កម្ពុជាប្រកាសទាត់ចោលទាំងស្រុង នូវកាចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃ ដែលថាកម្ពុជាបានដាក់មីនថ្មី និងរក្សាទុកគ្រាប់មីន

(ភ្នំពេញ)៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីនកម្ពុជា នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ បានប្រកាសទាត់ចោលទាំងស្រុងនូវកាចោទប្រកាន់របស់ថៃ ដែលថាកម្ពុជាបានដាក់មីនថ្មី និងស្តុកទុកមីន ដែលការចោទប្រកាន់របស់ថៃនេះ គឺជាការលើកឡើងដោយគ្មានមូលដ្ឋាន និងមានចរិកជាលក្ខណៈនយោបាយ។
លោកបណ្ឌិត លី ធុជ លើកឡើងបែបនេះ ធ្វើឡើងសន្និសីទសារព័ត៌មានស្តីពី ការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃ មកលើកម្ពុជាអំពីការដាក់មីនថ្មី និងជំហរកម្ពុជាក្នុងនាមជា រដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ដែលរៀបចំឡើង ដោយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន នៅទីស្នាក់ការអាជ្ញាធរមីន នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ។
លោកមានប្រសាសន៍ថា ក្នុងនាមជាប្រជាជាតិមួយ ដែលរងគ្រោះដោយសារមីន ហើយបានចាត់ទុកមីន គឺជាសត្រូវរបស់ជាតិ និងប្រជាជនខ្មែរ កម្ពុជាសូមទាត់ចោលការចោទប្រកាន់របស់ថៃទាំងស្រុង។
លោកបណ្ឌិត លី ធុជ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ទាត់ចោលទាំងស្រុងនូវការលើកឡើងដែលថា កម្ពុជាប្រើមីនថ្មី។ កម្ពុជាមានមីនគ្រប់គ្រាន់ហើយនៅលើទឹកដីរបស់ខ្លួន មិនត្រូវការមីនថ្មីណាមួយទៀតទេ ដើម្បីមកសម្លាប់ប្រជាពលរដ្ឋ បង្កការលំបាកដល់ប្រជាជនរបស់ខ្លួនទេ។ មីន គឺជាសត្រូវរបស់យើង និងប្រជាជនខ្មែរ ដែលគេស្អប់ខ្ពើម។ នៅលើពិភពលោក កម្ពុជាគឺជាប្រទេសនាំមុនគេ ដែលបានទទួលស្គាល់ថា ជាប្រទេសដែលបានប្រយុទ្ធប្រឆាំងនឹងមីន និងបានចូលរួមជាមួយប្រទេសដទៃទៀត ក្នុងការទប់ស្កាត់ការប្រើប្រាស់មីន»។
លោកបណ្ឌិត លី ធុជ បានគូសបញ្ជាក់បន្ថែមថា តំបន់ដែលទាហានថៃរងគ្រោះដោយសារដើរជាន់មីន គឺជាតំបន់ដែលកម្ពុជាបានចាត់ទុកជាតំបន់អតីតសមរភូមិ ពីជំនាន់សង្រ្គាមស៊ីវិលផ្ទៃក្នុងរបស់កម្ពុជា ដោយកាលនោះបណ្តាក្រុមប្រដាប់អាវុធឈរជើងនៅតំបន់នោះ បានដាក់មីនយ៉ាងច្រើន។ ហើយវត្តមានគ្រាប់មីនដ៏ច្រើននេះ បានបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលកម្ពុជា ហើយអ្នកណាក៏ដោយដែលមកតំបន់នេះ ក៏នឹងត្រូវរងគ្រោះថ្នាក់ដូច្នេះ។
លោកសម្តែងការសោកស្តាយ ដែលថៃបានយកបញ្ហាមីន មកបង្កឱ្យមានការឈ្លានពានប្រដាប់អាវុធមកលើកម្ពុជា បំពានមកលើធិបតេយ្យកម្ពុជា ដែលជាប្រទេសភូមិផងរបងជាប់គ្នា កាន់ព្រះពុទ្ធសាសនាដូចគ្នា ព្រមទាំងមានរបររកស៊ី និងរាប់អានគ្នា។
លោកបានលើកឡើងថា នៅតាមព្រំដែន គឺជាតំបន់នៅសេសសល់មីន ដែលកម្ពុជាត្រូវបន្តបោសសម្អាតមីនបន្ថែមទៀត ខណៈកន្លងមក អាជ្ញាធរមីនបានសហការជាមួយស៊ីម៉ាក់ អនុវត្តគម្រោងបោសសម្អាតមីន ដែលមានការគាំទ្រពីប្រទេសអូស្រ្តាលី ញូវហ្សេលែន កូរ៉េ និងអង្គការ UNDP ចូលរួមលើកនូវផ្លាកសញ្ញា ហាមឃាត់ ព្រោះជាតំបន់មានមីនច្រើន និងគ្រោះថ្នាក់ ជាច្រើនឆ្នាំមកហើយ ដើម្បីឱ្យប្រជាពលប្រុងប្រយ័ត្ន និងកុំដើរចូលក្នុងតំបន់នេះ។
សូមជម្រាបថា ក្នុងរយៈពេល៣៣ឆ្នាំមកនេះមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានរកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្សចំនួន ១ ២០៣ ៦២៣គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ២៦ ៦៩២គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៣ ២២២ ៥៤៩គ្រាប់។
ដោយឡែកនៅក្នុងឆ្នាំ២០២៥ គិតត្រឹមខែកក្កដា ផ្ទៃដីចំនួន ១៤១គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតរួច ក្នុងនោះបានរកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្សចំនួន ៦ ៤០៥គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ១២៥គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២៥ ៨៤៥គ្រាប់។ ចំនួនជនរងគ្រោះបានថយចុះពី ៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៤៩នាក់ ក្នុងឆ្នាំ២០២៤៕