Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បិទសិក្ខាសាលាបូកសរុបលទ្ធផលការងារជំនាញបញ្ជូនសារឆ្នាំ ២០២៣ និង លើកទិសដៅអនុវត្តឆ្នាំ ២០២៤ ទូទាំងកងយោធពលខេមរភូមិន្ទ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1100
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បិទសិក្ខាសាលាបូកសរុបលទ្ធផលការងារជំនាញបញ្ជូនសារឆ្នាំ ២០២៣ និង លើកទិសដៅអនុវត្តឆ្នាំ ២០២៤ ទូទាំងកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បិទសិក្ខាសាលាបូកសរុបលទ្ធផលការងារជំនាញបញ្ជូនសារឆ្នាំ ២០២៣ និង លើកទិសដៅអនុវត្តឆ្នាំ ២០២៤ ទូទាំងកងយោធពលខេមរភូមិន្ទ

ភ្នំពេញ៖ បន្ទាប់ពីបានដំណើរការអស់រយៈពេលពេញមួយព្រឹក នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ អង្គសិក្ខាសាលាបូកសរុបលទ្ធផលការងារជំនាញបញ្ជូនសារឆ្នាំ ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ ២០២៤ ទូទាំងកងយោធពលខេមរភូមិន្ទ បានប្រារព្ធពិធីបិទ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

យោងតាមរបាយការណ៍បូកសរុបរបស់ ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ បានឲ្យដឹងថា៖ ក្នុងរយៈពេលពេញមួយព្រឹក អង្គសិក្ខាសាលាបានធ្វើការពិភាក្សា ដកបទពិសោធន៍ចែករំលែកនូវវឌ្ឍនភាពថ្មីៗ នៃជំនាញបញ្ជូនសារ, លើកឡើងអំពីគុណសម្បត្តិ បញ្ហាប្រឈម ដើម្បីដោះស្រាយ និងរិះរកចំណុចល្អៗជាច្រើន។ ឯកឧត្តម នាយក នាយកដ្ឋានបញ្ជូនសារ បានបញ្ជាក់ថា៖ លើការងារធានាបញ្ជូនសារ ការថែរក្សាទុកដាក់ គឺបានឯកភាពគ្នាក្នុងការពង្រឹងពង្រីកចំណេះដឹងមន្ត្រីជំនាញបញ្ជូនសារ ឲ្យកាន់តែស្ទាត់ជំនាញទាំងធានាទាក់ទង រក្សាទុក និងរក្សាការសំងាត់។ បានឯកភាពគ្នាអំពីស្វ័យសិក្សាជំនាញ និងអនុវត្តហ្វឹកហ្វឺនបណ្តុះបណ្តាល និងបំប៉នជំនាញបញ្ជូសារ តាមផែនការហ្វឹកហ្វឺរបស់ទីចាត់ហ្វឹកហ្វឺនអគ្គបញ្ជាការ។ ក្នុងនោះបានស្នើឲ្យមានការបំពាក់វិទ្យុទាក់ទងនៅតាមបណ្តាកងឯកភាព ដែលមិនទាន់បានបំពាក់ និងបានស្នើឲ្យមានការបំពាក់បញ្ជាការដ្ឋានកងទ័ពជើងទឹក កងទ័ពជើងអាកាស និងបណ្តាអង្គភាពជំនាញ ពិសេសអង្គភាពឈរជើងនៅតាមបណ្តោយព្រំដែនផងដែរ។

ថ្លែងបិទអង្គសិក្ខាសាលានោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា៖ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចមហារបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គោលដៅយុទ្ធសាស្ត្រជាអាទិភាពគន្លឹះ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ពិសេសបច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សហកម្មទី៤ និងបដិវត្តកម្មឌីជីថលជាមនុស្សយន្ត ដែលជាមធ្យោបាយដ៏សំខាន់ នៃការសម្រេចចក្ខុវិស័យឆ្នាំ២០៥០។

ចំពោះវិស័យការពារជាតិ រាជរដ្ឋាភិបាលបន្តជម្រុញការកែទម្រង់ ខ.ភ.ម សំដៅលើកកម្ពស់ការកសាងបណ្តុះបណ្តាលធនធានមនុស្ស ការអភិវឌ្ឍសមត្ថភាពកងទ័ព ប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់។ រាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់អភិវឌ្ឍន៍សម្ភារៈបច្ចេកទេស យុទ្ធោបករណ៍ ភស្តុភារ និងហិរញ្ញវត្ថុ សំដៅឈានទៅធ្វើទំនើកម្មកងទ័ព ឆ្លើយតបទៅនឹងភាពជឿជាក់ នៃបច្ចេកវិទ្យាទំនើប និងការធ្វើនវានុវត្តយោធាក្នុងតំបន់ និងពិភពលោក ប្រកបដោយចេរភាព នៅក្នុងរយៈពេលមធ្យម និងវែង និងលើកស័ក្តសិទ្ធភាពគ្រប់កងឯកភាពក្នុងខ.ភ.ម។

លើមូលដ្ឋាននេះ ទើបក្រសួងការពារជាតិជម្រុញឲ្យនាយកដ្ឋានបញ្ជូនសារ បញ្ជាការដ្ឋានបញ្ជូនសារ អគ្គបញ្ជាការ ពង្រឹងការងារដឹកនាំបញ្ជា និងការងារគ្រប់គ្រងរៀបចំឯកសារ កម្មវិធីហ្វឹកហ្វឺន បណ្តុះបណ្តាល និងបំប៉នដល់នាយទាហានជំនាញ នៅគ្រប់កងឯកភាពក្នុងខ.ភ.ម សំដៅអភិវឌ្ឍន៍លើកកម្ពស់ធនធានមនុស្ស ប្រកបដោយគុណភាពសមត្ថភាព ឆ្លើយតបទៅនឹងសេចក្តីត្រូវការអភិវឌ្ឍនាយទាហានបន្តវេន ដែលជាកត្តាគន្លឹះរួមចំណែកការពារខឿនការពារជាតិ ការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានជម្រុញ និងលើទឹកចិត្តដល់នាយកដ្ឋានបញ្ជូនសារ បន្តការផ្សព្វផ្សាយជំនាញដល់កងឯកភាពរបស់អគ្គបញ្ជាការ និងយោធភូមិភាគ ព្រមទាំងបានផ្តល់ប័ណ្ណថ្លែងអំណរគុណ និងប្រគល់ជូន សម្ភារៈបញ្ជូនសារ ជូនដល់បណ្តាកងឯកភាព នៃខ.ភ.ម ផងដែរ ៕