កងទ័ពថៃកំពុងធ្វើសង្គ្រាមជាមួយជនស៊ីវិលកម្ពុជានៅភូមិជោគជ័យនិងភូមិព្រៃចាន់របស់កម្ពុជា
ក្នុងពេលថ្មីៗនេះ កងទ័ពថៃបានផ្លាស់ប្តូរពីការប្រើប្រាស់អាវុធប្រឆាំងយោធាកម្ពុជា ទៅជាការបំផ្លាញនិងរំលោភសិទ្ធិជនស៊ីវិលកម្ពុជា នៅភូមិជោគជ័យ និងភូមិព្រៃចាន់។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែបង្ហាញពីការបំពានលើអធិបតេយ្យភាពនៃប្រទេសកម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្តែវាជាការរំលោភផងដែរលើច្បាប់អន្តរជាតិ និងទំនាក់ទំនងមិត្តភាពរវាងប្រជាជាតិនៅក្នុងតំបន់ថែមទៀតផង។
ស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា–ថៃ បាននិងកំពុងក្លាយជាបញ្ហាដ៏ស្មុគស្មាញនិងគួរឲ្យព្រួយបារម្ភបំផុត។ ទោះបីជាកម្ពុជាមានសិទ្ធិអធិបតេយ្យនិងព្រំដែនកំណត់ច្បាស់លាស់ដែលបានគូសវាសដោយអនុសញ្ញានិងសន្ធិសញ្ញាបាររាំងសៀមឆ្នាំ១៩០៤ និង ១៩០៧ យ៉ាងច្បាស់លាស់និងដោយបានតម្កល់ទុកនៅអង្គការសហប្រជាជាតិដោយស្របច្បាប់អន្តរជាតិក៏ដោយ ក៏ពេលនេះកងទ័ពឈ្លានពានថៃត្រូវបានគេមើលឃើញយ៉ាងច្បាស់ថា «ថៃយកច្បាប់ថៃមកអនុវត្តនៅលើទឹកដីកម្ពុជា» និងបានបង្ហាញនូវសកម្មភាពឈ្លានពានទឹកដីកម្ពុជាទាំងកំរោលថែមទាំងរំលោភបំពានដោយហិង្សាលើប្រជាជនស៊ីវិលកម្ពុជាទៀតផង។
ថៃអាចអនុវត្តច្បាប់របស់ខ្លួនបានពេញទីរួមទាំងច្បាប់អាជ្ញាសឹកផងតែនៅក្នុងតំបន់ចូលទៅក្នុងទឹកដីថៃខ្លួងឯងតែប៉ុណ្ណោះ ប៉ុន្តែបើយកច្បាប់ថៃមកអនុវត្តក្នុងទឹកដីដែលកំពុងមានបញ្ហាមិនទាន់ដោះស្រាយគ្នារួចរាល់និងរំលោភចូលក្នុងទឹកដីកម្ពុជា គឺថៃធ្វើទាំងបំពានហើយក្នុងន័យ [ឈ្លានពានកម្ពុជាហើយយកច្បាប់ថៃមកអនុវត្តលើទឹកដីកម្ពុជាថែមទៀត] ចាំបាច់វិធានការទប់ទល់និងការពារអធិបតេយ្យ បូរណភាពទឹកដី កម្ពុជាត្រូវតែប្រឆាំងជាដាច់ខាត។ ទង្វើនេះ គឺថៃមិនអាចលាក់បាំងពិភពលោកបានឡើយ ហើយវារឹតតែអាប់ឱនកេរ្តិ៍ឈ្មោះស្អុយអាសោចលើឆាកអន្តរជាតិ។ អំពើឈ្លានពានវាតទីលើទឹកដីកម្ពុជាដោយកម្លាំងសមត្ថកិច្ចថៃ និងការប្រើហិង្សាយ៉ាងឃោរឃៅនេះ មិនត្រឹមតែជាការរំលោភច្បាប់អន្តរជាតិប៉ុណ្ណោះទេ គឺថែមទាំងបានបង្កើនភាពតានតឹងនិងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ទាំងមូលថែមទៀតផង។
កងទ័ពថៃកំពុងប្រើយុទ្ធសាស្ត្របង្ខំជនស៊ីវិលកម្ពុជាឲ្យចាកចេញពីលំនៅដ្ឋាន និងដីស្រែចំការដែលធ្លាប់រស់នៅនិងអាស្រ័យផល ដែលវិធីសាស្ត្រនេះគឺជាការប្រើអំណាចយោធាដើម្បីបំផ្លិចបំផ្លាញជីវភាពសង្គមនិងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាក្នុងគោលបំណងបង្កើនសម្ពាធមកលើរាជរដ្ឋាភិបាលកម្ពុជាយ៉ាងពិតប្រាកដ។
ព្រឹត្តិការណ៍ហិង្សាថ្មីៗនេះ កងកម្លាំងថៃបានប្រើប្រាស់ប៉ូលីសនិងយោធាដែលប្រដាប់ដោយអាវុធសង្គ្រាម កាំភ្លើងបាញ់គ្រាប់ជ័រ ឧស្ម័នបង្ហូរទឹកភ្នែក ប្រើប្រព័ន្ធរលកសំឡេងខ្លាំងៗបង្កបញ្ហាដល់ខួរក្បាល សុខភាពនិងរាងកាយ និងការរាយលួសបន្លាចូលក្នុងទឹកដីកម្ពុជា បាននាំឲ្យមានការតវ៉ាយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋកម្ពុជារហូតដល់កងទ័ពថៃបានបើកការវាយប្រហារមកលើប្រជាពលរដ្ឋកម្ពុជាដែលរស់នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យយ៉ាងឃោរឃៅនិងបណ្តាលឲ្យមានអ្នកដួលសន្លប់និងរងរបួសប្រមាណ៣០នាក់ រួមទាំងព្រះសង្ឃ និងប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ថែមទៀតផង។ ការវាយប្រហារដែលប្រើគ្រាប់បែកផ្សែង ប្រើប្រាស់ជំពាមកៅស៊ូបាញ់គ្រាប់ឃ្លី និងឧស្ម័នបង្ហូរទឹកភ្នែក បានបង្ហាញយ៉ាងច្បាស់ថា ថៃកំពុងតែប្រើច្បាប់ព្រៃក្នុងការធ្វើបាបនិងបង្ក្រាបលើជនស៊ីវិលកម្ពុជានិងរំលោភសិទ្ធិមនុស្ស និងថែមទាំងជាន់ឈ្លីលើច្បាប់អន្តរជាតិ យ៉ាងធ្ងន់ធ្ងរ និងក៏ជាការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ដែលបានឯកភាពគ្នាកន្លងមកយ៉ាងច្បាស់ក្រឡែត។
អំពើឈ្លានពាននិងការរំលោភទឹកដីកម្ពុជាដោយកងទ័ពឈ្លានពានថៃពេលនេះចំពោះកម្ពុជា គឺភាគីថៃកំពុងមានចេតនារុញច្រានកម្ពុជាឲ្យស្ថិតនៅក្នុងស្ថានភាពគ្មានជម្រើសទោះបីជាកម្ពុជាកំពុងតែមានការអត់ធ្មត់មិនតបតតាមរយៈការប្រឈមមុខដាក់គ្នាដោយអាវុធនិងចាប់យកដំណោះស្រាយតាមផ្លូវនយោបាយ ការទូត ដោយសន្តិវិធីក៏ដោយ។ ទោះយ៉ាងណា កម្ពុជាមិនចង់ប្រើកម្លាំងបង្ហូរឈាមនោះដែរដូច្នេះហើយកម្ពុជាបានស្នើសុំឲ្យមានការគាំទ្រពីភាគីពាក់ព័ន្ធឬអង្គការអន្តរជាតិដើម្បីបង្ខំឲ្យថៃទទួលយកនិងគោរពបទឈប់បាញ់ឲ្យមានប្រសិទ្ធភាពនិងមិនមានការរំលោភបំពានមកលើទឹកដីកម្ពុជាបន្តទៀត។ ក្នុងឥរិយាបថទន់ភ្លន់ តែម៉ឺងម៉ាត់របស់កម្ពុជា ផ្អែកលើគោលការណ៍សន្តិភាព និងគោរពច្បាប់អន្តរជាតិជាចម្បងនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការទប់ស្កាត់កុំឲ្យមានភាពតានតឹងដែលបណ្តាលឲ្យកើតមានសង្គ្រាមជាថ្មីម្តទៀត។
តែទោះជាយ៉ាងណាក៏ដោយ កម្ពុជានៅតែត្រូវដើរទៅមុខទៀតដោយប្រើឧបករណ៍នយោបាយការទូត និងច្បាប់ជាអាទិភាពជានិច្ចដើម្បីបញ្ចប់សង្គ្រាមឲ្យបាន។ ការស្នើសុំឲ្យមានការគាំទ្រពីសហគមន៍អន្តរជាតិចូលរួមទប់ស្កាត់កុំឲ្យមានការបង្ហូរឈាមបន្តទៀត គឺជាភាពចាំបាច់ចំពោះមុខហើយក៏ដើរទន្ទឹមគ្នានឹងការនាំយកករណីព្រំដែនកម្ពុជា-ថៃនេះទៅតុលាការអន្តរជាតិដូចជា ICJ និង ICC ប្រសិនបើថៃនៅតែបន្តរំលោភបំពានទឹកដី និងបំពានសិទ្ធិរស់រានមានជីវិតរបស់ប្រជាជនស៊ីវិលកម្ពុជាបន្តទៀត។ នេះជាវិធីសាស្រ្តដ៏សមស្របមួយក្នុងការការពារសិទ្ធិអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជា។
ពិភពលោកនឹងបានដឹងថែមទៀតនូវមហិច្ឆតាបំផ្ទុះសង្គ្រាមរបស់កងទ័ពឈ្លានពានថៃទាំងងើល ដោយគេបានឃើញតាមរយៈការប្រកាសយ៉ាងខែងរែងថាខ្លួននឹងត្រៀមរឹបអូសកាន់កាប់ទីតាំងជាង១៧កន្លែងនៅក្នុងទឹកដីកម្ពុជាបន្ថែមទៀត គឺចាប់តាំងពីខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ដែលនេះគឺជាអ្វីដែលថៃកំពុងតាំងខ្លួនជាមហាអំណាចមួយនៅក្នុងតំបន់អាស៊ានដែលដើរបង្កសង្គ្រាមនិងគូសវាសកាត់យកទឹកដីជាឯកតោភាគីពីប្រទេសណាក៏បានស្រេចតែអំពើចិត្តនិងគ្មានច្បាប់ទំលាប់អ្វីទាល់តែសោះ។ ការគំរាមនិងការរំលោភបំពានយ៉ាងកំរោលម្តងហើយម្តងទៀតរបស់យោធាថៃបែបនេះ មិនត្រឹមតែប៉ះពាល់ដល់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាការរំលោភអធិបតេយ្យជាតិ បូរណភាពទឹកដី និងបង្កគ្រោះថ្នាក់និងបាត់បង់នូវស្ថិរភាពក្នុងតំបន់អាស៊ានទាំងមូលថែមទៀតផង ដែលសកម្មភាពបែបនេះ ថៃនឹងក្លាយជាសត្រូវក្នុងក្រសែភ្នែកសហគមន៍អន្តរជាតិនិងគេចាត់ទុកថាជាប្រទេសដែលដឹកនាំតាមបែបអានាធិបតេយ្យ ហើយចៀសមិនផុតនូវទណ្ឌកម្មពីអន្តរជាតិជាក់ជាពុំខានបន្ថែមលើការថ្កោលទោសពីប្រជាជនកម្ពុជាដែលជាម្ចាស់ទឹកដី ហើយបាននិងកំពុងរងគ្រោះដោយអំពើឈ្លានពានយ៉ាងព្រៃផ្សៃនេះ ។
អំពើរបស់កងទ័ពព្រៃថៃបែបនេះ បានបង្ហាញច្បាស់ថា ថៃមិនមានបំណងគោរពកិច្ចព្រមព្រៀងអ្វីទាំងអស់។ ការចុះហត្ថលេខានឹងដៃជាន់ឈ្លីនឹងជើង គឺបានបញ្ជាក់ថាថៃធ្វើនេះគ្រាន់តែជាការសម្តែងឆាកល្ខោនឲ្យអន្តរជាតិមើលប៉ុណ្ណោះ និងថែមទាំងមិនបានចាត់ទុកមហាអំណាច សហរដ្ឋអាមេរិក មហាយក្សចិននិងបណ្តាសហគមន៍អាស៊ាននៅក្នុងក្រសែភ្នែករបស់ខ្លួនឡើយ។ ទង្វើបែបនេះគឺពិតជាបានប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់ការទុកចិត្ត សេចក្តីថ្លៃថ្នូរបស់សហគមន៏អន្តរជាតិ និងថែមទាំងប៉ះពាល់ដល់សន្តិភាព សេដ្ឋកិច្ចក្នុងតំបន់ថែមទៀតផង។ ទោះបីអាស៊ានមានគោលការណ៍មិនជ្រៀតជ្រែកផ្ទៃក្នុងនៃបណ្តារដ្ឋជាសមាជិកក្តី ក៏ការបំពានលើជនស៊ីវិលកម្ពុជាបែបនេះគឺសហគមន៍អន្តរជាតិមិនអាចឈរឱបដៃមើលរំលងបានឡើយ។ ការទាមទារឱ្យមានក្រុមសង្កេតការណ៍ អាស៊ាន Asean Observers Team (AOT) ឬអង្គការសហប្រជាជាតិ ចូលមកអនុវត្តភារកិច្ចនេះ គឺជាជំហានសមស្របក្នុងការរក្សាសន្តិភាព និងទប់ស្កាត់អំពើហិង្សាជាថ្មីម្តងទៀតបាន៕
ដោយ៖ ពិន វិជ័យ (អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ)