Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានជាតិ 129
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម

នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍​ ១៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង​ពេញ​សមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម។

ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងនូវការស្វាគមន៍និងអបអរសារទរយ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម វ៉ាង វិនពីន ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី​ថ្មី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅប្រទេសកម្ពុជា បន្ទាប់ពី ឯកឧត្តម វ៉ាង វិនធាន បានបញ្ចប់អាណត្តិបេសកកម្ម។ សម្តេច បាន​បន្តថា វត្តមានដ៏ឆាប់រហ័សរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត បន្ទាប់ពីការចាកចេញរបស់ឯកអគ្គរដ្ឋទូតមុន បានសបញ្ជាក់អំពីទំនាក់ទំនងដ៏រឹងមាំនិងជិតស្និទ្ធរវាងប្រទេសទាំងពីរ។ សម្តេច មានជំនឿជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងកាន់តែមានភាពស៊ីជម្រៅបន្ថែមទៀតក្នុងអាណត្តិបេសកកម្មការទូតរបស់ ឯកឧត្តម។
ឯកឧត្តមឯកអគ្គរដ្ឋទូតចិន បានសម្តែងនូវសេចក្តីសោមនស្សរីករាយជាខ្លាំង និងការអរគុណ ដែល
សម្តេច បានអនុញ្ញាតឱ្យ ឯកឧត្តម និងសហការី បានចូលជួបសម្ដែងការគួរសម។ ឯកឧត្តមក៏បានពាំនាំជូន សម្តេចតេជោ នូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ប្រធានាធិបតីចិន ស៊ី ជិនពីង ឯកឧត្តមនាយករដ្ឋមន្ត្រីចិន លី ឈាង ប្រធានសភាចិន និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។

ឯកឧត្តម បានមានប្រសាសន៍ថា សម្តេចតេជោ ជាមិត្តចាស់ដ៏ពិតប្រាកដរបស់ចិន ដែលបានគាំទ្រគ្នាទៅវិញទៅមក។ ឯកឧត្តម ក៏បានអរគុណសម្ដេច ដែលបានអញ្ជើញទៅទស្សនកិច្ចនៅប្រទេសចិន អំឡុងពេលដែលមានការផ្ទុះកូវីដ១៩ ដែលធ្វើឱ្យប្រជាជនចិន និងពិភពលោកមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ហើយបានចាត់ទុកថា សម្ដេចតេជោ ជាមិត្តល្អសម្រាប់ប្រជាជនចិន ដែលគាំទ្រគ្នាក្នុងគ្រាមានអាសន្ន។ ដូចនេះ សុខទុក្ខរបស់កម្ពុជា គឺជាសុខទុក្ខរបស់ប្រទេសចិនដូចគ្នា។
ឯកឧត្តម វ៉ាង វិនពីន បានបន្ថែមថា សម្តេចតេជោ គឺជាអ្នកនយោបាយ ជាមេដឹកនាំកំពូល និងជាអ្នកយុទ្ធសាស្ត្រដ៏ឆ្នើមក្នុងការដឹកនាំមាគ៌ាកម្ពុជាឆ្ពោះទៅរកសុខសន្តិភាពនិងការអភិវឌ្ឍជឿនលឿនដូចសព្វថ្ងៃ។ ឯកឧត្តមបានកោតសរសើរ សម្ដេចតេជោ ដែលបានចូលរួមដោយផ្ទាល់ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ ក្នុងការពូនជ្រំទំនាក់ទំនងមិត្តភាពយូរអង្វែងកម្ពុជា-ចិន ។ សម្តេចតេជោ និង ឯកឧត្តម ស៊ី ជីនពីង បានឯកភាពគ្នាដាក់ចេញនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីជាផែនទីចក្ខុវិស័យក្នុងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ សំដៅសម្រេចបាននូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។ ឯកឧត្តម បាន បេ្តជ្ញាថា ក្នុងអាណត្តិការទូតរបស់ឯកឧត្តមនៅកម្ពុជា ឯកឧត្តម នឹងពង្រឹងនិងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ច-សង្គម, សន្តិសុខ-យោធា,​ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។ ឆ្លៀតក្នុងឱកាសនៃជំនួបនេះផងដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានគោរពអញ្ជើញ សម្តេច ដើម្បីទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងពេលវេលាសមស្របណាមួយនាពេលខាងមុខ​។
ជាកិច្ចឆ្លើយតប សម្ដេចតេជោ បានអរគុណចំពោះឯកឧត្តមដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម​ ប្រធានាធិបតី ស៊ី ជិនពីង នាយករដ្ឋមន្ត្រី ប្រធានសភាតំណាងប្រជាជនចិនទូទាំងប្រទេស និងថ្នាក់ដឹកនាំដទៃទៀតនៃប្រទេសចិន។ សម្តេចតេជោ ក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់មិនអាចខ្វះបាននៃទំនុកចិត្តនិងការគោរពឱ្យតម្លៃគ្នាទៅវិញទៅមក ក្នុងការវិវត្តនៃទំនាក់ទំនងរវាងកម្ពុជា-ចិន ពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ដើម្បីរួមគ្នាកសាងសហគមន៍ជោគវាសនារួម។
សម្ដេចតេជោ ក៏បានមានប្រសាសន៍ថា កម្ពុជាបានរក្សាចំណងមិត្តភាពជាប្រពៃណីដ៏ល្អនេះតាំងពីថ្នាក់ដឹកនាំជំនាន់មុន ហើយថ្នាក់ថ្នមថែរក្សាទំនាក់ទំនងនេះឱ្យមានភាពរឹងមាំជារៀងរហូតមក។ សម្ដេចតេជោបានចាត់ទុកថា ទំនាក់ទំនងជាប្រវត្តិសាស្ត្រ រវាងប្រទេសទាំងពីរ តម្រូវឱ្យប្រទេសយើងទាំងពីរនៅតែជាដៃគូដ៏ស្មោះត្រង់ជាមួយគ្នា។
សម្ដេចបានរំលឹកថា ទស្សនកិច្ចរបស់សម្ដេចទៅកាន់ប្រទេសចិន នៅពេលដែលផ្ទុះខ្លាំងនូវជំងឺកូវីដ១៩នោះ គឺជាការបង្ហាញពីសាមគ្គីភាពចំពោះប្រជាជនកម្ពុជា ជាមួយប្រជាជនចិនក្នុងគ្រាដ៏លំបាក និងពីការលើកទឹកចិត្ត ចំពោះនិស្សិតកម្ពុជាដែលកំពុងស្នាក់នៅ និងបន្តការសិក្សានៅប្រទេសចិន។ ឆ្លៀតក្នុងឱកាសនេះ សម្ដេចតេជោ ក៏បានអរគុណដល់ប្រទេសចិនដែលបានផ្ដល់នូវវ៉ាក់សាំងកូវីដ១៩ មកដល់កម្ពុជាជាបន្តបន្ទាប់។

សម្ដេចបានគូសបញ្ជាក់ថា ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចនឹងស្ថិតនៅយូរអង្វែង ហើយបើទោះបីជាមានការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីក៏ដោយ ក៏ជំហររបស់កម្ពុជាជាមួយមិត្តចិន ពុំមានការផ្លាស់ប្ដូរនោះទេ។ សម្តេចតេជោ បានស្នើឱ្យមិត្តចិនបន្តការគាំទ្រកម្ពុជាជាបន្តទៀតលើការអភិវឌ្ឍគ្រប់វិស័យ​។ សម្តេចតេជោ ក៏បានរំលឹកពីជំហររបស់កម្ពុជាក្នុងការប្រកាន់ខ្ជាប់នូវ “នយោបាយចិនតែមួយ” ហើយចាត់ទុកបញ្ហាហុងកុង ចិនតៃវ៉ាន់ ទីបេ និងស៊ីនជាំងជាបញ្ហាផ្ទៃក្នុងរបស់ចិន។
ជាទីបញ្ចប់ សម្តេចតេជោ ក៏បានស្នើឱ្យឯកឧត្តមឯកអគ្គរដ្ឋទូតចិន ពាំនាំមកការផ្ដាំផ្ញើសួរសុខទុក្ខរបស់ សម្តេច ជូនចំពោះឯកឧត្តម ប្រធានាធិបតីចិន ស៊ី ជិនពីង និងថ្នាក់ដឹកនាំចិនសំខាន់ៗជាច្រើនទៀត។ សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានជូនពរ ឯកឧត្តមឯកអគ្គរដ្ឋទូត​ វ៉ាង វិនពីន ឱ្យសម្រេចបានជោគជ័យក្នុងអាណត្តិបេសកកម្មនៅកម្ពុជា៕

អត្ថបទទាក់ទង