វិភាគនយោបាយ៖ តើវឌ្ឍនភាពថ្មីៗក្នុងវិស័យការងារ ដែលជាស្នាដៃរបស់នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាមានអ្វីខ្លះ?
ចាប់តាំងពីបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងនៅថ្ងៃទី ២៤ សីហា ឆ្នាំ ២០២៣ រួចមក គណ:រដ្ឋមន្ត្រីអាណត្តិទី៧ បានបន្តពិនិត្យនិងតាមដានការអនុវត្តគោលនយោបាយអាទិភាពទាំង៦ចំណុចរបស់ខ្លួនយ៉ាងសកម្ម។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានកំណត់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលថ្មីនេះគឺជារាជរដ្ឋាភិបាលធ្វើកំណែទម្រង់ និងគាំពារជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងជាលំដាប់។ បើក្រឡេកមើលវិស័យការងារវិញ យើងសង្កេតឃើញថា មានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនជាបន្តបន្ទាប់កំពុងកើតឡើង។ ជាក់ស្តែងត្រឹមរយ:ពេលកាន់តំណែងប្រមាណជិតមួយខែប៉ុណ្ណោះ នៅក្នុងវិស័យការងារមួយ គឺរាជរដ្ឋាភិបាលបានសម្រេចនូវកិច្ចការស្នូលរបស់ខ្លួនជាបន្តបន្ទាប់ដូចជា៖
១. ការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ ដែលពេលនេះក្រសួងការងារ និងភាគីពាក់ព័ន្ធ បាននិងកំពុងសម្របសម្រួល ហើយតាមរយៈកិច្ចប្រជុំកាលពីថ្ងៃទី១៨ ខែកញ្ញា គ្រប់ភាគីបានឯកភាពគ្នាកំណត់កិច្ចប្រជុំចុងក្រោយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីចេញជាលទ្ធផលល្អជូនកម្មករនិយោជិតឱ្យបានមុនពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ។ បើតាមរបាយការណ៌របស់អង្គការ ILO កម្ពុជាគឺជាប្រទេសតែមួយគត់ ក្នុងចំណោមប្រទេសដែលនាំចេញផលិតផលវាយនភណ្ឌ ដែលដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤។ នេះជាកិច្ចខិតខំប្រឹងប្រែងគិតគូរដល់ជីវភាពរបស់កម្មករ កម្មការិនី របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ។
២. ការដាក់ឱ្យអនុវត្តនូវរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តដល់បុគ្គលស្វ័យនិយោជន៍ (អ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ) និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ដែលពួកគាត់អាចទទួលអត្ថប្រយោជន៌ពីការទទួលបាននូវការពិនិត្យ និងព្យាបាលសុខភាពនៅតាមមន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យឯកជន មួយចំនួនដោយឥតគិតថ្លៃ ហើយកិច្ចការនេះ ក្រសួងការងារកំពុងតែរៀបចំជាបណ្តើរៗ។
៣. សម្រេចបញ្ចុះថ្លៃអគ្គិសនីសម្រាប់រោងចក្រ និងសហគ្រាស ផ្នែកឧស្សាហកម្ម និងផ្នែកកសិកម្ម ដើម្បីជំរុញឱ្យនិយោជកទាំងនោះ ទទួលបានផលចំណេញបន្ថែម និងយកទៅបង្កើតការងារបន្ថែមទៀត ក៏ដូចជាបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ។ ថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចឱ្យក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ធ្វើការបញ្ចុះថ្លៃអគ្គិសនីចំពោះបរិមាណអគ្គិសនី ដែលអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម ដែលភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និងតង់ស្យុងខ្ពស់ក្នុងក្របខណ្ឌទូទាំងប្រទេស ។ ការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់នាយករដ្ឋមន្ត្រីនាពេលនេះគឺសំដៅរក្សាបានទាំងឆ្នាំងបាយរបស់កម្មករ ក្នុងន័យថា «ជួយថៅកែ ដើម្បីផលប្រយោជន៍កម្មករនិយោជិត» ប្រកបដោយនិរន្តរភាព។
៤- ខិតខំប្រឹងប្រែងទាក់ទាញវិនិយោគគិនពីបរទេស តាមរយៈកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣, ដំណើរទស្សនកិច្ចទៅប្រទេសចិន និងគោលដៅជួបអ្នកធុរកិច្ចនៅសហរដ្ឋអាមេរិក ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិលើកទី៧៨។ រាជរដ្ឋាភិបាលកម្ពុជាអាណតិ្តថ្មី ព្យាយាមដើរប្រមែប្រមូល និងប្រម៉ូតពីផលិតផលរបស់កម្ពុជា ព្រមទាំងពីភាពល្អប្រសើរនៃឱកាសវិនិយោគនៅកម្ពុជា ក្នុងគោលដៅមួយដែល លោកនាយករដ្ឋមន្ត្រី បានលើកឡើងថា ដើរទាក់ម៉ូយ នេះក៏ដើម្បីបង្កើតការងារ និងបង្កើនប្រាក់ចំណូលដល់បងប្អូនប្រជាពលរដ្ឋខ្មែរក្នុងប្រទេសផងដែរ។
ជារួមនាយករដ្ឋមន្ត្រីវ័យក្មេងកម្ពុជា បាននិងកំពុងធ្វើដំណើរដ៏ស្វាហាប់ក្នុងការចាប់ផ្តើម ដឹកនាំប្រទេស ដោយបង្ហាញនូវកិច្ចខិតខំប្រឹងប្រែងជាច្រើន និងលើគ្រប់វិស័យ។ ដូច្នេះយើងជឿជាក់ថា ការខិតខំប្រឹងប្រែងរបស់ប្រមុខដឹកនាំកម្ពុជា នឹងពិតជាផ្តល់ផលប្រយោជន៍ ដល់ប្រជាជន និងប្រទេសជាតិ ជាពិសេសគឺការសម្រេចបានគោលដៅកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕
ដោយ៖ រិទ្ធិសក្តិ