តើការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ន នឹងធ្វើអោយកម្ពុជាខាតដីឬចំណេញដី?
បញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ជាប្រធានបទមានភាពប្រែប្រួលខ្លាំងក្នុងប្រវត្តិសាស្ត្រ និងនយោបាយជាតិ។ ក្នុងពេលថ្មីៗនេះ ប្រធានបទនៃការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្នបាននាំឱ្យមានការជជែកវែកញែកនៅ លើបណ្ដាញសង្គមយ៉ាងផុលផុសដោយធ្វើការវែកញែករកហេតុផលនិងទាមទាចង់ដឹងអំពីថាតើប្រទេសណានឹងទទួលបានផលចំណេញនិងខាតនៅក្នុងសកម្មភាពនេះរហូតដល់ខណៈពេលនេះមានមនុស្សមួយចំនួនបានលើកជាសំណួរសួរថាតើ៖ «តើកម្ពុជាកំពុងបាត់ដីឬទទួលបានដី?»
សំណួរទាំងនេះអាចកើតចេញមកបាន បណ្តាលមកពីការដែលមិនបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ និងមានការបកស្រាយខុសអំពីគោលបំណងនិងចេតនាពិតប្រាកដរបស់រដ្ឋាភិបាល ក៏ដូចជាផលវិបាកដែលកើតចេញអំពីការដែលមានអារម្មណ៏ជាតិនិយមជ្រុលរហូតដល់ខ្វះការគិតទៅលើអ្វីដែលជាប្រវត្តិសាស្ត្រនិងមូលដ្ឋានច្បាប់អន្តរជាតិ។
មូលដ្ឋានច្បាប់នៃការកំណត់ព្រំដែន មិនអាចកែប្រែបានទេ ដូច្នេះរាល់ការងារវាស់វែងនិងស្វែងរកទីតាំងពិតប្រាកដនៃការបោះបង្គោលព្រំដែនគឺមិនមែនការចរចារផ្លាស់ប្តូរដីជាមួយថ្នូរនិងអ្វីមួយនោះទេ ប៉ុន្តែត្រូវសំដៅលើការធ្វើឱ្យខ្សែបន្ទាត់ព្រំដែនប្រវត្តិសាស្ត្រត្រូវស្ថិតទៅតាមទីតាំងដែលបានកំណត់នៅក្នុងផែនទីផ្លូវការ និងដោយត្រូវផ្ទេរពីទៅទីតាំងនៅលើក្រដាស់ឲ្យទៅជាការពិតនៅលើដីជាក់ស្តែងពិតប្រាកដដោយមិនមានការបាត់បង់ឬកែប្រែ ទាំងនេះហើយគឺជាអ្វីដែលរដ្ឋាភិបាលបានកំពុងតែខិតខំប្រឹងប្រែងធ្វើក្នុងរយៈកន្លងមកនេះ។
កម្ពុជានិងថៃកំពុងអនុវត្តលើមូលដ្ឋានឯកសារគតិយុត្តជាច្រើនដែលស្ថិតក្រោមការទទួលស្គាល់ពីអន្តរជាតិគឺ៖ការកំណត់ហេតុ Procès Verbaux ១៩០៨-១៩០៩ និង Procès Verbaux ១៩១៩-១៩២០ “Procès Verbaux” មានន័យថា ជាឯកសារដែលកំណត់ និងបញ្ជាក់ពីការយល់ព្រមរួមចំពោះខ្សែព្រំដែន និងការកំណត់ទីតាំងបង្គោលនៅក្នុងតំបន់ជាក់លាក់ មិនអាចបដិសេធដោយភាគីណាមួយបាននៅពេលក្រោយ។ ឯកសារទាំងនេះ គឺជាមូលដ្ឋានផ្លូវការដ៏រឹងមាំដែលបង្កើតខ្សែព្រំដែនអន្តរជាតិដំបូងរវាងសៀម និងឥណ្ឌូចិនក្រោមការគ្រប់គ្រងរបស់ប្រទេសបារាំង។ កម្ពុជាមិនត្រឹមតែទទួលយកផែនទីទេ ប៉ុន្តែថែមទាំងទាមទារត្រូវឲ្យមានការគោរពនូវការកំណត់ព្រំដែនប្រវត្តិសាស្ត្រមួយឲ្យបានច្បាស់លាស់និងមានភាពជាក់ស្តែងពិតប្រាកដ។
ពេលវេលានេះមិនមែនជាការត្រូវនិយាយអំពីការចំណេញឬខាតទឹកដីទេ តែជាការត្រូវនិយាយអំពីភាពច្បាស់លាស់ត្រឹមត្រូវតាមផ្លូវច្បាប់ ដែលប្រទេសទាំងពីរអាចទទួលយកបានដោយឈរលើគោលការឈ្នះឈ្នះទាំងសង្ខាង ដោយតម្កល់ឧត្តមប្រយោជន៏ជាតិរៀងៗខ្លួន ព្រោះប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរគឺជាអ្នកដែលត្រូវប្រឈមមុខនិងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ។
អ្វីដែលរដ្ឋាភិបាលកំពុងធ្វើគឺជាការកំណត់ខ្សែបន្ទាត់ព្រំដែនឱ្យមិនឲ្យមានការកែប្រែ បង្កើតសុវត្ថិភាពនិងការគ្រប់គ្រងមួយដែលមានភាពច្បាស់លាស់ជាងមុន ជៀសវាងមានការខ្វែងគំនិតគ្នាចេញពីភាគីណាមួយនៅថ្ងៃអានាគត បើទោះបីជាមានក្រុមមនុស្សខ្លះវាយតម្លៃហួសហេតុថា ការបោះបង្គោលព្រំដែននាំឲ្យមានការបាត់បង់ទឹកដី តែតាមការពិតវាគឺជាវិធីសាស្ត្រមួយដ៏ល្អក្នុងការការពារជាតិ និងទឹកដីមិនឱ្យបាត់បង់ទៅវិញទេ។
បើព្រំដែនមិនច្បាស់លាស់មានន័យថា ហានិភ័យនៃជម្លោះព្រំដែននិងកើតមានឡើងរវាងប្រទេសទាំងពីរហើយក៏អាចនឹងមានក្រុមមនុស្សដែលមាននិន្នាការជ្រុលនិយមមួយចំនួនយកប្រធានបទព្រំដែននេះយកមកធ្វើជាឈ្នាន់នយោបាយក្នុងការស្វែងរកប្រជាប្រិយភាពបែបប្រជាភិថុតនៅពេលណាមួយ ជាពិសេស នៅពេលដែលប្រទេសជាតិកំពុងស្ថិតនៅក្នុងសភាពនយោបាយផ្ទៃក្នុងមិនមានភាពប្រាកដប្រជា និងម្យ៉ាងទៀត ប្រសិនបើមានខ្សែបន្ទាត់ព្រំដែនច្បាស់គឺប្រាកដណាស់គ្មានអ្នកណាឬប្រទេសណាអាចកែប្រែឬសើរើឡើងវិញបាននោះទេ។ ត្រង់ចំនុចនេះហើយគឺជាអ្វីដែលប្រជាជននៃបណ្តាលប្រទេសជាច្រើនប្រាថ្នាចង់បាន មានន័យថាបើមានព្រំដែនមួយច្បាស់លាស់នោះប្រជាពលរដ្ឋនឹងអាចរស់នៅប្រកបរបរចិញ្ចឹមជីវិតដោយភាពសុខសាន្តបានជារៀងរហូត។
បើនិយាយអំពីផលប្រយោជន៍ផ្នែកយោធាវិញគឺជាការអាចទប់ស្កាត់បាននូវជម្លោះប្រដាប់អាវុធ កាត់បន្ថយ ហានិភ័យនៃជម្លោះ និងទាំងលើវិស័យសេដ្ឋកិច្ច ជីវិតប្រជាជន កងទ័ពទាំងពីរអាចស្ថិតក្នុងតំបន់មួយត្រឹមត្រូវ មិនជ្រៀតជ្រែកគ្នាទៅវិញទៅមក ការគ្រប់គ្រងព្រំដែនបានល្អដោយមិនមានការរំខានពីភាគីណាមួយឡើយ។ ជាគោលការណ៍យោធា ចំពោះព្រំដែនដែលមិនច្បាស់លាស់គឺ ជាកន្លែងដែលងាយនឹងបង្កជម្លោះ ហើយបើមានការកំណត់ខ្សែបន្ទាត់ព្រំដែនមួយច្បាស់លាស់ គឺជាការធានាបាននូវការពារអធិបតេយ្យភាពនិងបូរណភាពទឹកដី មិនឲ្យមានការរំលោភបំពានទឹកដីបានពីភាគីណាមួយបានឡើយនាពេលអនាគត។
ចំណែកឯផលប្រយោជន៍សេដ្ឋកិច្ចនិងសង្គម បើព្រំដែនស្ងប់ស្ងាត់នឹងនាំឲ្យមានការអភិវឌ្ឍរីកចម្រើន ការផ្លាស់ប្ដូរពាណិជ្ជកម្មតាមព្រំដែនកើនឡើង លំហូរពាណិជ្ជកម្មទំនិញទៅមកមានភាពងាយស្រួលដោយគ្មានការរំខានអំពីសង្គ្រាម ព្រំដែនប្រែក្លាយពីតំបន់ជម្លោះទៅជាព្រំដែនសន្តិភាព ប្រជាជនរស់នៅដោយសន្តិភាព និងនាំឲ្យមានអនាគតកាន់តែប្រសើរឡើង មានន័យថាការវាស់វែងនេះគឺធ្វើឡើងដើម្បីការអភិវឌ្ឍមិនមែនដើម្បីជម្លោះឬការដែលនាំឲ្យមានការបាត់បង់ទឹកដីទៅឲ្យប្រទេសណាមួយនោះទេ។
និយាយជារួម ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ន នឹងមិនធ្វើអោយកម្ពុជាបាត់បង់ដីនោះទេតែគឺជាការបញ្ចប់នូវភាពមិនច្បាស់លាស់លើបញ្ហាព្រំដែននិងជាការដែលនឹងឈានទៅលប់បំបាត់ទាំងស្រុងបាននូវព័ត៌មានញុះញុងខុសពីការពិតដើម្បីបង្កការភាន់ច្រលំដល់ប្រជាពលរដ្ឋពីសំណាក់ក្រុមមនុស្សអគតិមួយចំនួនតូចដែលតែងតែយកបញ្ហាព្រំដែនយកមកជារបៀបវីរៈនយោបាយវាយប្រហារលើថ្នាក់ដឹកនាំក៏ដូចជាមកលើរាជរដ្ឋាភិបាលកម្ពុជាបន្តទៀត។ ជាក់ស្តែង ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្នគឺជាការពង្រឹងអធិបតេយ្យភាព និងបូរណភាពទឹកដីដើម្បីធានាថាទឹកដីកម្ពុជានឹងមិនមានការបាត់បង់នាពេលអនាគត ដែលវាជាជំហានយុទ្ធសាស្ត្រមួយដ៏សំខាន់ក្នុងការធ្វើឱ្យខ្សែបន្ទាត់ព្រំដែនមានភាពរឹងមាំស្របតាមច្បាប់អន្តរជាតិ កាត់បន្ថយជម្លោះ បង្កើតសន្តិសុខ សេដ្ឋកិច្ច ធានាសិទ្ធិកាន់កាប់ដីធ្លីរបស់ប្រជាជនជាប់ព្រំដែន មានការអភិវឌ្ឍព្រំដែននិងធានាបាននូវភាពស្ងប់ស្ងាត់ក្នុងការរស់នៅដោយមិនមានភាពភ័យខ្លាចអំពីការផ្ទុះសង្គ្រាមជាថ្មីដែលនាំឲ្យមានការបាត់បង់អាយុជីវិតប្រជាពលរដ្ឋ ការខូចខាតហេដ្ឋារចនាសម្ព័ន្ធនិងការរត់ភៀសខ្លួនចេញពីសង្គ្រាមនៅថ្ងៃខាងមុខជាថ្មីបន្តទៀត៕
ដោយ៖ ពិន វិជ័យ- អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ
(ប្រភព៖ Asian Speech)





