ទស្សនៈ៖ ថៃជារដ្ឋបាតដៃខ្នងដៃក្នុងក្រសែភ្នែកពិភពលោក Thailand’s banana republic in the world
គិតចាប់តាំងពីថៃបើកការវាយប្រហារឈ្លានពានកម្ពុជានៅថៃ្ងទី២៤ ខែកក្កដា ឆ្នាំ២០២៥ មក ពិភពលោកក៏ដូចជាសហគមន៏អន្តរជាតិបានកត់សម្គាល់ឃើញថា ថៃជារដ្ឋដែលប្រើយុទ្ធវិធីក្រឡិចក្រឡុច ព្រមទាំងបានប្រើប្រព័ន្ធផ្សព្វផ្សាយដ៏សម្បូរបែបរបស់ខ្លួនក្នុងការមូលបង្កាច់និងសាបព្រួសព័ត៌មានក្លែងក្លាយនិងអាចទុកថាជារោងចក្រនៃការផលិតប្រភពព័ត៌មានក្លែងក្លាយច្រើនជាគេដើម្បីបំភ័ន្តពិភពលោក ក៏ដូចជាសម្រាប់ដោះស្រាយបញ្ហាជម្លោះព្រំដែននិងការធ្វើសង្គ្រាមជាមួយប្រទេសកម្ពុជា ខណ:ដែលប្រទេសកម្ពុជាបានកំពុងតែព្យាយាមស្រាយជម្លោះក្នុងសង្រ្គាមឈ្លានពានរបស់ថៃនេះដោយឈរលើកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ដែលបានធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ក្រោមការផ្តួចផ្តើមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដោយភាពស្មោះត្រង់បំផុត។
ចំនុចដែលពិភពលោកចាប់អារម្មណ៏ លើភាពក្រឡិចក្រឡុច បាតដៃខ្នងដៃរបស់ថៃត្រូវបានគេមើលឃើញថា ស្តែងឡើងតាមរយៈ៖
ទី១៖ នៅថ្ងៃទី២៨ ខែឧសភា ២០២៥ យោធាថៃបានចូលមកបាញ់ប្រហារជីវិតយោធាកម្ពុជាដល់លានដ្ឋានក្នុងទឹកដីកម្ពុជា ហើយចោទថាយោធាកម្ពុជាបានបើកការវាយប្រហារលើខ្លួនទៅវិញ។
ទី២៖ នៅថ្ងៃទី១៧ ខែកក្កដា២០២៥ យោធាថៃបានដើរជាន់មីនចាស់ដែលបានបន្សល់ទុកកាលពីជំនាន់សង្គ្រាម ដោយការដើរល្បាតខុសតម្រាយផ្លូវដែលបំពានលើការឯកភាពគ្នាយោងតាម MOU 2000 តែយោធាថៃបានចោទមកលើយោធាកម្ពុជាថា បានបង្កប់មីនថ្មីៗនៅក្នុងតំបន់ជម្លោះទៅវិញ ទោះបីមានការច្រានចោលរបស់ភាគីកម្ពុជាក៏ដោយ។
ទី៣៖ ព្រឹកព្រលឹម ថៃ្ងទី២៤ ខែកក្កដា ២០២៥ ថៃចាប់ផ្តើមបើកការវាយប្រហារដោយយោធាមុនមកលើយោធាកម្ពុជាដែលកំពុងឈរការពារទឹកដីក្នុងប្រទេសកម្ពុជា តំបន់ប្រាសាទតាមាន់ធំដែលជាប្រាសាទបុរាណរបស់កម្ពុជា ដោយថៃបានប្រើប្រាស់នូវអាវុធធន់ធ្ងន់ យន្តហោះចម្បាំងF-16 និង យន្តហោះ Gripen ទម្លាក់គ្រាប់បែក MK84 គ្រាប់បែកចង្កោម និងផ្សែងពុលមកលើមូលដ្ឋានទ័ព និងជនស៊ីវិលកម្ពុជាយ៉ាងធ្ងន់ធ្ងរ ហើយថែមទាំងបានចោទប្រកាន់ថា កម្ពុជាបានប្រើអាវុធាធុនធ្ងន់ទៅលើថៃ ទាំងដែលកម្ពុជាជាប្រទេសតូច មិនរហូតដល់មាន ឬប្រើយន្តហោះចម្បាំងទៅតទល់នឹងថៃវិញ គឺគ្រាន់តែប្រើប្រាស់សិទ្ធិក្នុងការការពារខ្លួនតែប៉ុណ្ណោះ។
ទី៤៖ នៅថ្ងៃទី២៨ ខែកក្កដា ២០២៥ ក្រោយពីមានការផ្តួចផ្តើមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងមានការសម្របសម្រួលដោយនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Anwar Ibrahim ឲ្យមានបទឈប់បាញ់ ដែលបានចូលជាធរមាននៅម៉ោង ២៤:០០ នាទី រួចមក យោធាថៃបានប្រើលិ្បចចូលមកចាប់ដៃស្វាគមន៏យោធាកម្ពុជា ដោយបង្កប់នូវចេតនាអាក្រក់ដោយបង្វែរការស្វាគមន៏ទៅជាការចាប់ខ្លួនយោធាកម្ពុជាចំនួន២១នាក់នៅក្នុងទឹកដីកម្ពុជា ដោយរំលោភលើបទឈប់បាញ់យ៉ាងច្បាស់ក្រឡែត ដោយមិនកោតក្រែងចំពោះការឃ្លាំមើលពីសំណាក់ប្រទេសពាក់ព័ន្ធក្នុងកិច្ចព្រមព្រៀង រួមមានបណ្តាប្រទេសសមាជិកអាស៊ាន ជាពិសេសប្រទេសមហាអំណាចសហរដ្ឋអាមេរិក និងប្រទេសចិននោះឡើយ។
ទី៥៖ នៅថ្ងៃទី១ ខែសីហា ២០២៥ យោធាថៃបានប្រគល់យោធាកម្ពុជា២រូប ដែលខ្លួនបានចាប់យកទៅក្នុងចំណោម២១រូប ប្រគល់មកឲ្យកម្ពុជាវិញដោយស្ទាក់ស្ទើរនិងក្រោមសម្ពាធពីអន្តរជាតិនិងក្រោមការឃ្លាំមើលយ៉ាងដិតដល់ពីអ្នកអង្កេតការណ៏ដែលពាក់ព័ន្ធជាច្រើន។ តែគួរឲ្យសោកស្តាយ គួរឲ្យអាណិតអាសូរ និងរន្ធត់ជាក្រៃលែង ពីសំណាក់អន្តរជាតិ និងប្រជាពលរដ្ឋកម្ពុជាទាំងមូល ព្រោះតែជនរងគ្រោះទាំង២រូបដែលបានដោះលែងបានស្ថិតនៅក្នុងសភាពរងរបួសយ៉ាងធ្ងន់ធ្ងរ និងមានសតិមិនប្រក្រតី។ ពួកគាត់ទាំងពីររូប មានសភាពភ័យខ្លាច និងថែមទាំងមិនអាចដើរដោយខ្លួនឯងបាន ដែលប្រឈមដល់ការបាត់បង់ជីវិតនៅពេលណាមួយ ដោយការសង្ស័យថាបានរងនូវការធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរពីយោធាល្មោភសង្គ្រាមថៃ។
ទាំងអស់នេះស្តែងឲ្យឃើញយ៉ាងច្បាស់ថា ថៃជារដ្ឋក្រឡិចក្រឡុចបំផុតនៅក្នុងលោក។ ជាតិសាសន៍ថៃធ្វើឲ្យពិភពលោកមានការកត់សម្គាល់ និងគេត្រូវបង្កើនការប្រុងប្រយ័ត្ន បន្ទាប់ពីបានឃើញនូវទង្វើនិងចរិកដ៏ពិសពុលរបស់ថៃក្នុងការប្រព្រឹត្តមកលើកម្ពុជាដែលជាប្រទេសប្រកាន់ភ្ជាប់នូវភាពស្មោះត្រង់ និងគោរពទៅតាមច្បាប់អន្តរជាតិ។
ជាសក្ខីភាពបញ្ជាក់កាន់តែច្បាស់ថែមទៀតនោះ គឺកម្ពុជាបានប្រកាន់យ៉ាងខ្ចប់ខ្ជួននូវបទឈប់បាញ់ ដោយបានបង្កើតឡើងនូវក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកអង្កេតការណ៏ ដើម្បីត្រួតពិនិត្យបទឈប់បាញ់គ្នានេះ ក្នុងគោលបំណងសម្របសម្រួលនិងផ្តល់លក្ខណៈងាយស្រួលដល់ការបំពេញភារកិច្ចរបស់ក្រុមអ្នកអង្កេតការណ៏ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ីមកផ្ទៀងផ្ទាត់និងធានាការអនុវត្តបទឈប់បាញ់ឲ្យមានប្រសិទ្ធិភាពស្របទៅតាមកិច្ចព្រមព្រៀង។
ជាចុងបញ្ចប់ក្នុងនាមរាជរដ្ឋាភិបាលក៏ដូចជាប្រជាជនកម្ពុជានិងសហគមន៏អន្តរជាតិទាំងមូលសូមថ្កោលទោសប្រទេសថៃយ៉ាងដាច់អហង្ការ ដោយកម្ពុជាបន្តអំពាវនាវឲ្យភាគីថៃបញ្ចូកងកម្លាំងកម្ពុជាចំនួន១៨រូបទៀត ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃ មកកម្ពុជាឲ្យបានឆាប់រហ័ស ដោយសុវត្ថិភាពនិងដោយគ្មានលក្ខខណ្ឌ៕
ដោយ៖ ពិន វិជ័យ (អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ)