Khmer First Close

សំឡេងប្រជាជនកម្ពុជា៖ មិនអាចព្រងើយកន្តើយបានទៀតទេ ចំពោះអំពើហិង្សា ទាំងកំរោលនិងឃោរឃៅរបស់កងកម្លាំងប្រដាប់វុធថៃមកលើជនស៊ីវិលកម្ពុជា

ដោយ៖ សម្បត្តិ កិត្យា ​​ | 3 ម៉ោងមុន ទស្សនៈ - នយោបាយ 158
សំឡេងប្រជាជនកម្ពុជា៖ មិនអាចព្រងើយកន្តើយបានទៀតទេ ចំពោះអំពើហិង្សា ទាំងកំរោលនិងឃោរឃៅរបស់កងកម្លាំងប្រដាប់វុធថៃមកលើជនស៊ីវិលកម្ពុជា សំឡេងប្រជាជនកម្ពុជា៖ មិនអាចព្រងើយកន្តើយបានទៀតទេ ចំពោះអំពើហិង្សា ទាំងកំរោលនិងឃោរឃៅរបស់កងកម្លាំងប្រដាប់វុធថៃមកលើជនស៊ីវិលកម្ពុជា

ជាថ្មីម្តងទៀត ការប៉ះទង្គិចគ្នារវាងកងកម្លាំងប្រដាប់អាវុធថៃ មកលើជនស៊ីវិលកម្ពុជា បានបង្កឱ្យពលរដ្ឋកម្ពុជារងរបួសយ៉ាងហោចណាស់ជិត៣០នាក់ កាលពីថ្ងៃទី១៧ កញ្ញា ២០២៥។ ករណីហិង្សានេះបានកើតឡើងជាច្រើនដងមកហើយ ប៉ុន្តែស្ថានភាពថ្មីនេះគឺធ្ងន់ធ្ងរជាងពេលមុនៗ នៃការប៉ះទង្គិចរវាងកងកម្លាំងថៃលើជនស៊ីវិលកម្ពុជា។ ដើមហេតុដែលបង្កឱ្យកើតមាននូវស្ថានការណ៍ដ៏អាក្រក់នេះ គឺបណ្តាលមកពីការព្យាយាមធ្វើសកម្មភាពម្តងហើយម្តងទៀត របស់យោធាថៃ ក្នុងការរាយបន្លាលួស ព័ទ្ធយកដីធ្លីអ្នកភូមិកម្ពុជា។ បញ្ហានេះបានកើតឡើងនៅតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់ ស្ថិតក្នុងឃុំអូបីជាន់ ក្នុងស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងទឹកដីកម្ពុជា ជាទីតាំងដែលពលរដ្ឋស្លូតត្រង់កម្ពុជាជាច្រើនគ្រួសារ ត្រូវបានបណ្តេញចេញពីផ្ទះសម្បែងយ៉ាងអាណោចអាធ័មបំផុត។
ថៃកំពុងតែប្រើប្រាស់ច្បាប់របស់ថៃលើទឹកដីកម្ពុជា ក្នុងមហិច្ឆតាព័ទ្ធយកភូមិឋានពលរដ្ឋស៊ីវិល គម្រាមបណ្តេញចេញ និងប្រើអំពើហិង្សាយ៉ាងកំរោល ប្រដាប់ដោយអាវុធបង្ក្រាបកុប្បកម្មគ្រប់ប្រភេទ បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ បណ្តាលឱ្យពលរដ្ឋខ្មែរ កងកម្លាំង និងព្រះសង្ឃរងរបួសធ្ងន់ស្រាលជាបន្តបន្ទាប់ ដែលទង្វើទាំងនេះនឹងត្រូវប្រឈមមុខនឹងការថ្កោលទោសជាអន្តរជាតិ។

ជាក់ស្តែងពលរដ្ឋកម្ពុជាដែលចូលទៅតទល់ ហាមឃាត់សកម្មភាពរបស់កងកម្លាំងថៃដែលប្រដាប់ដោយអាវុធជាច្រើនប្រភេទ គឺជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះផ្ទាល់តែម្តង។ ពួកគាត់មានទាំងផ្ទះ និងស្រែចំការដំណាំ ដែលបានអាស្រ័យផលរាប់សិបឆ្នាំមកហើយ។ កន្លងមកអាជ្ញាធរកម្ពុជា មិនបានចាត់វិធានការតឹងរ៉ឹងណាមួយជាមួយកងកម្លាំងថៃ ដែលចូលមកធ្វើសកម្មភាពទាំងនោះទេ ពីព្រោះតែរាជរដ្ឋាភិបាលកម្ពុជា បានគោរពយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និងមិនចង់បង្កជាបញ្ហាណាមួយជាមួយភាគីថៃឡើយ បន្ទាប់ពីការផ្ទុះអាវុធទ្រង់ទ្រាយធំរយៈពេល៥ថ្ងៃ នៅតាមព្រំដែនរួចមក។ ប៉ុន្តែភាគីកម្ពុជាកាន់តែអត់ធ្មត់ ភាគីថៃកាន់តែគឃ្លើន និងសាហាវឡើងៗ ដែលធ្វើឱ្យពលរដ្ឋស៊ីវិលកម្ពុជា មិនអាចទ្រាំតទៅទៀតបាន។ មកដល់ពេលនេះគេឃើញកងកម្លាំងកម្ពុជាតិចតួច ដែលឈរជើងនៅតំបន់នោះដោយដៃទទេរ មិនមែនជាអ្នកដែលចេញមុខតតាំងដោយផ្ទាល់ជាមួយកងកម្លាំងថៃដែលមានអាវុធគ្រប់ដៃ និងគ្រប់ប្រភេទនោះទេ ផ្ទុយទៅវិញកងកម្លាំងកម្ពុជាទាំងនោះ បានត្រឹមចូលទៅឃាត់រារាំងអំពើហិង្សា និងចូលទៅជួយសម្របសម្រួលដល់ជនស៊ីវិលរបស់ខ្លួនប៉ុណ្ណោះ។

បើក្រឡេកមកមើលការអនុវត្តបទឈប់បាញ់រវាងប្រទេសទាំងពីរកម្ពុជា-ថៃវិញ ដែលចូលជាធរមានកាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ធ្វើឡើងនៅប្រទេសម៉ាឡេស៊ី គេអាចមើលឃើញយ៉ាងច្បាស់ថា វាមិនមានភាពស្មើគ្នាទេរវាងភាគីទាំងពីរ។ ពោលគឺថៃបន្តហិង្សា ចល័តទ័ព រាយបន្លាលួសព័ទ្ធចូលទឹកដីកម្ពុជារាល់ថ្ងៃ ខណៈដែលកម្ពុជាអនុវត្តបទឈប់បាញ់យ៉ាងតឹងរ៉ឺងតែម្ខាង ខណៈថៃគឺជាអ្នករំលោភបំពានបទឈប់បាញ់ និងមិនឱ្យតំលៃបទឈប់បាញ់បន្តិចទាល់តែសោះ។ ដូច្នេះដល់ពេលហើយ ដែលពិភពលោក ត្រូវតែចេញថ្កោលទេសប្រទេសថៃ ព្រោះតែទង្វើបំពានបទឈប់បាញ់យ៉ាងច្បាស់ក្រឡែត បើទោះបីជាដឹងហើយថា បទឈប់បាញ់នោះ មានការចូលរួមពីប្រទេសមហាអំណាចដូចជា អាមេរិក និងចិន ព្រមទាំងសម្របសម្រួលដោយប្រទេសម៉ាឡេស៊ីជាប្រធានអាស៊ានក៏ដោយ។ ប្រសិនបើពិភពលោកមិនអើពើហើយបណ្តោយឱ្យថៃធ្វើអ្វីតាមតែអំពើចិត្ត នោះប្រទេសថៃនឹងតាំងខ្លួនជាមហាអំណាចនៅអាស៊ាន ហើយដើរវាតទីនិយម ឈ្លានពានប្រទេសជិតខាង ដោយប្រើអំណាចយោធាយ៉ាងកំរោលគ្មានច្បាប់ទំលាប់មិនខាន។ បើប្រទេសនានានៅតែព្រងើយកន្តើយចំពោះអំពើហិង្សា ដ៏យ៉ង់ឃ្នង លើជនស៊ីវិលដែលថៃកំពុងតែប្រព្រឹត្ត ថៃនឹងក្លាយជាបងធំដ៏គួរឱ្យគ្រោះថ្នាក់បំផុតនៅអាស៊ានមិនខាន។ វាដល់ពេលហើយដែលថៃត្រូវទទួលមេរៀនពីអន្តរជាតិ។ ប្រទេសដែលប្រើប្រាស់មហិច្ចតាឈ្លានពានប្រទេសជិតខាង តាមទំនើងតាមចិត្តដូចជាថៃ ត្រូវតែទទួលបានថ្នាំខ្លាំងពីអន្តរជាតិ ដើម្បីធានាបាននូវយុត្តិធម៌ និងសណ្តាប់ធ្នាប់ពិភពលោកនិងក្នុងតំបន់អាស៊ានផងដែរ។

កម្ពុជាមិនគួរក្លាយទៅជាជនរងគ្រោះយ៉ាងអយុត្តិធម៌ ដោយអំពើឈ្លានពានរបស់ថៃ ខណៈដែលកម្ពុជាបានប្រកាន់ខ្ជាប់ និងគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ក្នុងបំណងប្រាថ្នា មិនចង់ឃើញសង្គ្រាមទ្រង់ទ្រាយធំកើតឡើងជាថ្មីម្តងទៀត ដែលនឹងនាំមហន្តរាយដល់ប្រទេសជាតិ និងប្រជាជននៃប្រទេសទាំងពីរ។ ប៉ុន្តែកម្ពុជាក៏នឹងពិបាកទ្រាំអត់ធ្មត់ ប្រៀបបានការប្រកួតលើសង្វៀនឱ្យគេចងដៃចងជើង វាយធ្វើបាបដោយអំពើសាហាវ យង់ឃ្នងតាមតែអំពើចិត្តបានដែរ។ ការរើបម្រាស់ ទប់ទល់ ការពារខ្លួន និងវាយបកគឺជារឿងចាំបាច់និងចៀសមិនផុត ដែលកម្ពុជាចាំបាច់ត្រូវប្រកាន់យកជាមួយនឹងការអំពាវនាវឱ្យសហគមន៍អន្តរជាតិ ជួយគាំទ្រកម្ពុជា និងចូលរួមទប់ស្កាត់សកម្មភាពជ្រុលនិយម គ្មានច្បាប់ទម្លាប់របស់ភាគីថៃផងដែរ៕

ដោយ៖ ខ្លឹម ច័ន្ទ (អ្នកសិក្សាវិទ្យសាស្ត្រនយោបាយ)

អត្ថបទទាក់ទង