Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ខេត្តកែប ផលិតអំបិលកើនឡើងយ៉ាងខ្លាំង រហូតដល់ជិត ៤ម៉ឺនតោន ក្នុងរយៈពេល៤ខែដើមឆ្នាំនេះ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1126
ខេត្តកែប ផលិតអំបិលកើនឡើងយ៉ាងខ្លាំង រហូតដល់ជិត ៤ម៉ឺនតោន ក្នុងរយៈពេល៤ខែដើមឆ្នាំនេះ ខេត្តកែប ផលិតអំបិលកើនឡើងយ៉ាងខ្លាំង រហូតដល់ជិត ៤ម៉ឺនតោន ក្នុងរយៈពេល៤ខែដើមឆ្នាំនេះ

រយៈពេល៤ខែ ឆ្នាំ២០២៤នេះ ដោយសារអាកាសធាតុ ក្តៅ និងការអូសបន្លាយនៃរដូវប្រាំង បានធ្វើឱ្យការផលិតអំបិលនៅខេត្តកែប សម្រេចបានប្រមាណជិត ៤ម៉ឺនតោនកើនឡើងក្នុងកម្រិតខ្ពស់ ដែលនឹងធ្វើឱ្យការផ្គត់ផ្គង់គ្រប់តាមតម្រូវការនៅទូទាំងប្រទេស។

លោក ភោគ សុខេន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកែប បានឲ្យដឹងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ថា ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២៤នេះ ខេត្តកែបផលិតអំបិលបានចំនួន ៣៧ ២៩៨តោន បើធៀបនឹងឆ្នាំមុន មួយឆ្នាំពេញផលិតអំបិលបានត្រឹមតែចំនួន ២ ៥១៥ តោនប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងណាមិញ តម្លៃអំបិលនៅឆ្នាំនេះ បែរជាធ្លាក់ចុះ។

បច្ចុប្បន្ននេះតម្លៃអំបិលលក់ក្នុង១បាវ (ចំណុះ៥០គីឡូក្រាម) មានតម្លៃចាប់ពី ៦,០០០រៀល ទៅ១០,០០០រៀល តាមប្រភេទអំបិល ពោល គឺម្លៃអំបិលឆ្នាំនេះ មានការថយចុះជាងឆ្នាំមុនៗ។ ជាទូទៅការផលិតអំបិលនៅខេត្តកែប គឺផ្គត់ផ្គង់ក្នុងខេត្ត និងតាមបណ្តាខេត្តផ្សេងៗ ក្នុងប្រទេស។

បើតាមលោក ភោគ សុខេន បច្ចុប្បន្នខេត្តកែប មានផ្ទៃដីស្រែអំបិលសរុបចំនួន ៤៩៧.៨៧ ហិកតា ផ្ទៃដីស្រែអំបិលផលិតជាក់ស្តែងមានចំនួន ៣៥១.៥០ហិកតា និងកសិករផលិតអំបិលចំនួន ៨ក្រុម។

សូមជម្រាបថា ខេត្តកំពត និងកែប គឺជាទីតាំងផលិតអំបិលនៅកម្ពុជា។ កាលពីឆ្នាំ២០២៣ ខេត្តទាំងពីរផលិតអំបិល បានបានសរុបចំនួន៨១ ៩០៤ តោន លើផ្ទៃដីស្រែអំបិលជាង ៣ពាន់ហិកតា សម្រាប់ផ្គត់ផ្គង់ប្រជាជនទូទាំងប្រទេស ដោយពុំមានការនាំចូលអំបិលពីបរទសនោះទេ។

តាមក្រសួងឧស្សាហកម្មបញ្ជាក់ថា បច្ចុប្បន្ននេះ ផ្ទៃដីផលិតអំបិលនៅកម្ពុជា មានចំនួន ៣,៩៨៧.៣៥ ហិកតា ក្នុងនោះនៅខេត្តកំពត ៣ ៤៨៩.៤៨ ហិកតា និងខេត្តកែប ៤៩៧.៨៧ ហិកតា។ ចំណែកក្រុមផលិតមានចំនួន១៩១ក្រុម ក្នុងនោះខេត្តកំពតផលិតបាន ៧៨ ៤៨៤ តោន និងខេត្តកែបផលិតបាន ៣ ៤១៩តោន។ សិប្បកម្មចំនួន ៣២មូលដ្ឋាន ក្នុងចំណោម ៥៤មូលដ្ឋាន ដែលទទួលបាន អាជ្ញាបណ្ណប្រើប្រាស់ស្លាកសញ្ញាជាតិ សម្គាល់អំបិលដែលបានបញ្ចូលអីយ៉ូដ។

ក្រសួង ក៏បានរៀបចំគម្រោងវាស់វែង ធ្វើបច្ចុប្បន្នភាពកំណត់ផែនទីដីស្រែអំបិល និងចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការអភិរក្ស និងការអភិវឌ្ឍដីសអំបិលខេត្តកំពត និងខេត្តកែបជាបន្តបន្ទាប់ និងបានចេញប្រកាស ស្តីពីគោលការណ៍បង្កើត និងគ្រប់គ្រងសហគមន៍អំបិលខេត្តកំពត-កែប និងសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្សព្វផ្សាយប្រកាស និងជំរុញបង្កើតសហគមន៍អ្នកផលិតអំបិលខេត្តកំពត- កែប៕