Khmer First Close

បទអត្ថាធិប្បាយ៖ ការកែសម្រួលយោធានៅព្រំដែនកម្ពុជា-ថៃ បានបំផ្លាញគម្រោងការណ៍ទុច្ចរិតរបស់ក្រុមជ្រុលនិយម ដែលចង់ឱ្យផ្ទុះសង្គ្រាម» ដើរតួនាទីជំនួស «សន្តិភាព»

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥ ព័ត៌មានជាតិ 146
បទអត្ថាធិប្បាយ៖ ការកែសម្រួលយោធានៅព្រំដែនកម្ពុជា-ថៃ បានបំផ្លាញគម្រោងការណ៍ទុច្ចរិតរបស់ក្រុមជ្រុលនិយម ដែលចង់ឱ្យផ្ទុះសង្គ្រាម» ដើរតួនាទីជំនួស «សន្តិភាព» បទអត្ថាធិប្បាយ៖ ការកែសម្រួលយោធានៅព្រំដែនកម្ពុជា-ថៃ បានបំផ្លាញគម្រោងការណ៍ទុច្ចរិតរបស់ក្រុមជ្រុលនិយម ដែលចង់ឱ្យផ្ទុះសង្គ្រាម» ដើរតួនាទីជំនួស «សន្តិភាព»

កិច្ចខិតខំដោះស្រាយលើបញ្ហាប្រឈមដោយសន្តិវិធីរវាងកម្ពុជានិងថៃ បានបំបែកគម្រោងទុច្ចរិតរបស់ក្រុមជ្រុលនិយម ដែលចង់រុញឱ្យកងទ័ពកម្ពុជា និងថៃ ប៉ះទង្គិចគ្នា ដើម្បីបំពេញមហិច្ឆតានយោបាយរបស់ខ្លួន។ ការសម្របសម្រួលមួយដែលនាំឱ្យមានការយល់ព្រមកែសម្រួលកម្លាំងយោធារវាងកងទ័ពកម្ពុជានិងថៃតាមបណ្តោយព្រំដែន ក្នុងគោលបំណងកាត់បន្ថយភាពតានតឹងនោះ បានធ្វើឱ្យខូចគម្រោងការណ៍ទុច្ចរិតពួកគេ ដែលចង់ឱ្យតួនាទី«សង្គ្រាម» ដើរជំនួស «សន្តិភាព» វិញ។ ក្រុមជ្រុលនិយម បានប្រញាប់ប្រើព័ត៌មានក្លែងក្លាយ ដើម្បីបំពុលស្ថានការណ៍តាមព្រំដែន។

គួរបញ្ជាក់ថានៅថ្ងៃទី៨មិថុនាឆ្នាំ២០២៥ យោធាកម្ពុជា និងថៃ បានជួបគ្នា និងបានសម្រេចធ្វើការកែសម្រួលកម្លាំងទាហានជួរមុខទាំងសងខាង ឱ្យត្រឡប់ចូលតំបន់ដែលសមស្របដើម្បីកាត់បន្ថយភាពតានតឹង និងកាត់បន្ថយភាពប្រឈមមុខគ្នាតាមតំបន់ព្រំដែន។ ប៉ុន្តែដំណឹងល្អពីការសម្របសម្រួលគ្នាដើម្បីកាត់បន្ថយភាពតានតឹងផ្នែកយោធានេះ ត្រូវបាន ជនអគតិមួយចំនួន បាននិយាយមួលបង្កាច់ និងចោទថា រាជរដ្ឋាភិបាលកម្ពុជា បានខ្លាច ការសម្លុតរបស់ថៃ និងបានដកទ័ពរបស់ខ្លួនចេញពីទឹកដីកម្ពុជា ដែលធ្លាប់បានកាន់កាប់ ជាយូរអង្វែងនោះទៅវិញ។

ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះដែលស្រុះស្រួលគ្នារវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ថៃ គឺដើម្បីបញ្ចៀសនូវការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំ គឺជារឿងចាំបាច់។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងច្បាស់នៅក្នុងការឆ្លើយតបតាម comments លើបណ្តាញសង្គមថា «ការកែសម្រួលកងទ័ព គឺមិនមែនជាការដកទ័ពនោះទេ។» ប្រសាសន៍ឆ្លើយតបតាម comments របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីមានមនុស្សមួយចំនួនបានយល់ច្រឡំនូវអត្ថន័យពាក្យ«កែសម្រូល» ថាជា «ការដកកងទ័ព»ចេញ ពីតំបន់ព្រំដែនដែលមានជម្លោះ ខណៈក្រុមជ្រុលនិយមខ្មែរមួយក្តាប់តូច កាន់តែបំប៉ោងព័ត៌មានមិនពិត ដើម្បីស្វែងរកការដាក់សម្ពាធពីសាធារណមតិមកលើរាជរដ្ឋាភិបាលកម្ពុជា។ 

ក្រុមជ្រុលនិយមដែលរស់នៅក្រៅស្រុក បានបំភ្លៃព័ត៌មានអំពី «ការកែសម្រួល» នេះ ដោយនិយាយថា «កងទ័ពកម្ពុជាបានដកថយពីតំបន់ចុងបូក ឬតំបន់មុំបីដើម្បីត្រឡប់ទៅសភាពដើមវិញ»។ ក្រុមជ្រុលនិយមបានបំប៉ោងព័ត៌មានទៀតថា «គ្រាន់តែថៃសម្លុត ទាហានខ្មែរបែរជាដកទ័ពចេញពីទឹកដីរបស់ខ្លួនឯង…» និងចោទថារាជរដ្ឋាភិបាលកម្ពុជា នឹងកាន់តែមិនហ៊ានតតាំងជាមួយថៃនៅតុលាការយុត្តិធម៌អន្តរជាតិទៀតផង…»។ ក្រុមជ្រុលនិយម ជាមួយនឹងការបំពុលព័ត៌មានមិនពិតទាំងនោះ ថែមទាំងបាននិយាយចោទថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនប្តឹងករណីជម្លោះព្រំដែននៅប្រាសាទតាមាន់ធំ, តាមាន់តូច, តាក្របី និងតំបន់មុំបីទៅតុលាការយុត្តិធម៌អន្តរជាតិឡើយ។

ក្រសួងការពារជាតិនៃប្រទេសកម្ពុជា ដើម្បីបំភ្លឺជុំវិញការបំពុលនូវព័ត៌មានក្លែងក្លាយទាំងនេះ បានប្រញាប់ចេញសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃទី៩មិថុនា ប្រាប់សាធារណជនថា កងទ័ពកម្ពុជា មិនបានដកខ្លួនចេញពីផ្នែកណាមួយនៃដែលអធិបតេយ្យភាពជាតិរបស់ខ្លួនឡើយ ហើយក៏មិនបានបោះបង់ចោលនូវការដាក់ពាក្យបណ្តឹងលើករណីតំបន់ជម្លោះនៅប្រាសាទតាមាន់ធំ តាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នោះផងដែរ។ សេចក្តីប្រកាសព័ត៌មាន៤ចំណុចរបស់ក្រសួងការពារជាតិ បានបញ្ជាក់ថា៖

១/ ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកងទ័ពកម្ពុជាបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ។

២.រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជា រាប់ទាំងការឈរជើង ការពង្រាយកម្លាំង ការកែសម្រួលកម្លាំង ការចល័តកម្លាំង គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា និងក្នុងគោលដៅត្រៀមខ្លួនការពារបូរណភាពទឹកដីរបស់កម្ពុជាតែប៉ុណ្ណោះ។

៣.កងទ័ពកម្ពុជាគាំទ្រ ដល់ការខិតខំស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី ប្រឆាំងរាល់ការប៉ុនប៉ងឈ្លានពាននានា។

៤.កងទ័ពកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចូលរួមគាំទ្រ ដល់យន្តការចរចាព្រំដែនជាមួយប្រទេសថៃ ជា ពិសេសគណៈកម្មការព្រំដែនចម្រុះ(JBC) ដើម្បីបន្តកិច្ចការវាស់វែងខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាង ប្រទេសទាំងពីរដែលនៅសេសសល់ ក្រៅពីចំណុចដែលកម្ពុជានឹងដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកសារ ព័ត៌មាន សូមប្រើប្រាស់តែព័ត៌មាន ដែលមានប្រភពច្បាស់លាស់ ជាពិសេសព័ត៌មានផ្លូវការដែលចេញពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ ដែលជាប្រភពព័ត៌មាន មានភាពត្រឹមត្រូវ ពិតប្រាកដ និងអាចជឿទុកចិត្តបាន។

ស្ថានការណ៍ប្រឈមមុខរវាងកម្ពុជា និងថៃជុំវិញជម្លោះព្រំដែនរវាងប្រទេសទាំង២ បានកើនឡើងកម្តៅ ក្រោយទាហានថៃបានលួចចូលមកក្នុងតំបន់មុំបីនៃទឹកដីកម្ពុជា ដោយបាញ់សម្លាប់ទាហានខ្មែរម្នាក់ ដែលកំពុងល្បាតក្នុងព្រឹត្តិការណ៍មួយកាលពីទៀបភ្លឺថ្ងៃទី២៨ឧសភា ឆ្នាំ ២០២៥។ ទង្វើឈ្លានពានតាមបណ្តោយព្រំដែនប្រព្រឹត្តឡើងដោយប្រទេសថៃ មិនមែនទើបជាលើកទីមួយឡើយ។ ទង្វើឈ្លានពានរបស់ថៃ ត្រូវគេរាយការណ៍ថាដោយសារភាគីថៃបានប្រើប្រាស់ផែនទីឯកតោភាគីរបស់ខ្លួន ដែលខុសពីស្មារតីនៃអនុស្សារណៈ MOU ឆ្នាំ 2000។ ក្រសួងការពារជាតិនៃប្រទេសកម្ពុជា បានថ្លែងថា ដរាបណាភាគីថៃ នៅតែប្រើផែនទីដែលខុសដដែលនោះទៀត គឺគេនឹងមិនអាចរកចំនុចកណ្តាលក្នុងការថែរក្សាស្ថិរភាពព្រំដែនបានឡើយ។ 

ភាគីកម្ពុជា បានប្រាប់ទៅភាគីថៃ សូមប្រកាន់យកស្មារតីនៃការគោរពអនុស្សរណៈ នៃ ការយោគយល់គ្នាMOU ឆ្នាំ២០០០ ដូចដែលធ្លាប់មានកន្លងមក។ ដោយសារតែការប្រើប្រាស់ផែនទីខុសនោះហើយ ភាគីកម្ពុជាបានសម្រេចចិត្តរៀបចំសំណុំរឿងបញ្ជូនវិវាទក្នុងតំបន់ទាំង៤ គឺតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ដើម្បីបញ្ចប់ជម្លោះ និងកំណត់ព្រំដែនជាក់លាក់។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ច្បាស់នៅតាមបណ្តាញសង្គមរួចមកហើយថា «សង្គ្រាមមិនអាចបង្កើតខ្សែព្រំដែនថ្មីបាននោះទេ»។  សម្តេចតេជោ បានបញ្ជាក់ថា យើងបានហាមកងទ័ពយើងដាច់ខាត មិនត្រូវបាញ់គេមុន ឬចូលទៅក្នុងទឹកដីរបស់គេឡើយ ប៉ុន្តែ ប្រសិនបើគេបាញ់យើងមុន យើងនឹងបាញ់គេវិញ ដើម្បីការពារខ្លួន និងការពារទឹកដី»។  រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាថា នឹងប្រើប្រាស់កម្លាំងទ័ពប្រយុទ្ធការពារទឹកដី ហើយ នឹងប្ដឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហ

ប្រជាជាតិថែមទៀត ប្រសិនបើកងទ័ពថៃចូលឈ្លានពានទឹកដីកម្ពុជាសាជាថ្មី។ 

សម្តេចតេជោ បានថ្លែងបញ្ជាក់ក្នុងបណ្តាញសង្គមថា ការកែសម្រួលកងទ័ព គឺ មិនមែនជាការដកទ័ពនោះទេ។ សម្តេចតេជោ បញ្ជាក់ថា សង្គ្រាមមិនអាចបង្កើតខ្សែព្រំដែនថ្មីបានឡើយ ចំណែករឿងប្ដឹងទៅ តុលាការយុត្តិធម៌អន្តរជាតិ ( ICJ ) គឺកម្ពុជាមិនប្រែប្រួលនោះដែរ។ សម្តេចតេជោ បន្តថា រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាថា នឹងប្រើប្រាស់កម្លាំងទ័ពប្រយុទ្ធការពារទឹកដី ហើយនឹងប្ដឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រសិនកងទ័ពថៃចូលឈ្លានពានទឹកដីកម្ពុជាសាជាថ្មី។ សម្តេចតេជោ បានថ្លែងថា បើគេបាញ់យើងមុន យើងនឹងបាញ់គេវិញ ដើម្បីការពារខ្លួននិងទឹកដី ប៉ុន្តែហាមយើងបាញ់គេមុន ឬចូលក្នុងទឹកដីរបស់គេ។

ជារួម ការកែសម្រួលកម្លាំងយោធា ដែលកម្ពុជា និងថៃបានព្រមព្រៀងគ្នាកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ មិនមែនជាការដកកងទ័ពឡើយ។ ការកែសម្រួលកម្លាំងយោធានេះ គឺជាសក្ខីភាពនៃភាពជាអ្នកដឹកនាំ និងការទូតដ៏ឈ្លាសវៃ និងជាយុទ្ធសាស្ត្រដ៏សន្តិភាពមួយ។ គោលជំហរជាក់លាក់របស់កម្ពុជា គឺមិនស្វែងរកសង្គ្រាមទេ ពីព្រោះសង្គ្រាម  ក៏ មិនផ្តល់ផលអ្វីក្រៅតែពីអំពើសោកនាដកម្ម តែប៉ុណ្ណោះ។ ជំហររបស់កម្ពុជា គឺការរក្សាសិទ្ធិអធិបតេយ្យភាពរបស់ខ្លួនតាមរយៈច្បាប់អន្តរជាតិ និងយន្តការសន្តិភាព៕

អត្ថបទដោយ៖ ឥន្ទ ជីវ័ន្ត ( សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ)

អត្ថបទទាក់ទង