Khmer First Close

ស្មារតី២ធ្នូ ស្ថិតនៅជាអមតៈក្នុងបេះដូងប្រជាជនកម្ពុជា !

ដោយ៖ សម្បត្តិ កិត្យា ​​ | 2 ម៉ោងមុន ទស្សនៈ - នយោបាយ 220
ស្មារតី២ធ្នូ ស្ថិតនៅជាអមតៈក្នុងបេះដូងប្រជាជនកម្ពុជា ! ស្មារតី២ធ្នូ ស្ថិតនៅជាអមតៈក្នុងបេះដូងប្រជាជនកម្ពុជា !

ទោះបីជាពេលវេលាបានកន្លងផុតទៅអស់រយៈពេល៤៧ឆ្នាំ មកហើយក្តីក៏ប្រជាជនកម្ពុជាទូទាំងប្រទេសនៅតែចងចាំមិនភ្លេចទេថាចលនារណសិរ្សដ៏អង់អាចក្លាហានមួយត្រូវបានបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ នៅក្នុងតំបន់រំដោះនាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ និងបានវាយផ្តួលរំលំពួកខ្មែរក្រហម នៃរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ខ្មែរ ដែលបានកាន់អំណាចនៅកម្ពុជាចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ឱ្យវិនាសខ្ចាត់ខ្ចាយ។

រណសិរ្ស២ធ្នូនេះ មានឈ្មោះដំបូងថា«រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដឹកនាំដោយឥស្សរជនជាន់ខ្ពស់ជាច្រើនរូប រួមមាន សម្តេច ហេង សំរិន សម្តេចជា ស៊ីម ជាពិសេស គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឥស្សរជនគណបក្ស ប្រជាជនកម្ពុជាជាច្រើនទៀត ដើម្បីប្រមូលផ្ដុំកម្លាំងមហាសាមគ្គីប្រជាជនដែលស្រឡាញ់យុត្តិធម៌រួមគ្នាជាធ្លុងមួយតស៊ូវាយរំដោះទឹកដី និងសង្រ្គោះជីវិតប្រជាជនកម្ពុជា ពីរបបវាលពិឃាដប្រល័យពូជសាសន៍ ប៉ុល ពត ហើយដោយមានការគាំទ្របន្ថែម ពីកងទ័ពស្មគ្រចិត្តវៀតណាម ទទួលបានជ័យជំនះទាំងស្រុង នាថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩។

ដោយសារគុណូបការៈនេះហើយ បានធ្វើឲ្យស្មារតី២ធ្នូ ក្លាយទៅជាថ្ងៃ ដែលនៅស្ថិតស្ថេរជា អមតៈក្នុងដួងចិត្តប្រជាជនកម្ពុជា ជាពិសេសដួងចិត្តយុវជនជំនាន់ក្រោយគ្រប់ៗរូបដែលជាអ្នកបន្តវេន។ បច្ចុប្បន្ននេះ រណសិរ្សសាមគ្គីសង្គ្រោះជាតិ ២ ធ្នូ ត្រូវបានប្តូរឈ្មោះមកជា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» វិញដែលជាស្ថាប័នចលនាមហាជនដ៏សំខាន់មួយ ឈានមុខរបស់គណបក្សប្រជាជនកម្ពុជា។

ជារៀងរាល់ឆ្នាំ ចលនារណសិរ្ស២ធ្នូ តែងតែប្រារព្ធទិវារំលឹកខួបមិនដែលខកខានឡើយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំប្រទេសជាន់ខ្ពស់ អ្នកមុខអ្នកការ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានចងចាំថា រណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះជីវិតយើងទាំងអស់គ្នាឲ្យ រួចផុតពីវិនាសកម្មដ៏ព្រៃផ្សៃនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្តោះទេ ប៉ុន្តែរណសិរ្ស២ធ្នូ បានជួយប្រជាជនកម្ពុជា និងយុវជនបន្តវេនជំនាន់ក្រោយ ក្នុងការស្តារ កសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឲ្យមានការបង្រួបបង្រួមជាតិ បង្កើតឡើងនូវសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ រីកចំរើនលើគ្រប់វិស័យ។

ស្មារតី២ធ្នូបានធ្វើឲ្យប្រទេសកម្ពុជាសម្រេចបាននូវជោគជ័យដ៏ត្រចះត្រចង់ក្នុងការបំពេញ បេសកកម្មបម្រើជាតិរយៈពេល ៤៧ឆ្នាំ មកនេះ ជាពិសេសព្រឹត្តិកាណ៍ជាប្រវត្តិសាស្រ្ត មួយចំនួន ដូចជា៖ ទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។ការស្តារ និងកសាងប្រទេស ពីគំនរផេះផង់ ឆ្អឹង និងទឹកភ្នែកឈាម បន្សល់ទុកពីរបបកម្ពុជាប្រជាធិបតេយ្យ។បង្កើតបានបុព្វបទ និងលក្ខណៈជាមូលដ្ឋាន សម្រាប់ការបង្រួបបង្រួមជាតិ ឯកភាពទឹកដី។ការបង្កើតរដ្ឋធម្មនុញ្ញថ្មី និងព្រះរាជាណាចក្រកម្ពុជាទី២ នៅឆ្នាំ១៩៩៣។ ព្រឹត្តិការណ៍ជាបន្តបន្ទាប់មកទៀត គឺសមិទ្ធផលនៃការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ដោយមគ្គុទ្ទេសឯកនៃកម្ពុជាគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយបានបង្រួបបង្រួមជាតិ បង្កើតបានសន្តិភាពពេញលេញជូនជាតិកម្ពុជា នៅចុងឆ្នាំ១៩៩៨។

ប្រជាជនកម្ពុជាមានការរីកចម្រើនជាលំដាប់ មានជីវភាពរស់នៅកាន់តែប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ជារៀងរាល់ឆ្នាំគួរឱ្យកត់សម្គាល់។
កម្ពុជាទទួលបានកិត្តិយស និងកិត្យានុភាពប្រសើរឡើង នៅលើឆាកអន្តរជាតិ ដោយមានចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដោយស្មើសិទ្ធិនិងស្មើភាព នៅលើពិភពលោក។

មានថ្ងៃ២ធ្នូ មានថ្ងៃ៧ មករា មានការរីកចម្រើនដូចសព្វថ្ងៃ នេះជាសច្ចៈធម៌ប្រវត្តិសាស្រ្ត ដែលយុវជនជំនាន់ក្រោយត្រូវចងចាំ និងដឹងគុណវីរ:ជនស្នេហាជាតិយើងជារៀងរហូត។

ក្នុងន័យនេះ ស្មារតី២ធ្នូ និងជ័យជំនះ៧ មករា  នឹងធ្វើឲ្យកម្ពុជា សម្រេចបាននូវជោគជ័យធំៗជាច្រើនថែមទៀត សម្រាប់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការអនុវត្តនូវគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក្នុងអាណត្តិទី៧នេះ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងនោះរួមមាន៖ ការរក្សាបាននូវស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដែលជាស្នូលនៃការអភិវឌ្ឍប្រទេស និងត្រូវបានធានាជាប់ជាប្រចាំ។

កម្ពុជា មានសមត្ថភាពដឹកនាំ និងចូលរួមដោះស្រាយបញ្ហាតំបន់ និងពិភពលោក ប្រកបដោយស្មារតីរឹងមាំ និងការទទួលខុសត្រូវខ្ពស់ ជាពិសេស កម្ពុជាបានអនុវត្តន៍នយោបាយការទូតឯករាជ្យ អព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ ផ្អែកលើច្បាប់អន្តរជាតិ។ ភាពជាម្ចាស់ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដោយជោគជ័យ និងបង្កើតជាកិត្តិយសជាតិ មោទនភាពជាតិ និងកិត្យានុភាពជាតិសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូល។

ជារួម សមិទ្ធផលរីកម្រើនដ៏សន្ធឹកសន្ធាប់ដូចសព្វថ្ងៃនេះ គឺជាមរតកដ៏មានតម្លៃ ឧត្តុងឧត្តមថ្លៃថ្លាបំផុតរបស់ប្រជាជនកម្ពុជា ក៏ដូចជាយុវជនអ្នកបន្តវេន ដែលត្រូវតែថែរក្សាការពារឲ្យបានគង់វង្សជានិរន្តរ៍។ កម្ពុជានឹងបន្តពង្រឹងកម្លាំងមហាសាមគ្គីប្រជាជាតិ ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ថែរក្សាសន្តិភាព និងរាល់សមិទ្ធផលនៃសង្គមជាតិ ឲ្យបានរឹងមាំស្ថិតស្ថេរ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ និងបន្តជំរុញដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមប្រកបដោយចីរភាព ឈានទៅសម្រេចចក្ខុវិស័យ ប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ក្នុងទិវាដ៏នក្ខតឬក្សប្រពៃថ្លៃថ្លានេះ ប្រជាជនកម្ពុជាទាំងមូល ជាពិសេសយុវជនយើងជំនាន់ក្រោយ សូមសម្តែងនូវកត្តញ្ញូកតវេទីជូនចំពោះអតីតយុវជន យុទ្ធជន យុទ្ធនារី និងបុព្វបុរសទាំងអស់ដែលបានបូជាជីវិត កម្លាំងកាយ ចិត្ត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។ ជាមួយគ្នានេះ យើងខ្ញុំទាំងអស់គ្នាប្តេជ្ញានឹងបន្តដើរតាមគម្រូវីរ:ភាពដ៏ថ្លៃថ្លា ក្រោមស្មារតី ២ធ្នូជាអមតៈនេះ ដើម្បីបន្តចូលរួមថែរក្សា ការពារ សមិទ្ធផលដែលបានកើតមានឡើង និងចូលរួមកសាង អភិវឌ្ឍប្រទេសជាតិឱ្យកាន់តែសំបូររុវរឿងទៅអនាគតបន្ថែមទៀត។
ជយោ! ស្មារតី ២ធ្នូ ជាអមតៈ
ដោយ : ឌី វីរ:

អត្ថបទទាក់ទង