អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលច្រានចោលការប្រកាសជាឯកតោភាគីរបស់ថៃថា «កន្លែងដែលទាហានថៃ បានជាន់គឺជាទឹកដីរបស់ថៃ»

នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានចេញសេចក្តីថ្លែងការណ៍ឆ្លើយតប និងបដិសេធចំពោះការផ្សាយរបស់បណ្តាញសារព័ត៌មានថៃមួយចំនួនកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ដែលបានស្រង់សម្តីមន្រ្តីយោធាថៃដែលអះអាងថា «កន្លែងដែលទាហានថៃ បានជាន់គឺជាទឹកដីរបស់ថៃ»។
នៅក្នុងសេចក្តីថ្លែងការណ៍បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហរយ៉ាងម៉ឺងម៉ាត់ចំពោះ អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួនដោយមិនទទួលយកជាដាច់ខាតនូវការប្រកាសជាឯកតោភាគី របស់យោធាថៃពីព្រោះយោធាគ្មានសមត្ថកិច្ចក្នុងការសម្រេចអំពីខណ្ឌសីមារបស់ប្រទេសនោះឡើយ ហើយការប្រកាសបែបនោះក៏គ្មានតម្លៃគតិយុត្តនោះដែរ៕