Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គលថ្វាយសម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ក្នុងព្រះជន្ម១០០ យាងចូល ១០១ព្រះវស្សា

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 661
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គលថ្វាយសម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ក្នុងព្រះជន្ម១០០ យាងចូល ១០១ព្រះវស្សា ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គលថ្វាយសម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ក្នុងព្រះជន្ម១០០ យាងចូល ១០១ព្រះវស្សា

 

នាព្រឹកថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ 

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល ថ្វាយសម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះមហាសង្ឃរាជស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យជាលើកចុងក្រោយនូវវឌ្ឍនភាពការងារ និងបូកសរុបសកម្មភាពការងារឡើងវិញរបស់គ្រប់អនុគណៈកម្មការ និងផ្នែកពាក់ព័ន្ធ ដើម្បីធានាឱ្យដំណើរការនៃការរៀបចំព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គលថ្វាយសម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះមហាសង្ឃរាជស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្ម១០០ យាងចូល ១០១ព្រះវស្សា អាចប្រព្រឹត្តទៅដោយរលូន តាមប្រពៃណីព្រះពុទ្ធសាសនា។ កិច្ចប្រជុំនេះ មានការយាង និមន្ត និងការចូលរួមពីសំណាក់សម្តេចព្រះឧត្តមវង្សា កិត្តិបណ្ឌិត មួង រ៉ា, សម្តេចព្រះឧត្តមបញ្ញាកិត្តិបណ្ឌិត ដូង ផង់, សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា, សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត, សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ, ឯកឧត្តម ឈិន កេតនា និងឯកឧត្តម ចាយ បូរិន ព្រមទាំងសមាជិក សមាជិកា នៃគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គលថ្វាយសម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះមហាសង្ឃរាជស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា។

អង្គប្រជុំបានធ្វើការត្រួតពិនិត្យលើផែនការសកម្មភាពសំខាន់ៗ និងរបាយការណ៍សកម្មភាពរបស់អនុគណៈកម្មការនីមួយៗ ព្រមទាំងការងារពាក់ព័ន្ធផ្សេងទៀត សម្រាប់ត្រៀមរៀបចំព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គលថ្វាយសម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះមហាសង្ឃរាជស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ដែលជារួម អនុគណៈកម្មការនីមួយៗបានត្រៀមរៀបចំព្រះរាជពិធីបុណ្យស្ទើររួចរាល់ទាំងស្រុង និងបន្តរៀបចំការងារដែលនៅសេសសល់សម្រាប់ព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល ឱ្យប្រព្រឹត្តទៅប្រកបដោយភាពអធិកអធមខ្ពង់ខ្ពស់ និងជាទីសក្ការៈ ស្របតាមប្រពៃណីព្រះពុទ្ធសាសនា ព្រមទាំងធានាបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់ល្អប្រសើរ។

សូមបញ្ជាក់ផងដែរថា ព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គលថ្វាយសម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះមហាសង្ឃរាជស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្ម១០០ យាងចូល ១០១ព្រះវស្សា គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ និងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខ។

អត្ថបទទាក់ទង