Khmer First Close

រដ្ឋមន្ត្រីការបរទេសកម្ពុជា-វៀតណាម បានបញ្ជាក់ឡើងវិញពីមិត្តភាពជាប្រពៃណីដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសជិតខាងទាំងពីរ

ដោយ៖ សម្បត្តិ កិត្យា ​​ | ម្សិលមិញ ម៉ោង 9:27 am ព័ត៌មានជាតិ 154
រដ្ឋមន្ត្រីការបរទេសកម្ពុជា-វៀតណាម បានបញ្ជាក់ឡើងវិញពីមិត្តភាពជាប្រពៃណីដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសជិតខាងទាំងពីរ រដ្ឋមន្ត្រីការបរទេសកម្ពុជា-វៀតណាម បានបញ្ជាក់ឡើងវិញពីមិត្តភាពជាប្រពៃណីដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសជិតខាងទាំងពីរ

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្លាស់ប្តូរទស្សនៈជាមួយឯកឧត្ដម ឡេ ហ័យជុង រដ្ឋមន្ត្រីការបរទេសស្ដីទី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងអំឡុងពេលជួបសម្តែងការគួរសមតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នេះ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអបអរសាទរយ៉ាងកក់ក្ដៅដល់ឯកឧត្តម ឡេ ហ័យជុង ដែលទទួលបានការតែងតាំងជារដ្ឋមន្ត្រីការបរទេសស្តីទី និងជាលេខា នៃគណៈកម្មាធិការបក្សក្រសួងការបរទេសវៀតណាម។

រដ្ឋមន្ត្រីការបរទេសទាំងពីរបានរំលឹកដល់ដំណើរទស្សនកិច្ចថ្មីៗរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅវៀតណាម កាលពីថ្ងៃទី១–២ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីចូលរួមការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ ខែសីហា និងទិវាបុណ្យជាតិវៀតណាម ក៏ដូចជាកិច្ចប្រជុំប្រកបដោយផ្លែផ្កា ជាមួយឯកឧត្តមអគ្គលេខាធិការបក្ស តូ ឡឹម ឯកឧត្តមនាយករដ្ឋមន្ត្រី ផាម មិញជិញ និងឯកឧត្តម ប្រធាន រដ្ឋសភា ជិន ថាញ់មិន។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងអំពីការផ្លាស់ប្ដូរពាណិជ្ជកម្មទ្វេភាគី ដែលកំពុងកើនឡើង និងមានតុល្យភាព ព្រមទាំងបានជំរុញឱ្យពង្រឹង និងធ្វើពិពិធកម្មកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែមទៀត។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានបញ្ជាក់ឡើងវិញពីមិត្តភាពជាប្រពៃណីដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសជិតខាងទាំងពីរ ដោយបង្ហាញពនូវការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ និងក្នុងការរក្សាការសម្របសម្រួលជិតស្និទ្ធនៅក្នុងក្របខ័ណ្ឌអាស៊ាន និងវេទិកាអន្តរជាតិផ្សេងៗទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្ដម ឡេ ហើយជុង ក៏បានទន្ទឹងរង់ចាំនូវការចូលរួមបន្ថែមទៀត រួមទាំងការរៀបចំកិច្ចប្រជុំលើកទី២១ របស់គណៈកម្មាធិការចម្រុះកម្ពុជាវៀតណាម នៅពេល ខាងមុខនេះ ផងដែរ។

រដ្ឋមន្ត្រីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាសន្តិសុខក្នុងតំបន់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនសមភាគីវៀតណាម អំពីការវិវត្តជាវិជ្ជមានថ្មីៗ ទាក់ទិននឹងការកាត់បន្ថយភាពតានតឹង នៃជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសលទ្ធផលវិជ្ជមាន នៃកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នៅខេត្តកោះកុង ប្រទេសកម្ពុជា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណចំពោះការគាំទ្ររបស់វៀតណាមដល់កិច្ចព្រមព្រៀងឈប់បាញ់ រវាងកម្ពុជា–ថៃ និងការរួមចំណែករបស់វៀតណាម ក្នុងក្រុមអ្នកសង្កេតការណ៍អន្តរកាល ផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស

អត្ថបទទាក់ទង