោសមេដឹកនាំកំពូលរបស់ របបកាប់សម្លាប់ខ្មែរក្រហមទាំងឡាយដែលពាក់ព័ន្ធនឹងអំពើសម្លាប់រង្គាលនៅកម្ពុជាកាលពីអតីតកាល ថ្មីៗនេះ៕