Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ឯកឧត្តម ទិត សុធា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយ ដឹកនាំបើកវេទិកាសាធារណៈ ក្នុងឃុំចំនួនពីរក្នុងស្រុកកំពង់ស្វាយ!

ដោយ៖ Yeung Sreypoch ​​ | ម្សិលមិញ ម៉ោង 22:38 pm ព័ត៌មានជាតិ 141
ឯកឧត្តម ទិត សុធា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយ ដឹកនាំបើកវេទិកាសាធារណៈ ក្នុងឃុំចំនួនពីរក្នុងស្រុកកំពង់ស្វាយ! ឯកឧត្តម ទិត សុធា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយ ដឹកនាំបើកវេទិកាសាធារណៈ ក្នុងឃុំចំនួនពីរក្នុងស្រុកកំពង់ស្វាយ!

 

(កំពង់ធំ) ៖ ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤  បានអញ្ជើញដឹកនាំវេទិកាសាធារណៈ ក្នុងឃុំចំនួនពីរ គឺឃុំកំពង់គោ និងឃុំកំពង់ស្វាយ ក្នុងចំណោមឃុំទាំង១១ ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

វេទិកាសាធារណៈនេះ បានប្រព្រឹត្តទៅនៅទីតាំងពីរកន្លែងផ្សេងគ្នា គឺពេលព្រឹក ធ្វើនៅរដ្ឋបាលឃុំកំពង់គោ ដោយមានការចូលរួមពីលោក អៀង សុភាព ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំកំពង់គោ  អនុប្រធានក្រុមការងារ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក តំណាងមន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរធនធានទឹក និងមន្ត្រីអង្គភាពជំនាញមួយចំនួនក្នុងខេត្តកំពង់ធំ អភិបាលរងស្រុកកំពង់ស្វាយ ក្រុមប្រឹក្សាឃុំ មេភូមិ លោកគ្រូអ្នកគ្រូ កងកម្លាំងទាំងបីប្រភេទ និងប្រជាពលរដ្ឋ សរុបប្រមាណជាង២០០នាក់ ។ រីឯកម្មវិធីនៅពេលរសៀល ឯឧត្តម ទិត សុធា ដឹកនាំវេទិកានៅវត្តក្តីចារុ៍ ស្ថិតក្នុងឃុំកំពង់ស្វាយ ដែលមានការចូលរួមជាអធិបតីដោយ ឯកឧត្តម បួន លឹមហេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ លោក លោកស្រីជាអនុប្រធាន សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកំពង់ស្វាយ លោកអភិបាលរងស្រុក តំណាងមន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរអង្គភាពជំនាញមួយចំនួនជុំវិញខេត្ត ក្រុមប្រឹក្សាឃុំ ព្រះសង្ឃ មេភូមិ លោកគ្រូ អ្នគគ្រូ និងប្រជាពលរដ្ឋ សរុបប្រមាណជាង៣០០នាក់។

ការចុះបើកវេទិកាសាធារណៈនេះ គឺដើម្បីបង្ហាញនូវការគាំទ្រនូវកម្មវិធីនយោបាយ និងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ តំណាក់កាលទី១របស់រាជរដ្ឋាភិបាល ជាពិសេសគោលនយោបាយអាទិភាពទាំង៦ចំនុច កម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងរយៈពេលជាង១ឆ្នាំមកនេះ ក្នុងបុព្វហេតុបម្រើឧត្តមប្រយោជន៍ជូនប្រជាជនកម្ពុជានៅទូទាំងប្រទេស ។ យ៉ាងណាមិញ ការបើកវេទិកាសាធារណៈ ក៏ដើម្បីបានជួបប្រាស្រ័យទាក់គ្នាដោយផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ ទទួលស្តាប់នូវរាល់កង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅមូលដ្ឋាន និងស្វែងរកវិធានការដោះស្រាយសមស្របជូនប្រជាពលរដ្ឋនៅមូលដ្ឋានភូមិ ឃុំផងដែរ។

ឯកឧត្តម ទិត សុធា បានលើកឡើងពីការប្តេជ្ញាចិត្តខ្ពស់បំផុតរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី  ដែលតែងតែនៅជាប់ និងគិតគូរអំពីសុខទុក្ខជាប្រចាំរបស់ប្រជាពលរដ្ឋ ជាពិសេសការខិតខំដោះស្រាយបញ្ហានានាដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង។

នៅក្នុងវេទិកាសាធារណៈទាំងពីរកន្លែង ដែលបានប្រព្រឹត្តទៅពេញមួយថ្ងៃនៅក្នុងស្រុកកំពង់ស្វាយ  បងប្អូនប្រជាពលរដ្ឋបានលើកឡើងនូវសំណើ ក្តីកង្វល់ បញ្ហាប្រឈមនិងសំណូមពរមួយចំនួនពាក់ព័ន្ធនឹងសិទ្ធិក្នុងការកាន់កាប់-ប្រើប្រាស់ដីធ្លី បញ្ហាទឹកធ្វើស្រែ ការនេសាទ តម្លៃជី ត្រី ស្រូវ និងកសិផលនានា ស្នើសុំការអភិវឌ្ឍផ្លូវក្នុងភូមិ ប្រឡាយទឹក ការតបណ្តាញអគ្គីសនី ក៏ដូចជាការបិណ្ឌបាតពីព្រះសង្ឃក្នុងការស្នើសុំឱ្យជួយកសាងសមិទ្ធផលមួយចំនួននៅក្នុងវត្ត និងសំណូមពរចាំបាច់ផ្សេងៗទៀតពាក់ព័ន្ធនឹងសេវាសាធារណៈ និងការបញ្ជាក់ឯកសារអត្រានុកូលដ្ឋានជាដើម។

ទន្ទឹមនឹងការវាយតម្លៃខ្ពស់ចំពោះក្រុមការងារតាមជំនាញដែលបានចូលរួមដោះស្រាយសំណើសំណូមពរចំពោះមុខជូនប្រជាពលរដ្ឋ ឯកឧត្តម ទិត សុធា ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមវេទិកាសាធារណៈទាំងអស់គ្នា ។ បន្ថែមពីលើនេះ ឯកឧត្តម ទិត សុធា បានថ្លែងនូវការកោតសរសើរដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ទាំងនៅកំរិតខេត្ត ស្រុក និងរដ្ឋបាលឃុំ ដែលបានសម្រេចនូវស្នាដៃការងារជាច្រើន និងការចូលរួមដោះស្រាយសំណើ សំណូមពរជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋនាពេលកន្លងមក ។ 

ទោះយ៉ាងណា ឯកឧត្តម ទិត សុធា នៅបានផ្តាំផ្ញើនិងលើកទឹកចិត្តដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ត្រូវបន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈ ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាពិសេស ត្រូវតែផ្សាភ្ជាប់ខ្លួនជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានជាប់ជាប្រចាំ ដើម្បីបានដឹងភ្លាមៗពីសំណើ សំណូមពរ សេចក្តីត្រូវការ និងស្វែងរកលទ្ធភាពសមស្របដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕

អត្ថបទទាក់ទង