Khmer First Close

កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃទីក្រុងគួឡាឡាំពួរ៖ ជំហានថ្មីនៃយុទ្ធសាស្ត្រអាស៊ានសម្រាប់ពង្រឹង សន្តិសុខតំបន់

ដោយ៖ សម្បត្តិ កិត្យា ​​ | 6 ម៉ោងមុន ទស្សនៈ - នយោបាយ ព័ត៌មានជាតិ 184
កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃទីក្រុងគួឡាឡាំពួរ៖ ជំហានថ្មីនៃយុទ្ធសាស្ត្រអាស៊ានសម្រាប់ពង្រឹង សន្តិសុខតំបន់ កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃទីក្រុងគួឡាឡាំពួរ៖ ជំហានថ្មីនៃយុទ្ធសាស្ត្រអាស៊ានសម្រាប់ពង្រឹង សន្តិសុខតំបន់

កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ថ្ងៃទី២៦ ខែតុលា ២០២៥ នៅទីក្រុងគួឡាឡាំពួរ ដែលមាន ប្រធានា ធិបតីសហរដ្ឋអាមេរិកធ្វើជាសាក្សី និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីជាអ្នកសម្របសម្រួល មិនមែនជាឯក សារ សន្តិភាពធម្មតាទេ ប៉ុន្តែវាជាឯកសារដែលមានន័យដ៏ជ្រាលជ្រៅមិនអាចកាត់ថ្លៃបានខាងផ្នែកនយោបាយ និងយុទ្ធសាស្ត្រអន្តរជាតិ ដែលអាចនិយាយបានថា ជាកិច្ចព្រមព្រៀងផ្សះផ្សាការប្រេះស្រាំនិងភាពតាន តឹងនយោបាយក្នុងតំបន់អាស៊ីអាគ្នេយ៍។

ការបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តពង្រឹងសន្តិភាព និងការមិនប្រើកម្លាំង គឺជាសញ្ញាផ្លូវការដែលបញ្ជាក់ថា ភាគីថៃបានយល់ព្រមបោះបង់ចោលពីគន្លងផ្លូវផ្នែកយោធា ឆ្ពោះទៅរកគន្លងផ្លូវការទូតនិងការផ្សះផ្សា។ ជាការពិត កិច្ចព្រមព្រៀងសន្តិភាព សម្តៅការទទួលយល់ព្រមបញ្ឈប់សង្គ្រាម និងមានតម្លៃ ស្មើគ្នា ក្នុងការ ទទួលយកលក្ខខណ្ឌនៃដំណោះស្រាយ ដោយមិនចង់ឱ្យមានការប្រៀបធៀបពីការចាញ់ឈ្នះ របស់ភាគី ណាមួយឡើយ ប៉ុន្តែ ពិភពលោកនេះ គេបានមើលឃើញថា វាជាចលនានយោបាយ ដ៏សំខាន់ដែល កម្ពុជាអាចត្រូវបានចាត់ទុកថា ជាជ័យជម្នះយុទ្ធសាស្ត្រផ្នែកផ្លូវការទូតដ៏ធំ ពីព្រោះជាការយល់ព្រម ទទួល យកគោលការណ៍សន្តិភាព ដែលគេបានដឹងថា ភាគីកម្ពុជាបានដើរមួយជំហានមុនថៃ គឺប្រមុខ រដ្ឋាភិ បាលកម្ពុជាលោក ហ៊ុន ម៉ាណែត បានជ្រើសរើសយក ជម្រើសសន្តិភាព និងគោលការណ៍ច្បាប់អន្តរជាតិ ជាចម្បងក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ គឺតាំងពីពេលសង្គ្រាមផ្ទុះឡើងភ្លាមៗមកម៉្លេះ ដែលជាបញ្ហាបង្កឡើងដោយថៃ ក្នុងមហិច្ឆតាឈ្លានពានអធិបតេយ្យរបស់កម្ពុជា ។

ដូចនេះ ការប្រើយន្តការអាស៊ានជាវេទិកាគ្រប់គ្រងជម្លោះ និងការផ្តល់សិទ្ធិដល់ “ក្រុមសង្កេតការណ៍ អា ស៊ាន (AOT)” បានផ្លាស់ប្តូរនូវការប្រើប្រាស់អំណាចក្នុងតំបន់ ពីការប្រជែងយោធា ទៅជាការដោះស្រាយ សន្តិភាពដោយសហគមន៍អាស៊ានវិញ។

ព្រឹត្តិការណ៏នៃការចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃដែលមានប្រធានអាស៊ានជាអ្នកសម្របសម្រួល សង្កេតការណ៍សន្តិភាពជាក់ស្តែងលើជម្លោះនេះ ជាពិសេសគឺមានការចូលរួមធ្វើជាសាក្សីដោយដោយផ្ទាល់ពីប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ដែលជាមហាអំណាចដ៏មានឥទ្ធិពលបំផុតក្នុងពិភពលោកនេះ គឺមិនធ្លាប់មានទេក្នុងប្រវត្តិសាស្ត្រអាស៊ានចាប់តាំងពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ានមួយនេះបានចាប់កំណើតឡើងកាលពីឆ្នាំ១៩៦៧មក។

និយាយម្យ៉ាងទៀតកម្ពុជាបានក្លាយជាអ្នកបំបែកកំណត់ត្រាប្រវត្តិសាស្ត្រជាប្រទេសទី១ក្នុងការកែប្រែមុខមាត់ថ្មីរបស់អាស៊ានឲ្យក្លាយទៅជាសមាគមមួយដែលមិនត្រឹមតែធ្វើការងារខាង នយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម វប្បធម៌ និងអន្តរជាតិទេ តែពេលនេះកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ចប់ជម្លោះកម្ពុជា-ថៃបានថែមទៀតផង ។ មិនត្រឹមតែប៉ុណ្ណោះទេ ក្នុងកិច្ចព្រមព្រៀងសន្តិភាពនេះ បង្ហាញថា អាស៊ានយល់ព្រមបង្កើត “ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)” ដោយទទួលការគាំទ្រពីសមាជិកទាំងអស់ចូលរួមសង្កេតការណ៍ជាក់ស្តែង នៅក្នុងតំបន់ជម្លោះ ថែមទៀតផង។ នេះគឺជាការបោះជំហានមួយប្រកបដោយភាពសកម្មរបស់អាស៊ានមិនត្រឹមតែជាវេទិកាពិភាក្សាប៉ុណ្ណោះទេ ផ្ទុយទៅវិញ វាជាវេទិកាសកម្មភាពមួយដ៏គួរជាទីកោតសរសើរ ហើយក៏បានបង្ហាញពីការរីកចម្រើនផ្នែកនយោបាយសន្តិសុខអាស៊ានទៅកម្រិតថ្មីទាំងក្នុងពេលនេះនិងនៅពេលអនាគត។

កិច្ចព្រមព្រៀងនោះបានផ្ដោតលើការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដី ដែលជាគន្លងមូលដ្ឋាននយោបាយការទូតរបស់រាជរដ្ឋាភិបាលកម្ពុជា។ វាធ្វើឲ្យថៃត្រូវទទួលស្គាល់ថា ការបោះបង្គោលព្រំដែននឹងត្រូវដំណើរការតាមមូលដ្ឋានច្បាប់និងត្រូវផ្អែកលើស្មារតីនៃកិច្ចប្រជុំ JBC ,GBC ,RBCនិងកិច្ចព្រមព្រៀងជាច្រើនទៀត មិនមែនតាមអារម្មណ៍បែបជាតិនិយម ឬអំណាចយោធានោះទេ។ នេះជាការពង្រឹងឥទ្ធិពលនយោបាយផ្លូវច្បាប់របស់កម្ពុជា។សម្រាប់ថៃ សេចក្តីប្រកាសនេះគឺជាការត្រូវចាប់ផ្តើមគិតពីការងាកចេញពីការចង់ធ្វើសង្គ្រាមមកជំរុញឲ្យប្រទេសថៃវិលមករកស្ថិរភាពនិងស្វែងរកដំណោះស្រាយសេដ្ឋកិច្ច និងការទំនាក់ទំនងជាដៃគូក្នុងកិច្ចសហប្រតិបត្តិការរវាងគ្នានិងគ្នាវិញ។ ការព្រមព្រៀងលើការពង្រឹងកិច្ចសហប្រតិបត្តិនិងការចែករំលែកព័ត៌មានជាវិធីសាស្ត្រស្តារទំនុកចិត្តបង្ហាញថាថៃបានដឹងថាការបាត់បង់សន្តិភាពរវាង ប្រទេសទាំងពីរនឹងនាំឲ្យប៉ះពាល់ខ្លាំងដល់បញ្ហាសេដ្ឋកិច្ចជាតិ។

យ៉ាងណាមិញការចូលរួមជាសាក្សីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី គឺជាសញ្ញាផ្លូវការថា សន្តិភាពកម្ពុជា–ថៃ មិនត្រឹមជាបញ្ហាទ្វេភាគីទេ ប៉ុន្តែជាបញ្ហានិងជាកង្វល់រួមក្នុងតំបន់និងអាចប៉ះពាល់ដល់ប្រយោជន៍នយោបាយរបស់អាមេរិកក្នុងការរក្សាស្ថិរភាពពិភពលោកនិងអាស៊ានក្នុងតុល្យភាពនយោបាយអន្តរជាតិថ្មី។ វាក៏នឹងអាចជាប្រភពមួយនៃការបង្កើតសន្តិភាពអាស៊ាន–អាមេរិក” នាពេលអនាគត ដើម្បីទប់ស្កាត់ការប្រកួតប្រជែងអំណាចនៅក្នុងតំបន់ផងក៏អាចថាបាន។

ក្នុងអត្ថន័យដ៏ជ្រាលជ្រៅ សេចក្តីប្រកាសនៃកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងគួឡាឡាំពួរនេះជាការបញ្ចប់សង្គ្រាមនៃការខ្វែងគំនិតគ្នានៃការអនុវត្តផែនទីដែលកម្ពុជាប្រកាន់យកផែនទីបារាំង-សៀមឆ្នាំ១៩០៤-១៩០៧ ខ្នាត១/២០០.០០០ ដែលបានតម្កល់ទុកនៅអង្គការសហប្រជាជាតិ ឯភាគីថៃប្រកាន់យកផែនទីដែលគូសដោយឯកតោភាគីខ្នាត១/៥០០០០ ដែលបានកើតឡើងរវាងកម្ពុជា និងថៃ ដែលជាដើមហេតុនៃពីជម្លោះប្រវត្តិសាស្ត្រ និងកើតចេញពីអារម្មណ៍ជាតិនិយមរបស់ថៃ។ ការទទួលស្គាល់ប្រវត្តិសាស្ត្រ នឹងការស្តារជំនឿទុកចិត្តគ្នាទៅវិញទៅមក គឺជាគន្លងថ្មីសម្រាប់សន្តិភាពជាក់ស្តែងរវាងប្រទេសជាតិទាំងពីរ។

សន្តិភាពគួឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ មិនត្រឹមជាឯកសារផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែជាការចាប់ផ្តើមនៃគោលនយោបាយសន្តិភាពថ្មីសម្រាប់អាស៊ានផងដែរ។ វាបង្ហាញថា ថៃត្រូវបានបង្ហាញផ្លូវឱ្យបកក្រោយ បញ្ឈប់ការឈ្លានពាន និងក៏អាចថា ងាកមកស្តារមុខមាត់ប្រទេសខ្លួនបានខ្លះពីការប្រើអំណាចច្រឡោងខាម ។ រីឯកម្ពុជាវិញ ពិតជាបានបង្ហាញពីការឆ្លាតវៃ ចាប់យកនយោបាយការទូត និងច្បាប់អន្តរជាតិ ជំនួសអាវុធ ដើម្បីបញ្ចប់ជម្លោះជាប្រវត្តិសាស្ត្រដ៏រាំរ៉ៃមួយនេះ ហើយនេះជំហានមួយអាចនិយាយបានថា «សម្រាប់កម្ពុជាបានយកឈ្នះសង្គ្រាមដោយសន្តិវិធី»៕

ដោយ៖ ពិន វិជ័យ – អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ

អត្ថបទទាក់ទង