Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

បរិមាណនាំចូលប្លាស្ទិកចូលមកកម្ពុជា នៅត្រីមាសទី១ ឆ្នាំ២០២៤ មានការថយចុះប្រមាណ៧៥% ធៀបនឹងការនាំចូល នៅត្រីមាសទី១ ឆ្នាំ២០២៣

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1158
បរិមាណនាំចូលប្លាស្ទិកចូលមកកម្ពុជា នៅត្រីមាសទី១ ឆ្នាំ២០២៤ មានការថយចុះប្រមាណ៧៥% ធៀបនឹងការនាំចូល នៅត្រីមាសទី១ ឆ្នាំ២០២៣ បរិមាណនាំចូលប្លាស្ទិកចូលមកកម្ពុជា នៅត្រីមាសទី១ ឆ្នាំ២០២៤ មានការថយចុះប្រមាណ៧៥% ធៀបនឹងការនាំចូល នៅត្រីមាសទី១ ឆ្នាំ២០២៣

យោងតាមនាយកដ្ឋានគ្រប់គ្រងសំណល់រឹង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានឱ្យដឹងថា ការនាំចូលប្លាស្ទិកឆ្នាំ ២០២៤ សម្រាប់ប្រើប្រាស់ទូទៅ មានក្រុមហ៊ុនចំនួន០១ប៉ុណ្ណោះ ដែលទទួលការអនុញ្ញាតពីក្រសួងបរិស្ថាន និងធ្វើការនាំចូលថង់ប្លាស្ទិកប្រើប្រាស់ទូទៅ សរុបបរិមាណចំនួន ១២ ៣៣៦, ៣៨ គីឡូក្រាម គិតត្រឹមរយៈពេលត្រីមាសទី១ ឆ្នាំ២០២៤។ ដោយឡែក ការនាំចូលថង់ប្លាស្ទិកសម្រាប់បម្រើសង្វាក់ផលិតកម្ម ឃើញមានក្រុមហ៊ុនចំនួន០២ ប៉ុណ្ណោះ ទទួលបានការអនុញ្ញាត – ពីក្រសួងបរិស្ថាន និងធ្វើការនាំចូលថង់ប្លាស្ទិកបម្រើសង្វាក់ផលិតកម្ម សរុបបរិមាណចំនួន ៩ ១៥២, ៤៤ គីឡូក្រាម ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤នេះ។

បើប្រើបធៀប ការនាំចូលថង់ប្លាស្ទិកសម្រាប់ប្រើប្រាស់ទូទៅ នៅក្នុងឆ្នាំ២០២៣ មានក្រុមហ៊ុនចំនួន១៧ បាន ទទួលការអនុញ្ញាតពីក្រសួងបរិស្ថាន និងធ្វើការនាំចូលថង់ប្លាស្ទិកប្រើប្រាស់ទូទៅសរុប ចំនួន ១៣១ ៣៥៦,៨៥ គីឡូក្រាម/ឆ្នាំ ហើយក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ការនាំចូលមានបរិមាណសរុបចំនួន ៤៩ ២៩៧,២៩ គីឡូក្រាម។ ការនាំចូលថង់ប្លាស្ទិកសម្រាប់បម្រើសង្វាក់ផលិតកម្ម៖ ក្រុមហ៊ុនចំនួន១៣ ទទួលការអនុញ្ញាត – ពីក្រសួងបរិស្ថាន និងធ្វើការនាំចូលថង់ប្លាស្ទិកសម្រាប់បម្រើសង្វាក់ផលិតកម្មសរុបចំនួន ១៣៥ ៣៩៦,៩៣ គីឡូក្រាម/ឆ្នាំ ដែលក្នុងនោះ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ មានការនាំចូលមានបរិមាណ ៣៥ ៥៨០, ០៩ គីឡូក្រាម។

ដោយឡែក នៅក្នុងឆ្នាំ២០២៣ បរិមាណនាំចូលថង់ប្លាស្ទិកសម្រាប់ការប្រើប្រាស់ទូទៅច្រើនជាងគេ គឺ នៅក្នុងត្រីមាសទី១ ដែលមានបរិមាណ ៤៩ ២៩៧, ២៩ គីឡូក្រាម/ត្រីមាស ដែលក្នុងនោះ នៅខែមករា ថង់ប្លាស្ទិកប្រើប្រាស់ទូទៅបរិមាណ ចំនួន ៤៥ ៦១៤,៨០ គីឡូក្រាម/ខែ ត្រូវបាននាំចូលច្រើនជាងគេប្រចាំឆ្នាំ។ នៅក្នុងត្រីមាសទី២ យើងឃើញថាការនាំចូលថង់ប្លាស្ទិកប្រើប្រាស់ទូទៅមានបរិមាណទាប ជាងគេ ដែលមានចំនួនត្រឹម ១០ ៨២១,៨៦ គីឡូក្រាម/ខែ តែប៉ុណ្ណោះ ទន្ទឹមនឹងនេះ យើងឃើញថា នៅក្នុង អំឡុងខែវិច្ឆិកា និងធ្នូ គឺពុំមានការស្នើសុំអនុញ្ញាតនាំចូលថង់ប្លាស្ទិកប្រើប្រាស់ទូទៅនោះទេ។

ដូចគ្នាដែរ ការនាំចូលថង់ប្លាស្ទិកបម្រើសង្វាក់ផលិតកម្ម នៅក្នុងឆ្នាំ២០២៣ បរិមាណនាំចូលថង់ប្លាស្ទិកបម្រើសង្វាក់ផលិតកម្ម កើនឡើងខ្លាំងក្នុង អំឡុង ត្រីមាសទី២ ដែលមានបរិមាណ ៤១ ៤២៥,៨៣ គីឡូក្រាម/ត្រីមាស ដែលក្នុងនោះខែមិថុនា មានការ នាំចូលថង់ប្លាស្ទិកបម្រើសង្វាក់ផលិតកម្មចំនួន ២៨ ២៦៨,៥៧ គីឡូក្រាម/ខែ ដែលមានបរិមាណច្រើនជាង គេប្រចាំឆ្នាំ។ ដោយឡែក នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២៣ ការនាំចូលថង់ប្លាស្ទិកបម្រើសង្វាក់ផលិតកម្ម មានការថយចុះ និងទាបជាងគេប្រចាំឆ្នាំដែលមានបរិមាណត្រឹមតែ ២០ ៧៧០,៥៣ គីឡូក្រាម/ត្រីមាស តែ ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ យើងឃើញថា នៅក្នុងអំឡុងខែកុម្ភៈ និងខែឧសភា គឺមិនមានការស្នើសុំអនុញ្ញាត នាំចូលថង់ប្លាស្ទិកបម្រើសង្វាក់ផលិតកម្មឡើយ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថាការថយចុះនៃការនាំចូលថង់ប្លាស្ទិកប្រើប្រាស់ទូទៅ គឺជាសញ្ញាវិជ្ជមាន ដែលបង្ហាញថាការ អប់រំផ្សព្វផ្សាយ តាមរយៈការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក កន្លងមកទទួលបានជោគជ័យ ដែលបានផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋ និងមានមនុស្សសរុប ៧,៦លាននាក់ ក្នុងនោះសិស្សានុសិស្សគ្រប់គ្រឹះស្ថានសិក្សាទូទាំងប្រទេស បានប្តេជ្ញាចិត្តមិនប្រើប្លាស្ទិកយ៉ាងតិចចំនួន ១ថ្ងៃ ក្នុង១សប្តាហ៍។ ដូចនេះ ការថយចុះនៃការនាំចូលថង់ប្លាស្ទិកបម្រើក្នុងសង្វាក់ផលិតកម្ម អាចបណ្តាលមកពីការផលិត ក្នុងស្រុក ដែលមានតម្រូវការថង់ប្លាស្ទិក មានការថយចុះ៕