លិខិតមិត្តអ្នកអាន៖ តើការចោទប្រកាន់ថាឃាតកម្មលើ លោក លឹម គឹមយ៉ា ជាប់ពាក់ព័ន្ធនឹងរាជរដ្ឋាភិបាលជាការពិតមែនឬទេ?
មួយរយៈចុងក្រោយនេះ ឃើញថាមានការផ្សព្វផ្សាយពីបណ្តោញផ្សព្វផ្សាយបម្រើនយោបាយប្រឆាំងជ្រុលនិយម បានធ្វើការចោទប្រកាន់មកលើរដ្ឋាភិបាលថា និងលាបពណ៌ថាត្រកូល «ហ៊ុន» គឺជាអ្នកនៅពីក្រោយឃាតកម្ម បាញ់សម្លាប់អតីតតំណាងរាស្រ្តគណបក្សប្រឆាំង លោក លឹម គឹមយ៉ា នៅទីក្រុងបាងកកប្រទេសថៃ។ ជុំវិញការចោប្រកាន់នេះគឺមិនសមហេតុផលទាល់តែសោះ ព្រោះបើយើងមើលទៅលើផលចំណេញក្នុងរឿងក្តីឃាតកម្មនេះវិញ គឺវាមិនបានផ្តល់ផលចំណេញអ្វីបន្តិចទាល់តែសោះដល់រាជរដ្ឋាភិបាល។ ជាងនេះទៅទៀត បុគ្គល លឹម គឹមយ៉ា នេះទៀតសោត ក៏មិនមែនជាអ្នកប្រឆាំងផ្កាប់មុខ ឬខ្លាំងក្លាជាមួយនឹងរាជរដ្ឋាភិបាលឡើយក្នុងពេលកន្លងទៅ។
លោក លឹម គឹមយ៉ា ត្រូវបានគេដឹងថា ជាអតីតមន្ត្រីបក្សប្រឆាំងមកពីកូតាលោក កឹម សុខា ដែលមិនមានទំនាស់អ្វីជាមួយគណបក្សប្រជាជននោះទេ ផ្ទុយទៅវិញ តាមព័ត៌មានស្និតនឹងអ្នកនយោបាយរូបនេះ គឺថា លោក លឹម គឹមយ៉ា ធ្លាប់មានបញ្ហាជាមួយលោក សម រង្ស៊ី ហើយក៏ជាមនុស្សដែលតែងតែប្រឆាំងនឹងលោក សម រង្ស៊ី ព្រោះតែភាពមិនចុះសម្រុងខាងទស្សនៈនយោបាយផងដែរ។
ចំណុចខាងលើអាចឱ្យយើងយល់បានថា ការចោទប្រកាន់ទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលគឺជារឿងមិនត្រឹមត្រូវទេ ព្រោះបើសិនរដ្ឋាភិបាលជាអ្នកចាត់ចែង និងជាអ្នកនៅពីក្រោយពិតមែន រដ្ឋាភិបាលមិនចាំបាច់ចាប់ជនដៃដល់បញ្ជូនទៅឱ្យភាគីថៃនោះទេ។ ជាក់ស្តែង រាជរដ្ឋាភិបាលបានបញ្ជូន «ជនដៃដល់» ទៅប្រទេសថៃ ដើម្បីធ្វើការស៊ើបអង្កេត និងបញ្ជាក់ពីភាពស្អាតស្អំ និងតម្លាភាពក្នុងការស៊ើបក្តីផងដែរ។ ការបញ្ជូនជនដៃដល់ទៅសមត្ថកិច្ចថៃនេះ បានបង្ហាញច្បាស់ថារាជរដ្ឋាភិបាល មិនមានជាប់ពាក់ព័ន្ធក្នុងឃាតកម្មនោះទេ ហើយកំពុងធ្វើការស្រាវជ្រាវ និងសហការយ៉ាងសកម្មជាមួយសមត្ថកិច្ចថៃ ព្រោះរាជរដ្ឋាភិបាលកម្ពុជាក៏ចង់ដឹងថា មានរឿងអ្វីនៅពីក្រោយឃាតកម្មនេះដែរ។
មួយវិញទៀត ជុំវិញឃាតកម្មនេះដែរ យើងអាចមើលឃើញថា រាជរដ្ឋាភិបាលមិនមានផលចំណេញអ្វីសោះឡើយ ប៉ុន្តែថែមទាំងត្រូវបានមតិមួយចំនួនធ្វើការចោទប្រកាន់ និងដាក់ការសង្ស័យថែមទៀតផង។ ប៉ុន្តែការពិតបានលាតត្រដាងហើយ ដោយប៉ូលិសថៃប្រកាសថា រឿងនេះជារឿងគំនុំផ្ទាល់ខ្លួនរវាងអ្នកជួលឱ្យបាញ់ និងជនរងគ្រោះមិនមែនជារឿងនយោបាយនោះឡើយ។
សរុបមកវិញ យោងតាមហេតុផលខាងលើ ការចោទប្រកាន់រាជរដ្ឋាភិបាលថា នៅពីក្រោយខ្នងឃាតកម្មលើលោក លឹម គឹមយ៉ា គឺជារឿងអយុត្តិធម៌ ព្រោះជាការចោទប្រកាន់ដែលគ្មានភ័ស្តុតាង មិនសមហេតុផល និងគ្មានការពិតទាល់តែសោះ។ ប៉ុន្តែសម្រាប់អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា គឺមិនចម្លែកទេ ព្រោះគេធ្លាប់ដឹងហើយថា ក្រុមប្រឆាំងជ្រុលនិយមតែងតែប្រើល្បិចស្វាស៊ីបាយលាបមាត់ពពែជាញឹកញាប់ណាស់ គឺឱ្យតែក្រុមប្រឆាំងណាមួយរងគ្រោះក្នុងរឿងអ្វីមួយ ឬដល់បាត់បង់ជីវិត គេតែងតែចោទថាជាស្នាដៃរបស់រាជរដ្ឋាភិបាលជានិច្ច។ ការចោទប្រកាន់តែពួកប្រឆាំងជ្រុលនិយមច្រើនតែលើកឡើងហើយ ក៏បានសុំទោសវិញម្តងជាពីរដង ថាជារឿងប្រឌិត ប៉ុន្តែទង្វើបែបនេះនៅតែបន្តកើតឡើងក្នុងឆាកនយោបាយខ្មែរ ដែលរៀបរៀងលេងដោយក្រុមជ្រុលនិយម ដែលមានមហិច្ចតាចង់ដណ្តើមអំណាចដោយមិនស្របច្បាប់៕
ដោយ សំ ដានីរ៉ា