រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៖ នយោបាយផ្ទៃក្នុងថៃច្របូកច្របល់ តែមេដឹកនាំថៃគួរមានចរិតចាស់ទុំ ថ្លៃថ្នូរ និងចេះរៀនសូត្រពីភាពលេចធ្លោរបស់មេដឹកនាំខ្មែរ!

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជាតាមរយៈបណ្តាញសង្គមនៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានបង្ហោះផ្សាយខ្លឹមសារដូចតទៅ៖
វាជារឿងហួសចិត្ត និងមិននឹកស្មានថា មេដឹកនាំថៃ ហាមាត់ទៅរួច«ករណីចាប់ខ្លួនសម្ដេចតេជោនិងសម្ដេចធិបតី ប្រសិនរកឃើញនៅក្នុងប្រទេសថៃ»។ បើមិនយល់ទិដ្ឋភាពច្បាប់អន្តរជាតិ ក៏ត្រូវឈ្វែងយល់អំពីការទូតក្នុងទំនាក់ទំនងអន្តរជាតិដែរ។ ឬមួយមិនយល់ទាំងពីរនេះ? បើមែននោះ មេដឹកនាំបែបនេះនឹងនាំថៃដើរថយក្រោយលក់មុខយុវជន ប្រជាជន និងបញ្ញវន្តថៃទាំងមូលឱ្យរងភាពអាម៉ាសហើយ។ បើមេដឹកនាំបែបនេះ វាមិនស្មើនឹងយុវជន ប្រជាជនភាគច្រើនដែលគេយល់ច្បាប់ និងការទូតរវាងរដ្ឋនិងរដ្ឋដែរ ជាពិសេសអ្នកនយោបាយបន្តវេនថៃបច្ចុប្បន្ន ដែលគេមានចំណេះដឹងគ្រប់គ្រាន់អាចធ្វើមូលវិចារណ៍សម្ដីនេះបាន។ តែយ៉ាងណា ខ្ញុំមិនចូលជ្រៅកិច្ចការផ្ទៃក្នុងថៃទេ ទុកជូនយុវជន ប្រជាជន និងបញ្ញវន្តថៃចុះ!
ទោះជាសម្ដីនេះ ដើម្បីតែយកចិត្តយោធា យកចិត្តមនុស្សថៃមួយចំនួនណានោះ ឬគ្រាន់តែជាសារនយោបាយបង្វែរទំនាស់ផ្ទៃក្នុងរបស់ខ្លួនក៏ដោយ ក៏គួររកវិធីផ្សេងក្រៅពីកំហុសជាន់លើកំហុសបែបនេះក្នុងនាមជាថ្នាក់ដឹកនាំប្រទេសមួយ។ ប៉ុន្តែបើសិនជាចិញ្ចឹមចិត្តចង់បានដីខ្មែរតជំនាន់ គឺមេដឹកនាំថៃ ប្រជាជនថៃមួយអន្លើណានោះ បច្ចុប្បន្នគួរតែហ៊ានទទួលស្គាល់ពីភាពចាស់ទុំ របៀបធ្វើនយោបាយដ៏ឈ្លាសវៃរបស់មេដឹកនាំខ្មែរ និងសិក្សាឱ្យច្បាស់ពីមេដឹកនាំកម្ពុជាជាមុនដែលលោកពោរពេញដោយនយោបាយសីលធម៌ វិន័យការទូត និងច្បាប់អន្តរជាតិ មានក្លិនក្រអូបក្នុងតំបន់និងឆាកអន្តរជាតិ។ ទោះមិនបង្ហាញដោយចំហ អ្នកនយោបាយថៃបច្ចុប្បន្នមួយចំនួននោះក៏គួរឆ្លាតចេះលួចសង្កេត លួចស្វ័យពិចារណា រៀនសូត្រពីបទពិសោធន៍ជាក់ស្ដែង និងឥរិយាបថនយោបាយដ៏លេចធ្លោជាពិសេសពីសម្ដេចតេជោ ហ៊ុន សែន និងភាពជាអ្នកបន្តវេនប្រកបដោយទំនុកចិត្តសម្រាប់ជាតិ និងប្រជាជនខ្មែររបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។
មែនទែនទៅ យុវជន ប្រជាជន អ្នកវិភាគ និងអ្នកនយោបាយថៃ បានចេញសារតាមបណ្ដាញសង្គមរួចទៅហើយ ទទួលស្គាល់សមត្ថភាពសម្ដេចតេជោ ថ្នាក់ដឹកនាំកម្ពុជា និងកម្ពុជាទាំងមូលថាខ្លាំងដើរមុនថៃ និងមានពិសោធន៍ឆ្លាតជាងអ្នកនយោបាយថៃ ដែលសុំរំលេចតែលោក ស៊ិនធិ លឹមថងគុល ជាអ្នកនយោបាយស្និទ្ធនឹងលោក ថាក់ស៊ីន ចាកចេញពីគណបក្សភើថៃទៅរួមជីវភាពនយោបាយជាមួយក្រុមអាវលឿងម្នាក់ទៅចុះ ដែលថ្មីៗនេះ បានផ្ដល់បទសម្ភាសតាមទូរទស្សន៍ថៃ វាយតម្លៃខ្ពស់លើសម្ដេចតេជោ និងដាក់ពិន្ទុទាបលើលោក ថាក់ស៊ីន។
សួរត្រឡប់ទៅវិញ ក្រៅពីប្រជាជនខ្មែរ គឺមានតែអ្នកនយោបាយមួយក្ដាប់តូចដែលកំពុងដឹកនាំប្រទេសថៃ តាមវិធីក្បត់សំឡេងម្ចាស់ឆ្នោត និងប្រជាជនថៃជ្រុលនិយមដ៏រញ៉េរញ៉ៃដូចសព្វថ្ងៃនេះឬ ដែលស្គាល់សម្ដេចតេជោ និង សម្ដេចធិបតី? ចុះមេដឹកនាំប្រទេស និងប្រជាជនក្នុងតំបន់ ក៏ដូចជាលើពិភពលោកដ៏ធំទូលាយនេះ គេមិនស្គាល់សម្ដេចតេជោ គេមិនស្គាល់សម្ដេចធិបតីទេឬយ៉ាងម៉េច? ច្បាស់ណាស់! មជ្ឈដ្ឋានអន្តរជាតិជាទូទៅ គេគ្មានវាសនាអាក្រក់ដូចអ្នកនយោបាយ និងប្រជាជនជ្រុលនិយមថៃដែលបណ្ដោយខ្លួនឱ្យក្លាយជាកង្កែបក្នុងអណ្ដូងនោះឡើយ។
តើជាការសុខចិត្តទទូរស្បែកសត្វសុនខដើរកាត់ភូមិក្រោមក្រសែភ្នែកសហគមន៍អន្តរជាតិដើម្បីបំប៉ោងខ្លួនបំភាន់ប្រជាជនឯងឬយ៉ាងណា? ទើបបានជាម្ដងហើយម្ដងទៀត មេដឹកនាំនយោបាយថៃមិនថាផ្លូវការ ឬស្ដីទី រួមទាំងមេយោធាងប់សង្គ្រាមផងនោះ បានដើរនិយាយប្រើភាសាយកជាការពុំបាន និងថែមទាំងជ្រុលហួសលើសកម្រិតភាសាការទូត ហួសព្រំដែននៃបញ្ហា ហួសពីច្បាប់និងនិយាមអន្តរជាតិ រាល់ពេលពួកគេ អត្ថាធិប្បាយប្រធានបទពាក់ព័ន្ធនឹងប្រទេសកម្ពុជា។
ជាក់ស្ដែងណាស់ សម្ដេចតេជោ ហ៊ុន សែន ក៏មិនខុសពីជនរួមជាតិខ្មែរទូទាំងប្រទេសដែរ។ សម្ដេច បានបង្ហាញការហួសចិត្តចំពោះនាយករដ្ឋមន្ត្រីស្ដីទីថៃ ដែលបាននិយាយប្រាប់ក្រុមអ្នកកាសែតអំពីកិច្ចខិតខំប្រឹងប្រែងដ៏វង្វេងវង្វាន់របស់ខ្លួនដើម្បីប្រើវិធានការច្បាប់មកលើសម្ដេចតេជោ និងសម្ដេចធិបតី។ តាមរយៈទំព័រហ្វេសប៊ុកសម្ដេចតេជោ បានសរសេរបញ្ជាក់ថា ប្រសិនបើការចុះផ្សាយរបស់កាសែត ជាសំដីពិតរបស់នាយករដ្ឋមន្ត្រីស្តីទី ជិតផុតអាណត្តិនោះ វាជាការបង្ហាញឱ្យឃើញថា នាយករដ្ឋមន្ត្រីបណ្ដោះអាសន្នរូបនេះជា”មនុស្សព្រៃ ជាអ្នកនយោបាយមិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់ ហើយថែមទាំងមិនចេះការទូតទៀតផង”។
តើនាយករដ្ឋមន្ត្រីស្ដីទីថៃរូបនោះ យកមុខទៅទុកឯណា? តើប្រជាជនថៃជ្រុលនិយម ដែលគាំទ្រសម្ដីមេដឹកនាំឡើងបុណ្យតាមខ្យល់គ្មានទិសរូបនេះយកមុខទៅទុកឯណា? បើយុវជន ប្រជាជន បញ្ញវន្តថៃផ្សេងទៀត ដែលមានការយល់ដឹង និងថ្លៃថ្នូរ យកខ្លឹមសារបង្ហោះរបស់សម្ដេចតេជោ ទៅចោទសួរ? គឺខ្លឹមសារដែលសម្ដេច លោកបានសរសេរឆ្លើយតបងាយៗថា”ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជា ក៏អាចចាប់មេដឹកនាំថៃមួយចំនួនដែលបានឈ្លានពាននិងសម្លាប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ។ ច្បាប់ទម្លាប់ត្រូវបានបំផ្លាញដោយពួកឈ្លានពាន។ តើនេះជាគោលបំណងដើម្បីបង្កើតជំនឿទុកចិត្ត និងឈានទៅរកទំនាក់ទំនងល្អ ឬបំផ្លាញដើម្បីបង្កើតជម្លោះឡើងវិញក្រោយកិច្ចព្រមព្រៀងឈប់បាញ់?”។ នេះមិនទាន់គិតពីការកើតអារម្មណ៍ជ្រេញ និងការសើចចំអកពីសំណាក់មេដឹកនាំក្នុងតំបន់និងពិភពលោកចំពោះសម្ដី និងឥរិយាបថចម្លែកៗបែបមិនថ្លៃថ្នូររបស់មេដឹកនាំថៃនោះផង។
ជាថ្មីម្ដងទៀត! ខ្ញុំនៅតែផ្ដល់តម្លៃខ្ពស់ចំពោះពាក្យមួយឃ្លាថា”ខ្មែរក្រជាងថៃតែខ្មែរថ្លៃថ្នូរជាងថៃ!” ខ្ញុំក៏សូមយកឱកាសបញ្ជាក់ក្នុងនាមជាកូនខ្មែរ គឺរូបខ្ញុំក៏មិនខុសពីប្រជាជនកម្ពុជា ក្មេងចាស់ ប្រុសស្រី ទាំងក្នុង និងក្រៅប្រទេសផ្សេងទៀតដែរ ពួកយើងមានស្មារតីរួបរួមសាមគ្គីក្នុងនាមជាខ្មែរយ៉ាងរឹងមាំល្អណាស់! ពួកយើង បាននិងកំពុងគោរពនិងអនុវត្តគោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាល គោលនយោបាយរបស់គណបក្សយ៉ាងម៉ឹងម៉ាត់ និងប្រកបដោយវិន័យខ្ពស់! ពោលគឺពួកយើង គ្មានថ្ងៃឱ្យស្មារតីជាតិ និងក៏គ្មានថ្ងៃបណ្ដែតបណ្ដោយឱ្យការដឹកនាំរបស់រាជរដ្ឋាភិបាលនិងគណបក្សរបស់យើងមានភាពរញ៉េរញ៉ៃនាំឱ្យអាប់ឱនដល់កិត្តិយសជាតិ យុវជន ប្រជាជន និងបញ្ញវន្តកម្ពុជាដូចថៃ នោះឡើយ។
ពួកយើងជាកូនចៅជំនាន់ក្រោយ របស់ដូនតាអ្នកសាងអង្គរ! ពួកយើងជាអ្នកជំនាន់ក្រោយនៃដូនតាដែលកកើតលើដែនដីសុវណ្ណភូមិ! ពួកយើងជាអ្នកជំនាន់ក្រោយរបស់មេដឹកនាំដែលរំដោះនិងកសាងជាតិពីបាតដៃទទេ រហូតឈរប្រកបដោយកិត្តិយសលើឆាកអន្តរជាតិ! ពួកយើងគោរពគាំទ្រសម្ដេចតេជោ អគ្គមគ្គុទេសក៏នយោបាយឈ្នះ-ឈ្នះកម្ពុជា! សម្ដេចធិបតី អគ្គប្រតិបត្តិករនយោបាយកម្ពុជា!៕