Khmer First Close

សារព័ត៌មាន Travelweekly-Asia ៖​ ស្វែងយល់ពីខេត្តកែប ដែលជាត្បូងពេជ្រមិនទាន់ច្នៃរបស់កម្ពុជា

ដោយ៖ សម្បត្តិ កិត្យា ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ 134
សារព័ត៌មាន Travelweekly-Asia ៖​ ស្វែងយល់ពីខេត្តកែប ដែលជាត្បូងពេជ្រមិនទាន់ច្នៃរបស់កម្ពុជា សារព័ត៌មាន Travelweekly-Asia ៖​ ស្វែងយល់ពីខេត្តកែប ដែលជាត្បូងពេជ្រមិនទាន់ច្នៃរបស់កម្ពុជា

ខេត្តកែប ដែលខេត្តជាប់មាត់សមុទ្រដ៏តូចមួយរបស់កម្ពុជា បានសម្ងំលាក់ខ្លួន  ឆ្ងាយពីប្រជាជនកម្ពុជាអស់ជាច្រើនទសវត្សរ៍មកហើយ បើទោះជាខេត្តនេះនៅជិតនឹងកោះត្រល់ក៏ដោយ។ ប៉ុន្តែ ដោយសារការស្ថាបនាផ្លូវមួយខ្សែថ្មីមួយតាមបណ្ដោយឆ្នេរអង្កោល ការកែលម្អអគារសម័យអាណានិគមបារាំងឱ្យទៅជាសណ្ឋាគារ និងការអភិវឌ្ឍនានានៅលើកោះទន្សាយ បានធ្វើឱ្យខេត្តកែបត្រៀមខ្លួនជាស្រេចក្នុងការផ្តល់នូវភាពស្រស់ស្រាយដល់ភ្ញៀវទេសចរបន្ថែមពីលើសម្រស់ដ៏ស្រស់ត្រកាលនៃប្រាសាទបុរាណនានា។

ទីដែលធ្លាប់ជាកន្លែងសម្រាកលម្ហែររបស់ជនជាតិបារាំងនាសម័យអាណានិគម និងរបស់ប្រជាជនខ្មែរដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភកាលពីមុន ខេត្តកែប “ធ្លាប់ជាខេត្ត Saint Tropez (ជាខេត្តជាប់មាត់សមុទ្ររបស់បារាំង) របស់កម្ពុជានាសម័យអាណានិគម និងមុនរបបខ្មែរក្រហម)” នេះបើតាមលោក Courtney Cader អ្នកគ្រប់គ្រងទូទៅនៃសណ្ឋាគារ Saravoan Kep ដែលជាសណ្ឋាគារប៊ូទិក មានទីតាំងនៅចង្កេះភ្នំដែលអាចឱ្យគេមើលឃើញលម្ហរសមុទ្រនៅខាងក្រោមបាន។ លោក Courtney Cader បាននិយាយថា «ប្រជាជនកម្ពុជាដែលមានជីវភាពធូរធារ បានសាងសង់វីឡាធំៗនៅទីនេះសម្រាប់សម្រាកលម្ហែរនារដូវវិស្សមកាលរបស់ពួកគេ» ខណៈដែលបច្ចុប្បន្ននេះ វីឡាខ្លះត្រូវបានប្រែក្លាយទៅជាសណ្ឋាគារ ខ្លះត្រូវបានគេបោះបង់ចោលមានព្រៃដុះស៊ុបទ្រុប ដែលបង្កើតបានជាទស្សនីយភាពគួរឱ្យពិចពិលរមិលមើល។

អតីតព្រះបរមរាជវាំងក្នុងខេត្តកែបត្រូវបានប្រែក្លាយជាសារមន្ទីរមួយដែលដាក់តាំងបង្ហាញនូវវត្ថុសិល្បៈដែលផ្តល់ការយល់ដឹងអំពីប្រវត្តិនៃព្រះរាជសកម្មភាពរបស់ព្រះមហាក្សត្រខ្មែរនៅខេត្តនេះ ដែលបើកឱ្យមនុស្សម្នាចូលទស្សនាដោយសេរី។

ខេត្តកែបក៏ល្បីឈ្មោះផងដែរខាងមានអាហារសមុទ្រស្រស់ៗ ជាពិសេសក្តាមគឺសេះ។ លោក Cader បានពន្យល់ថា «អត្តសញ្ញាណរបស់កែបគឺផ្សារភ្ជាប់នឹងក្តាមសេះ»។ ភ្ញៀវទេសចរនាំគ្នាសម្រុកទៅផ្សារក្តាម ជាទីដែលពួកគេអាចរីករាយជាមួយនឹងអាហារដ៏ឆ្ងាញ់នេះ រួមជាមួយនឹងភោជនីយដ្ឋានចម្រុះជាច្រើន។

អ្នកដែលស្រឡាញ់ធម្មជាតិនឹងពេញចិត្តចំពោះឆ្នេរសមុទ្រប្រវែង ២,៧ គីឡូម៉ែត្រនៅក្នុងខេត្តនេះ រួមទាំងឧទ្យានជាតិ វាលស្រែអំបិល ព្រៃកោងកាង និងបណ្ដារូងភ្នំជាច្រើនកន្លែង។ លោក Cader បានបន្ថែមថា «រៀងរាល់ចុងសប្តាហ៍មានការប្រគុំតន្ត្រីនៅកន្លែងផ្សេងៗគ្នា ដែលរៀបចំដោយក្រុម Kep Music City និង Art For Kep»។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ក៏បានកត់សម្គាល់ពីសារៈសំខាន់នៃគំនិតផ្តួចផ្តើមសិល្បៈសម្រាប់ខេត្តកែបនេះផងដែរ ថាបានលើកកម្ពស់សិល្បករក្នុងស្រុក និងបានបញ្ជ្រាបវិស័យសិល្បៈទៅក្នុងទីសាធារណៈ។

សម្រាប់បទពិសោធន៍ផ្សងព្រេងតាមបែបពនេចរវិញ ទីជនបទជុំវិញខេត្តកែប ផ្តល់នូវទេសភាព និងរូងភ្នំថ្មកំបោរដ៏គួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់។ នៅកំពង់ត្រាចមានអាងទឹកពណ៌ខៀវដ៏ស្រស់ស្អាត រីឯភ្នំទឹកធំដែលគេអាចធ្វើដំណើរប្រហែល ៤០ នាទីពីទីរួមខេត្ត គឺជាទីដែលមានស្ពានឫស្សីវែងជាងគេលំដាប់ទី២ របស់កម្ពុជា។ លោក Cader បានរៀបរាប់ថា «នៅរដូវវស្សា រូងភ្នំទាំងនេះត្រូវបានហ៊ុំព័ទ្ធដោយទឹកលិច វាលស្រែ និងហ្វូងក្របី។

កោះទន្សាយ ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីឆ្នេរ ផ្តល់ជូនភ្ញៀវទេសចរនូវកន្លែងស្នាក់នៅបែបផ្ទះឈើ អង្រឹង ឬខ្ទម រួមជាមួយនឹងការអាំងសាច់នៅលើឆ្នេរ។ លោក Cader បាននិយាយថា «ផ្ទៃដីពាក់កណ្តាលនៃកោះទន្សាយកំពុងត្រូវបានអភិវឌ្ឍ ដោយមានការសាងសង់កន្លែងស្នាក់នៅដ៏ប្រណិត។ កោះនេះនៅតែរក្សាបាននូវលក្ខណៈដើមនៅឡើយ ប៉ុន្តែប្រកបដោយភាពទាក់ទាញ»។

អង្គការអភិរក្សសមុទ្រកម្ពុជាកំពុងធ្វើការងារដើម្បីការពារជីវិតសត្វសមុទ្រនៅខេត្តកែប រួមទាំងការដាំស្មៅសមុទ្រសម្រាប់ជ្រូកសមុទ្រ (dugongs) និងជាជម្រកសម្រាប់សត្វផ្សោតពណ៌ផ្កាឈូក និងផ្កាថ្មផងដែរ។

ការរួមបញ្ចូលគ្នានៃសម្រស់ធម្មជាតិ ភាពស្ងប់ស្ងាត់ និងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ខេត្តកែប បានធ្វើឱ្យខេត្តនេះក្លាយជាគោលដៅទាក់ទាញកាន់តែខ្លាំង។ លោក ធួន ស៊ីណាន បាននិយាយថា «អ្វីដែលធ្វើឲ្យខេត្តកែបខុសពីគេ គឺបរិយាកាសស្ងប់ស្ងាត់ ធម្មជាតិដ៏អស្ចារ្យ និងឱកាសក្នុងការទៅលេងបណ្ដាកោះដែលនៅក្បែរៗខេត្តនេះ»។ លោកថា «ការអភិវឌ្ឍនៅលើកោះទន្សាយនឹងផ្តល់ឱ្យភ្ញៀវទេសចរនូវបទពិសោធន៍មិនធ្លាប់មាន នៃការច្របាច់បញ្ចូលគ្នានៃការសម្រាកលម្ហែរ និងការផ្សងព្រេង»។

ប្រភព៖ Travelweekly-Asia