ក្រសួងបរិស្ថានណែនាំ៤ ចំណុចដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ការបំពុលខ្យល់នៅក្នុងរដូវប្រាំង
ភ្នំពេញ៖ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា មានភាពល្អប្រសើរ ដោយកម្រិតភាគល្អិតនិចល PM 2.5 ស្ថិតចន្លោះពី ១៨,០៣ µg/m3 ទៅ ២១,៤៣ µg/m3 ដែលទាបជាងកម្រិតស្តង់ដារកំណត់ គឺ ៥០ µg/m3 ជាមធ្យមក្នុងរយៈពេល២៤ម៉ោង នៅខណៈដែលរបបខ្យល់មូសុង កំពុងបក់ពីទិសខាងជើងមកទិសខាងត្បូងនារដូវនេះ។
ដើម្បីធានាបាននូវការទប់ស្កាត់ការបំពុលខ្យល់ជាយថាហេតុនៅក្នុងរដូវប្រាំងនេះ ក្រសួងបរិស្ថាន បានជូនដំណឹង និងណែនាំដល់អាជ្ញាធរមូលដ្នាន និងប្រជាពលរដ្ឋចាំបាច់ត្រូវចូលរួមទប់ស្កាត់ ការបំពុលខ្យល់តាមរយៈវិធានការ ៤ចំនុចដូចខាងក្រោម៖
- ទី១.អាជ្ញាធរត្រូវធ្វើការណែនាំ ប្រជាពលរដ្ឋមិនឱ្យដុតរានព្រៃ វាលស្មៅ សំណល់កសិកម្ម គល់ជញ្ជ្រាំង សំរាម-សំណល់រឹង និងការដុតសំណល់ផ្សេងៗទៀតនៅទីចំហឡើយ។
- ទី២.អាជ្ញាធរ ត្រូវចាត់វិធានការទប់ស្កាត់សកម្មភាពដុតរានព្រៃ ដុតវាលស្មៅ ដុតសំណល់កសិកម្ម ដុតសំរាមសំណល់រឹងនៅទីចំហ និងការឆេះនៅទីលានចាក់សំរាម។
- ទី៣.អាជ្ញាធរ និងប្រជាពលរដ្ឋត្រូវចាត់វិធានការទប់ស្កាត់ការហុយធូលីនៅការដ្ឋានសំណង់ និងការដឹកជញ្ជូនសម្ភារសំណង់។
- ទី៤. អាជ្ញាធរ ត្រូវធ្វើការសម្អាតធូលី និងធ្វើអនាម័យនៅតាមដងផ្លូវ និងទីសាធារណៈឱ្យបានជាប់ជាប្រចាំ។ អត្ថបទ៖ទូច សោភ័ណ។