Khmer First Close

ថៃចាញ់សង្គ្រាមអត់ធ្មត់របស់កម្ពុជា !

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃចន្ទ ទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ទស្សនៈ - នយោបាយ 198
ថៃចាញ់សង្គ្រាមអត់ធ្មត់របស់កម្ពុជា ! ថៃចាញ់សង្គ្រាមអត់ធ្មត់របស់កម្ពុជា !

ជាការបរាជ័យដ៏អាម៉ាស់ជាថ្មីមួយម្តងទៀត ដែលមិនអាចលាក់បាំងបានគឺការបំពានរបស់ថៃមកលើអធិបតេយ្យកម្ពុជា។ ការបំផ្ទុះសង្គ្រាមជាថ្មីម្តងទៀតដោយយោធាថៃ បាញ់មកលើកម្ពុជា បានបង្កើតនូវភស្តុតាងឈ្លានពានជាច្រើនរបស់ប្រទេសថៃ ក្រោយបទឈប់បាញ់ ប៉ុន្តែ ទង្វើនេះ អាចថាជាការធ្វើតេស្ត សាកល្បងភាពគ្លើនរបស់ខ្លួនដើម្បីចង់ដឹងអំពីប្រតិកម្មអន្តរជាតិក៏ថាបាន។

នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១១និង៥២នាទីព្រឹក កងកម្លាំងយោធារថៃបានបើកការវាយប្រហារជាថ្មីម្តងទៀតបន្ទាប់ពីបទឈប់បាញ់ដ៏ផុយស្រួយមួយ បានចូលជាធរមានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២ ៥ ។ យោធាថៃបានបាញ់កាំភ្លើងត្បាល់ និងកាំភ្លើងយន្តជាច្រើនគ្រាប់មកលើទីតាំងកងទ័ពកម្ពុជា នៅតំបន់អានសេះ ដែលប៉ះពាល់ដល់ការគោរពនិងការអនុវត្តបទឈប់បាញ់ ព្រមទាំងធ្វើឲ្យស្ថានភាពកាន់តែតានតឹងនិងស្មុកស្មាញ។

ការវាយប្រហារនេះកើតឡើងក្នុងពេលដែលក្រុមអ្នកអង្កេតការណ៍អន្តរកាលរបស់អាស៊ាន IOT កំពុងស្ថិតនៅគោលដៅតំបន់នោះក្នុងប្រទេសកម្ពុជា និងអង្គការសហប្រជាជាតិ បាននិងកំពុងបើកកិច្ចប្រជុំសំខាន់ដែលមានរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរ កម្ពុជា- ថៃ នៅទីនោះ ដើម្បីពិនិត្យ និងវាយតម្លៃស្ថានការណ៍ជម្លោះនៅតំបន់ព្រំដែនកម្ពុជាថៃ ផងដែរ ។

ការបំផ្ទុះសង្គ្រាមជាថ្មីម្តងទៀតនេះ អ្នកវិភាគបានសង្កេតឃើញថានេះជាល្បិចកលមួយរបស់យោធាថៃ ដោយពួកគេបានបង្ហាញពីការប្រើយុទ្ធសាស្ត្របញ្ចេញសារដើម្បីសាកល្បងចង់ដឹងអំពីកម្រិតប្រតិកម្មរបស់កម្ពុជា និងអន្តរជាតិ ព្រោះយោធាថៃហាក់កំពុងចាញ់ប្រៀបកម្ពុជាខ្លាំងលើភាពអត់ធ្មត់ក្នុងការដោះស្រាយជម្លោះ ដោយមិនដឹងថាកម្ពុជាកំពុងតែប្រើយុទ្ធសាស្ត្រអ្វីឬដោះស្រាយតាមរយៈច្រកការទូតមួយណាច្បាស់លាស់ ?។ ភាពស្រពិចស្រពិលនេះ បាននាំឱ្យភាគីថៃដួលផ្ងាក្រោយ ដោយសារតែចាញ់ប្រៀបកម្ពុជាដែលមានភាពប៉ិនប្រសព្វគឺប្រើវិធីមួយដែលពិបាកទស្សន៍ទាយ គឺក្នុងន័យ «ស្រពិចស្រពិល»។ វិធីនេះហើយដែលធ្វើឲ្យថៃពិបាកនិងប៉ាន់ស្មានត្រូវ។

ម្យ៉ាងទៀតការចាប់ផ្តើមបាញ់ប្រហារមុនមកលើកងទ័ពនិងមូលដ្ឋានកងទ័ពរបស់កម្ពុជាក្នុងពេលនេះគឺមានសារៈសំខាន់ណាស់សម្រាប់ថៃ ព្រោះគេចង់បង្ហាញនិងចង់គម្រាមកម្ពុជាថា ថៃចង់បង្កើតភាពជាម្ចាស់អំណាចលើវេទិកាពិភពលោក និងបំផ្លាញទំនុកចិត្តលើកិច្ចព្រមព្រៀងសន្តិភាពដែលមានស្រាប់ ទោះបីជាកិច្ចព្រមព្រៀងដែលបានកើតឡើងក្រោមការផ្តួចផ្តើមគំនិតរបស់មហាអំណាចសហរដ្ឋអាមេរិក ចិននិងបណ្តាប្រទេសអាស៊ានក៏ដោយ។ ព្រឹត្តិការផ្ទុះអាវុធជាថ្មីនេះ កងទ័ពថៃចង់បញ្ជូនសារនិងចង់ដឹងអំពីប្រតិកម្មរបស់កម្ពុជា និងអន្តរជាតិចំនួន ៤ចំនុចគឺ៖

ទី១. បញ្ចេញសារនយោបាយ ៖ ថៃប្រើការបាញ់ផ្លោងនេះ ជាមធ្យោបាយផ្ញើសារទៅមកកាន់កម្ពុជា និងអន្តរជាតិ ក្នុងគោលបំណងបង្ហាញថា ថៃអាចជ្រើសរើសពេលវេលានៃការវាយប្រហារមកលើកម្ពុជាក្នុងពេលណា កន្លែងណាក៏បាន ដោយមិនបាច់គោរពកិច្ចព្រមព្រៀងបទឈប់បាញ់ឬមានការខ្លាចរអារចំពោះសហគមន៏អន្តរជាតិឡើយ។

ទី២. សាកល្បងចំពោះប្រតិកម្មយោធា៖ ការវាយប្រហារនេះមិនមានបំណងទាញយកជ័យជម្នះនោះទេ ប៉ុន្តែជាការចង់សាកល្បងកំរិតនិងវាស់វែងកម្លាំប្រតិកម្មរបស់កងទ័ពកម្ពុជា ថាតើកម្ពុជានឹងតបតក្នុងកំរិតណា និងមានអាវុធទំនើបអ្វីខ្លះ ហើយបាញ់ចេញពីទីតាំងណាខ្លះ និងក្បួនយុទ្ធសាស្ត្រសឹកថ្មីរបស់របស់កម្ពុជាបែបណា ងាយស្រួលក្នុងការរៀបចំក្បួនសឹកទៅតាមទម្រង់ដែលកម្ពុជាមាន ដើម្បីចាប់ផ្តើមវាយជាទ្រង់ទ្រាយធំក្នុងការដណ្តើមនិងរំលោភយកទឹកដីកម្ពុជា ។ ថៃដឹងច្បាស់ណាស់ថា បើដោះស្រាយតាមផ្លូវច្បាប់ខ្លួននឹងទទួលបរាជ័យដូចការចាញ់ក្តីកាលពីឆ្នាំ១៩៦២ ឆ្នាំ២០១៣ និងថែមទាំងនាំមកនូវភាពអាម៉ាស់សម្រាប់ប្រទេសជាតិ និងទទួលរងសម្ពាធពីប្រជាជនថៃខ្លួនឯងថែមទៀតផង ។

ទី៣. បំផ្លាញទំនុកចិត្តលើអង្គការអន្តរជាតិ៖ ការបាញ់ប្រហារនេះកើតឡើងស្របពេលដែលអាស៊ាន និងអង្គការសហប្រជាជាតិបើកកិច្ចប្រជុំ ដោយបង្ហាញថាខ្លួនមិនកោតក្រែងអំពីភាគីទី៣ឡើយ និងមានចេតនាបញ្ជាក់ច្បាស់ថាថៃមិនគោរពបទឈប់បាញ់ទេ និងចង់បំផ្លាញភាពរឹងមាំនិងសន្តិភាពរបស់អាស៊ាននិងអន្តរជាតិ។

ទី៤. រៀបចំសម្រាប់តម្លើងកម្រិតសង្គ្រាម៖ ការផ្ទុះអាវុធដោយផ្លោងកាំភ្លើងធំដាក់កងទ័ពកម្ពុជាជាថ្មីនេះអាចជាជំហានថ្មីមួយទៀតក្នុងការរៀបចំកម្លាំងយោធានិងយុទ្ធសាស្ត្រថ្មីរបស់កងទ័ពថៃ បើកម្ពុជាឆ្លើយតបដោយកម្លាំងវិញ វានឹងជាការបើកឱកាសឲ្យថៃប្រើប្រាស់អាវុធធ្ងន់ធ្ងន់ និងអាវុធទំនើបៗរបស់ខ្លួនដែលមានទាំងអស់ដើម្បីវាយសង្គ្រប់កម្ពុជាតែម្តង មានន័យថាប្រសិនបើកម្ពុជាតបត ប្រាកដណាស់កម្ពុជានឹងដើរចូលអន្ទាក់របស់ថៃ នោះគេសង្ឃឹមថាកម្ពុជានឹងចាញ់ជាមិនខាន ព្រោះគេគិតថានៅក្នុងល្បែងនេះគឺពួកគេមានប្រៀបជាង។

ប៉ុន្តែមិនដូចថៃគិតឡើយ កម្ពុជាបាននិងកំពុងដើរលើផ្លូវត្រូវដោយបន្តរក្សាប្រតិកម្មយោធាដោយយកចិត្តទុកដាក់ និងប្រើយុទ្ធសាស្ត្រការទូត ដើម្បីបង្ហាញភាពជាអ្នកមានទំនួលខុសត្រូវនិងគោរពនូវបទឈប់បាញ់បានពេញលេញ។ ការឆ្លើយតបតាមផ្លូវការទូត និងច្បាប់អន្តរជាតិ គឺជាវិធីដ៏ត្រឹមត្រូវដែលកម្ពុជាត្រូវបន្តទៅមុខទៀត ដើម្បីបង្ហាញភាពមិនចង់បង្កសង្គ្រាម ចង់បានសន្តិភាព ដើម្បីសេ្ថរភាពក្នងតំបន់ ។ ប្រមុខដឹកនាំកម្ពុជា ជានិច្ចកាល បានបង្ហាញនូវគោលជំហរច្បាស់លាស់ ចង់បញ្ជាក់ថា លើពិភពលោកនេះគ្មានប្រទេសណាដែលអាចបញ្ចប់សង្គ្រាមបានតាមរយះការប្រើអាវុធ និងទទួលបានផលចំនេញអំពីសង្គ្រាមនោះបានទេ គឺមានតែការចរចានិងដំណោះស្រាយការទូតដោយសន្តិវិធីតែប៉ុណ្ណោះទើបអាចបញ្ចប់សង្គ្រាមនិងមានភាពស្ថិតស្ថេរយូរអង្វែងសម្រាប់មនុស្សជំនាន់ក្រោយបាន »។ ទស្សនទាននេះ បានដក់ជាប់ក្នុងទឹកចិត្តប្រជាជនកម្ពុជារាប់លាននាក់ បង្កើននូវការគាំទ្រ និងជឿជាក់លើរាជរដ្ឋាភិបាលនិងវីរៈកងទ័ពជួរមុខ ការពារទឹកដី។
បើនិយាយអំពីប្លុកអាស៊ានវិញ ការបំផ្ទុះសង្គ្រាមរបស់ថៃនេះ ហាក់ជាការសាកល្បងឥទ្ធិពល ភាពរឹងមាំនិងសមត្ថភាពក្នុងការដោះស្រាយជម្លោះរបស់ប្រទេសជាសមាជិកអាស៊ានទាំងអស់ ប្រសិនបើអាស៊ានមិនមានប្រតិកម្មនិងមានយន្តការច្បាស់លាស់ក្នុងការដោះស្រាយជម្លោះនេះបានជោគជ័យទេ វាអាចធ្វើឲ្យសមាគមអាស៊ានមួយនេះបាត់បង់ភាពជឿជាក់ បាត់បង់សមត្ថភាព និងឥទ្ធិពល ។ ពាក្យថា មានការឯកភាពគ្នា មានវាសនារួម ការអភិវឌ្ឍរួមគ្នា និងការពារបាននូវសុខសន្តិភាព និងដោយគ្មានការគម្រាមកំហែងក្នុងតំបន់បន្តទៀត នឹងទៅជាយ៉ាងណា? បញ្ហានេះ ទុកឱ្យបណ្តាប្រទេសនៅអាស៊ានជាអ្នកឆ្លើយនិងដោះស្រាយទៅចុះ ។

ចំពោះអង្គការសហប្រជាជាតិវិញ ការដែលយោធាថៃធ្វើការបាញ់ផ្លោងមកលើកងទ័ពកម្ពុជា នៅពេលកំពុងប្រជុំអង្គការសហប្រជាជាតិនេះ ជាការដែលថៃបង្ហាញអំពីការមិនគោរព មើលស្រាលសមត្ថភាពនិងមិនបានចាត់ទុកអង្គការសហប្រជាជាតិនៅក្នុងក្រសែភ្នែករបស់ខ្លួនឡើយ ដោយសំអាងថាអង្គការសហប្រជាជាតិនិងមិនយកចិត្តទុកដាក់ទៅលើរឿងជម្លោះកម្ពុជាថៃនោះទេ ។ គេបានដឹងថា ជាតិសាសន៍ថៃពូកែសម្តែងល្ខោន ស្ពិនភ្នែកអន្តរជាតិ និងដោយថៃកំពុងតែគិតថា អង្គការសហប្រជាជាតិកំពុងជាប់ដៃដោះស្រាយជម្លោះធំៗជាច្រើននៅជុំវិញពិភពលោក ដូច្នេះប្រហែលជាមិនមានពេលវេលាណាមកដោះស្រាយជម្លោះរបស់ខ្លួនជាមួយប្រទេសដែលតូចតាចដូចកម្ពុជានេះទេ។

ពេលនេះប្រជាជនកម្ពុជាទាំងមូលកំពុងតែរង់ចាំមើលការសម្តែងល្ខោនរបស់ថៃបន្តទៀត ក្រោយពេលមានការរំលោភលើបទឈប់បាញ់ ហើយថៃបានប្រើកាំភ្លើងត្បាល់ និងកាំភ្លើងយន្តបាញ់ជាច្រើនគ្រាប់មកលើកម្ពុជាជាថ្មីម្តងទៀត រួចហើយបានចោទកម្ពុជាថាជាអ្នកចាប់ផ្តើមបាញ់មុន ទាំងដែលកម្ពុជាមិនបានបាញ់តបតទៅវិញសូម្បីតែមួយគ្រាប់។

ដើម្បីធានាបាននូវសុចរិតភាព តម្លាភាព អព្យាក្រឹត្យភាព និងភាពជឿទុកចិត្តបាន ក្នុងនាមជាមាសសុទ្ធមិនខ្លាចភ្លើង នោះសុំទុកឲ្យក្រុមអ្នកអង្កេតការណ៏អាស៊ាន IOT ចុះពិនិត្យផ្ទាល់ដោយធ្វើកោសល្យវិនិច័យគ្រាប់ នៅទីតាំងដែលគ្រាប់បានធ្លាក់នោះឲ្យបានច្បាស់ នោះ IOT នឹងដឹងហើយថាអ្នកណាជាអ្នកបង្កហេតុ អ្នកណាជាអ្នករំលោភកិច្ចព្រមព្រៀងបទឈប់បាញ់ឲ្យពិតប្រាក ចាំមើលតើពេលនោះថៃនិងលេងល្បិចសំដែងល្ខោនថ្មីអ្វីទៀត?

ចំពោះកម្ពុជា ការប្រតិកម្មនិងការតបតគឺស្ថិតនៅក្នុងការប្រុងប្រយ័ត្ននិងយ៉ាងម៉ត់ចត់ខ្ពស់បំផុត ដោយមិនបណ្តោយឲ្យធ្លាក់ទៅក្នុងអន្ទាក់របស់ថៃបានឡើយ ពោលគឺកម្ពុជាបានពឹងផ្អែកទៅលើយុទ្ធសាស្ត្រការទូតស្ទាត់ជំនាញ និងត្រូវតែមានការចូលរួមពីអន្តរជាតិដើម្បីទប់ទល់និងល្បិចកលស្មោគគ្រោករបស់ថៃ ។ ការអត់ធ្មត់មិនតបតនេះមិនត្រឹមតែជួយទប់ស្កាត់ការរំលោភបំពានបានទេ ប៉ុន្តែជាការបង្ហាញច្បាស់ថា កម្ពុជាគោរពនិងប្តេជ្ញាផ្ដល់តម្លៃខ្ពស់ដល់សន្តិភាព តែក៏បានត្រៀមខ្លួនរួចរាល់ក្នុងការការពារទឹកដី និងអធិបតេយ្យភាពជាតិរបស់ខ្លួនពីការឈ្លានពាននេះផងដែរ។

ក្នុងពេលនេះប្រជាពលរដ្ឋកម្ពុជាទាំងអស់ប្រាកដជាបានយល់ច្បាស់លាស់ហើយ នូវអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវការចាំបាច់បំផុតនោះគឺសុំការយោគយល់ ក្នុងការអត់ធ្មត់ដែលរដ្ឋាភិបាលមិនបានតបតជាមួយសកម្មភាពដ៏គឃ្លើនរបស់យោធាថៃ ហើយប្រជាពលរដ្ឋកម្ពុជាទាំងអស់ត្រូវទុកចិត្តនិងជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះ ។ ពេលនេះ អ្វីដែលកម្ពុជាត្រូវការគឺបើទោះជាភាពគ្រប់គ្រាន់ទាំងស្រុង ដ៏សំបូរបែប គ្មានប្រទេសណាប្រកាសថា លែងត្រូវការទៀតនោះឡើយ នូវសព្វាវុធទំនើបៗ ប៉ុន្តែពេលនេះ សម្រាប់កម្ពុជា មិនមែនជាគ្រឿងសព្វាវុធ ឬយន្តហោះច្បាំងទំនើបៗនោះទេ គឺត្រូវការតែការអត់ធ្មត និងជឿជាក់មកលើរាជរដ្ឋាភិបាលតែប៉ុណ្ណោះ នោះកម្ពុជានិងឈ្នះ និងអាចនាំមកនូវសន្តិភាពជូនប្រទេសជាតិបានយ៉ាងពិតប្រាកដ។ បន្ទាប់ពីថៃបានបាញ់មកលើកម្ពុជាជាថ្មី គេបានមើលឃើញថា ការដោះស្រាយបញ្ហាជាតិ គឺរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ពិតជាមានការឯកភាពគ្នាក្នុងសំឡេងតែមួយ មានការអត់ធ្មត់ ខាំមាត់សង្កត់ចិត្តក្នុងកំរិតខ្ពស់បំផុត។ ការអត់ធ្មត់នេះ បានទទួលនូវលទ្ធផលជាបន្តើរៗហើយ គឺសហគមន៏អន្តរជាតិគេនឹងបានយល់កាន់តែច្បាស់អំពីការឈ្លានពានរបស់ថៃមកលើកម្ពុជា។ ប្រទេសថៃពេលនេះ បាននិងកំពុងតែវង្វេងនិងពិបាកក្នុងការវាយតម្លៃស្ថានការណ៏និងយុទ្ធសាស្ត្រកម្ពុជាក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតិហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕
ដោយ៖ ពិន វិជ័យ (អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ)

 

អត្ថបទទាក់ទង