សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ” គណៈកម្មាធិការធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ត្រូវពង្រឹងបទដ្ឋានការងារឱ្យចំគោលដៅ ដើម្បីឆ្ពោះទៅរកការលុបបំបាត់ផលិតផលក្លែងក្លាយ “
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យឯកជនបានលើកពីកាអនុវត្តការងាររបស់គណៈកម្មាធិការធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នេះបានក្លាយជាបន្ទុកមួយ។ ដើម្បីឆ្លើយទៅនឹងបញ្ហានេះ ក្រសួងមហាផ្ទៃបានដាក់ចេញសេចក្តីសម្រេចលេខ ៤៦ ដល់លេខ៨៦ ស.ស.រ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីផ្អាកជាបន្ទាន់នូវការស្រាវជ្រាវ និងស៊ើបអង្កេតការប្រើប្រាស់ផលិតផលក្លែងក្លាយ របស់លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដើម្បីកែសម្រួលតួនាទីភារកិច្ច ឈានទៅលុបបំបាត់អវិជ្ជមានលើប្រសិទ្ធភាពការងារ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុង «វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩» នៅវិមានសន្តិភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា បទដ្ឋានការងារត្រូវដាក់ចេញឱ្យបានច្បាស់លាស់ ឱ្យមានភាពសាមញ្ញ ដែលសំខាន់បំផុតត្រូវអនុវត្តឱ្យចំគោលដៅ កុំអនុវត្តលើស។ សម្ដេចធិបតីក៏បានជំរុញឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្តពន្លឿននីតិវិធីនេះ ដោយធ្វើយ៉ាងណាជំរុញរៀបចំពិនិត្យឡើងវិញ ជាពិសេសយន្តការអនុវត្តតែម្តង ព្រោះវាជាប់ពាក់ព័ន្ធនឹង «កំណែទម្រង់ពង្រឹងរដ្ឋបាលសាធារណៈ» ដែលជាវិធានការគន្លឹះមួយរបស់រដ្ឋាភិបាលនីតិកាលទី៧៕