សម្តេច ម៉ែន សំអន គាំទ្រចំពោះគំនិតផ្តួចផ្តើមក្នុងការប្រែក្លាយផ្ទះនៅស្រុកកំណើតសម្តេចតេជោ ទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញទស្សនាផ្ទះកំណើត របស់ សម្ដេចតេជោ ហ៊ុន សែន ស្ថិតក្នុងភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីរសៀលថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ ក៏មានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ភរិយាថ្នាក់ដឹកនាំ និងក្រុមការងារជាច្រើនរូបទៀត បន្ទាប់ពីបានចូលរួមក្នុងពិធីបុណ្យវិសាខបូជា នៅបូជនីយដ្ឋាន រូបសំណាកនាគ នាឃុំកោះពីរ ស្រុកក្រូចឆ្មាររួចមក។
នេះជាដំណើរជាប្រវត្តិសាស្ត្រលើកដំបូង របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលបានអញ្ជើញមកទស្សនាដោយដោយផ្ទាល់ ដល់ផ្ទះកំណើតសម្តេចតេជោ ហ៊ុន សែន ដោយបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅម្តុំនោះ និងបានសំណេះសំណាល រួចហូបផ្លែឈើប្រចាំគ្រួសារជុំគ្នាក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែង។
តាមរយៈ ឯកឧត្តម ច្រឹង គឹមស្រ៊ាន អតីតសមាជិកព្រឹទ្ធសភានីតិកាលទី៤ បច្ចុប្បន្នជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កាលពីអំឡុងខែមករា ឆ្នាំ១៩៨៨ ដោយមើលឃើញថា ផ្ទះចាស់មានសភាពទ្រុឌទ្រោមខ្លាំង ទើបលោកសុំការឯកភាពពី សម្ដេច ហ៊ុន នាង រុះរើផ្ទះចាស់នោះចេញ ជំនួសដោយផ្ទះថ្មី ដែលសង់អំពីឈើប្រក់ក្បឿង ទំហំ ៦ម×១៤ម ដែលមានអ្នកស្រី សុន ជូ និងស្វាមី ជាអ្នកមើលថែទាំរហូតដល់សព្វថ្ងៃនេះ។
បើតាមតាមការបង្ហើបឲ្យដឹងពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាឱកាសនោះ ឯកឧត្តមមានគម្រោងកែច្នៃ និងរៀបចំផ្ទះនេះ ទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន ដើម្បីទុកជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន និងជាកំណប់ទ្រព្យរបស់អ្នកស្ទឹងត្រង់, ទុកជាការសិក្សាស្រាវជ្រាវរបស់យុវជនជំនាន់ក្រោយៗទៀត ក៏ដូចជាការបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ តាមរយៈការពឹងផ្អែកទៅលើវិស័យទេសចរណ៍ និងលើកស្ទួយមុខមាត់ខេត្តកំពង់ចាមឲ្យកាន់តែមានភាពរីកចម្រើនប្រកបដោយសក្តានុពល និងភាពទាក់ទាញ។
ជាការឆ្លើយតប សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាន សម្តែងនូវការកោតសសើរ ពេញចិត្ត និងគាំទ្រទាំងស្រុងចំពោះគំនិតផ្តួចផ្តើមក្នុងការប្រែក្លាយផ្ទះនៅស្រុកកំណើតសម្តេចតេជោ ទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន និងបានជំរុញឲ្យ ឯកឧត្តម ហួត ហាក់ និង ឯកឧត្តម អ៊ុន ចាន់ដា រួមសហការគ្នាសិក្សាអំពីនីតិវិធីក្នុងរៀបចំ៕