Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

កម្ពុជា និងកាណាដា ពិភាក្សានិងផ្លាស់ប្តូរយោបល់ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ 499
កម្ពុជា និងកាណាដា ពិភាក្សានិងផ្លាស់ប្តូរយោបល់ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី កម្ពុជា និងកាណាដា ពិភាក្សានិងផ្លាស់ប្តូរយោបល់ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅវិមានសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពីង គិតនីកន (Ping M. Kitnikone) ឯកអគ្គរដ្ឋទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារ ប្រកបដោយកិច្ចសហប្រតិបត្តិការល្អរវាងកាណាដា-កម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមអ្នកនាំពាក្យនាយករដ្ឋមន្រ្តី។

នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះបានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវឯកអគ្គរដ្ឋទូត បានពិភាក្សា និងផ្លាស់ប្តូរយោបល់ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដោយផ្តោតលើគំនិតផ្តួចផ្តើមស្តីពីយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក របស់ប្រទេសកាណាដា និងការឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា ដែលនឹងក្លាយជាផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

នៅក្នុងជំនួបនេះដែរ លោកជំទាវឯកអគ្គរដ្ឋទូត ប្តេជ្ញាខិតខំបន្តពង្រឹង និងពងី្រកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។ បន្ថែមពីលើនេះ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងកាណាដា-កម្ពុជា ក៏ដូចជាការពង្រឹងការវិនិយោគប្រកបដោយគុណភាពរបស់ក្រុមហ៊ុនកាណាដាកម្ពុជាផងដែរ។

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម និងវិនិយោគ បច្ចុប្បន្ននេះសភាពាណិជ្ជកម្មកម្ពុជាបានបង្កើតនូវតំណាងសភាពាណិជ្ជកម្មនៅប្រទេសកាណាដា ដែលជាផ្នែកមួយនៃការភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទំាងពីរ។ បន្ថែមពីលើនេះ សម្តេចធិបតី បានបញ្ជាក់អំពីគោលនយោបាយទាក់ទាញ និងលើកទឹកចិត្តវិនិយោគិននៅកម្ពុជា តាមរយៈការអនុវត្តច្បាប់ស្តីអំពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការដាក់ចេញនូវគោលនយោបាយជាក់ស្តែងដើម្បីគាំទ្រដល់បរិយាកាសវិនិយោគ និងរក្សាភាពប្រកួតប្រជែងរបស់កម្ពុជា ទាំងក្នុងក្របខណ្ឌតំបន់ និងសកលលោក។

ទនឹ្ទមនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសរំលេចអំពីការដាក់ចេញនូវគោលនយោបាយ និងយន្តការបន្ថែមទៀតក្នុងការគាំទ្រ និងដោះស្រាយនូវបញ្ហាប្រឈមនានារបស់វិនិយោគិននៅកម្ពុជា តាមរយៈការរៀបចំនូវេទិការវាងរាជរដ្ឋាភិបាលផ្នែកឯកជន និងការបង្កើតក្រុមការងារតាមដានលើការអនុវត្តគោលនយោបាយ វិធានការ និងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានារបស់វិនិយោគិនផងដែរ៕


អត្ថបទទាក់ទង