ទស្សនៈ៖ ច្បាប់ដកសញ្ជាតិ «ទប់ស្កាត់កុំឲ្យមានជនក្បត់ជាតិណាមួយកើតឡើង»!
ការធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិទៅលើជនទាំងឡាយណាដែលក្បត់នឹងប្រយោជន៍ជាតិខ្មែរ គឺជាការពង្រឹងប្រព័ន្ធច្បាប់នៅកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត បន្ថែមលើការធានានូវសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម ម៉្យាងទៀត គឺជាការបន្សុទ្ធខ្មែរអ្នកស្នេហាជាតិពិតប្រាកដ ដើម្បីរួមគ្នាកសាង អភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនរុងរឿង។ តាមរយៈច្បាប់ថ្មី ក្រោយពីធ្វើវិសោធនកម្មរួចរាល់ និងអនុម័តឱ្យប្រើប្រាស់ ក៏នឹងលាតត្រដាងឱ្យឃើញច្បាស់នូវមុខមាត់ពិតប្រាកដរបស់ជនក្បត់ជាតិមួយចំនួនដែលជ្រកកោន ពួនបន្លំធ្វើជាក្រុមវីរបុរស-វីរនារីជើងឯកស្នេហាជាតិ ខណៈដែលពួកគេ នាំគ្នារត់ចោលស្រុកពីព្រោះតែប្រព្រឹត្តបទល្មើសក្នុងសំណុំរឿងធ្ងន់ធ្ងរជាច្រើនករណី។
ច្បាប់នេះ គឺជាវិធានដ៏ចាំបាច់សម្រាប់បង្ការនិងទប់ស្កាត់ទុកជាមុនផងដែរ ដើម្បីកុំឲ្យមានជនក្បត់ជាតិណាមួយកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ខណៈដែលមានក្រុមជ្រុលនិយមមួយចំនួនមានជាតិសាសន៍ដើមជាខ្មែរសោះ តែរត់ទៅរស់នៅឯបរទេស និងមានសញ្ជាតិផ្សេងៗទៀត ហើយពួកគេបែរជាយកទីតាំងនៅក្រៅប្រទេសទាំងនោះ ធ្វើជាទីកន្លែងបង្អែក ដើម្បីបង្កចលាចល ដែលនាំឲ្យគ្រោះថ្នាក់ដល់ប្រទេសជាតិទៅវិញ។ ច្បាប់នេះ ក៏ត្រូវបានគេមើលឃើញដែរថា ស្របនឹងពេលវេលាមួយដែលប្រទេសជាតិកំពុងតែប្រឈមនឹងការឈ្លានពានទឹកដីពីប្រទេសជិតខាង ហើយស្មារតីសាមគ្គីជាតិខ្មែរជាធ្លុងមួយ ក៏កំពុងត្រៀមខ្លួនក្នុងការធ្វើសង្គ្រាមតបតនឹងការឈ្លានពានពីបរទេសនេះដែរ។
បន្ទាប់ពីបើកសម័យប្រជុំពេញអង្គពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញដើម្បីបើកផ្លូវអនុញ្ញាតឲ្យមានការរៀបចំក្របខណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរពីពលរដ្ឋខ្មែរណាដែលគប់គិតជាមួយបរទេសប្រព្រឹត្តអំពើក្បត់ជាតិ ឬធ្វើសកម្មភាពប៉ះពាល់ដល់ផលប្រយោជន៏នៃព្រះរាជាណាចក្រកម្ពុជា និងពលរដ្ឋខ្មែរ គោលបំណងជាអាទិភាពនៃច្បាប់នេះ បន្ថែមលើការចង់បន្សុទ្ធទឹកចិត្តស្នេហាជាតិ គឺការពង្រឹងឆន្ទៈ មនសិការជាតិ និងការបញ្ជាក់នូវគោលជំហរស្មោះត្រង់ឥតងាករេរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបចំពោះជាតិមាតុភូមិខ្លួនផងដែរ ខណៈពេលដែលកម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពជម្លោះជាមួយប្រទេសថៃ។
ប៉ុន្តែ អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំង គឺតាំងពីតដំណាក់កាលចាប់ផ្តើមគិតគូរពីការស្នើយោបល់ធ្វើវិសោធនកម្មច្បាប់ និងសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័ត បន្ទាប់ពីឃើញកែមាត្រា៣៣ រួចរាល់ភ្លាម មិនទាន់រៀបចំនីតិវិធីច្បាប់ ដើម្បីអនុវត្តផង ក្រុមប្រឆាំង ហាក់ភ័យស្លន់ស្លោរដោយធ្វើការបញ្ចេញមតិប្រតិកម្មយ៉ាងខ្លាំងក្លាលើច្បាប់នេះ ព្រោះច្បាប់នេះបានចាក់ចំចំណុចរសើបខ្លាំង ដែលជាចំនុចស្លាប់រស់នៃអាជីពនយោបាយរបស់ពួកគេដែលជាសណ្តានពុតត្បុត និងក្បត់ជាតិខ្លួនឯងជាយូរមកហើយនោះ។
ដោយព្រួយបារម្ភ ដូចគោដំបៅខ្នង គ្រាន់តែបានដឹងខ្លះៗអំពីអត្ថន័យ និងគោលបំណងនៃច្បាប់ខាងលើនេះ ធ្វើឱ្យក្រុមប្រឆាំងបាត់ភាពម្ចាស់ការ និងស្រែកប្រកូកប្រកាស ប្រមូលគៀងគគ្នាដើម្បីប្រឆាំងជាមួយរាជរដ្ឋាភិបាល ដោយត្រៀមរៀបចំធ្វើបាតុកម្មប្រឆាំងតវ៉ានៅឯប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ មានតែជនល្មើស និងពួកទុច្ចរិតទេ ដែលដឹងខ្លួនឯងច្បាស់នូវទង្វើដែលបានប្រព្រឹត្ត។ យ៉ាងណាមិញ ពួកក្រុមឧទ្ទាមក្រៅច្បាប់ ក៏មានចរិតដូចគ្នានេះដែរ។ ពួកគេកន្លងមក បានធ្វើសកម្មភាពបំពានច្បាប់រដ្ឋ និងការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល ដោយមធ្យោបាយផ្លូវកាត់ គឺទម្រង់នៃបដិវត្តពណ៌ ដើម្បីដណ្តើមអំណាច។ ក្រុមប្រឆាំង បានដឹងច្បាស់ណាស់ថា អំពើនេះ គឺប្រាសចាកពីអ្វីដែលជាគោលបំណងដ៏ត្រឹមត្រូវ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃច្បាប់ដកសញ្ញាតិនេះទើបធ្វើបុរេវិនិច្ឆ័យទុកជាមុនថា ច្បាប់ដកសញ្ជាតិនេះ គឺការគំរាមកំហែង និងបំផ្លាញអនាគតនយោបាយរបស់ពួកគេ រហូតភ្លេចខ្លួនចេញមកប្រឆាំងច្បាប់នេះទាំងកំរោល។ ដូចបានរៀបរាប់ពីខាងដើម «ច្បាប់នេះ គឺលើកទឹកចិត្តអ្នកស្នេហាជាតិពិតប្រាកដ ក្នុងន័យថា បើជនណាមិនប្រព្រឹត្តអំពើក្បត់ជាតិទេ ពុំគួរខ្លាចឡើយ»។
ងាកមកក្រុមប្រឆាំងវិញ ហេតុអ្វីបានជាពួកគេប្រឆាំងនឹងច្បាប់នេះ? ការប្រឆាំងច្បាប់ គឺមានន័យស្មើនឹងការទទួលស្គាល់ថា ក្រុមបក្ខពួកខ្លួន គឺជាជនក្បត់ជាតិ ហើយនាំគ្នាព្រួយខ្លាចគេដកសញ្ជាតិ។ ពីព្រោះ ខ្មែរដែលស្រឡាញ់ជាតិនៅក្នុងនគរដែលមានប្រជាជនជាង១៧លាននាក់ គឺនាំគ្នាអបអរសាទរ។ ចំលែក តែពួកក្រុមឧទ្ទាមមួយដំបរស្វា ម៉េចបានជានាំគ្នាភ័យ? មកដល់ពេលនេះ ទើបយើងដឹងយ៉ាងប្រត្យក្សថា ពួកគេ ពិតជាបានប្រព្រឹត្តអំពើក្បត់ជាតិជាយូរមកហើយមែន។ ពួកគេគឺជាអ្នកបំផ្លាញជាតិខ្មែរ និងគប់គិតជាមួយបរទេសដែលនាំឲ្យមានគ្រោះថ្នាក់ដល់ជាតិដោយមិនអាចប្រកែកបានឡើយ។
ជាក់ស្តែង ក្នុងពេលដែលប្រទេសជាតិកំពុងមានជម្លោះជាមួយប្រទេសថៃ បែរជាឃើញក្រុមប្រឆាំង បានទៅរួមដៃជាមួយថៃដើម្បីវាយប្រហារកម្ពុជាទៅវិញ នេះបើយោងលើសារមួយចំនួនដែលត្រូវបានបង្ហោះផ្សាយលើបណ្តាញសង្គម ដែលបង្ហាញពីចេតនា នៃការហុចដងដាវឱ្យសត្រូវមកចាក់សម្លាប់ខ្មែរគ្នាឯង។ សកម្មភាពទាំងនេះ សរបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថា ក្រុមប្រឆាំងមិនត្រឹមតែគ្មានមនសិការស្នេហារជាតិប៉ុណ្ណោះទេ ថែមទាំងមានគំនិតក្បត់ជាតិ និងប្រជាជនឯងថែមទៀតផង។
កន្លងមកពួកក្រុមប្រឆាំង បានប្រើវិធីថ្ពិនភ្នែក បន្លំធ្វើជាអ្នកស្នេហាជាតិ ស្នេហាទឹកដី។ ពួកគេហាក់សំដែងជាតួអង្គប្រឆាំងបរទេសឈ្លានពាន ដូចជា ជាមួយវៀតណាម និងថៃជាដើម តាមរយៈការយកបញ្ហាព្រំដែន និងការតវ៉ាផ្សេងៗធ្វើជាការដុតកំហឹង។ ប៉ុន្តែធាតុពិតពួកគេធ្វើនេះមិនមែនដើម្បីប្រទេសជាតិទេ គឺធ្វើដើម្បីគ្រាន់តែបង្កចលាចលសង្គម និងចង់ឲ្យមានការចងកំហឹងរវាងជាតិសាសន៏មួយនិងជាតិសាសន៍មួយតែប៉ុណ្ណោះ។ ទង្វើប្រជាភិថុតិទាំងនេះ បានស្តែងចេញមកហើយ គឺពួកគេបាននិងកំពុងគប់គិតជាមួយសត្រូវដែលកំពុងចង់លេបទឹកដីខ្មែរ។
សកម្មភាពរបស់ពួកគេនៅពេលនេះ គឺបានបង្ហាញឲ្យឃើញកាន់តែច្បាស់អំពីចរិកពិតដូចឆ្កែកន្ទុយខ្វៀន គឺក្នុងពេលប្រទេសជាតិកំពុងតែរួបរួមគ្នាក្នុងការការពារជាតិពីការឈ្លានពានទឹកដីពីសំណាក់សត្រូវសៀម បែរជាពួកគេមិនបានចូលរួម ហើយថែមទាំងបែរមកវាយប្រហាររដ្ឋាភិបាលថែមទៀត។ ម៉ោងនេះ ខ្មែរពិតជាត្រូវការកម្លាំងសាមគ្គីគ្នា ប្រឆាំងនឹងសត្រូវឈ្លានពានទឹកដី។ ប៉ុន្តែផ្ទុយទៅវិញ ពួកក្រុមប្រឆាំងនៅឯក្រៅប្រទេស បែរជាមិនចូលរួមការពារទឹកដីទេ ទៅជានាំគ្នាមកប្រឆាំងនឹងច្បាប់ដកសញ្ជាតិទៅវិញ។ នេះ មិនខុសអ្វីពីគិតតែប្រយោជន៍សួនតួ បក្ខពួក ហើយទុកបញ្ហាជាតិដោយឡែក មិនខុសអ្វីពីពាក្យដំដាលថា «ចិត្តជាទេវទត្ត មាត់ជាទេវតា» ដូច្នោះឯង។
ពិតណាស់ថា ច្បាប់ដកសញ្ចាតិមិនទាន់នឹងកំណត់មុខសញ្ញា ឬអត្តសញ្ញាណបុគ្គលណា ឬក្រុមណាមួយដែលនឹងត្រូវចោទប្រកាន់ មុននឹងឈានដល់ដំណាក់កាលដកសញ្ជាតិនៅឡើយទេ។ ប៉ុន្តែ សកម្មភាពរបស់ក្រុមឧទ្ទាមនៅក្រៅប្រទេសមួយចំនួន ហាត់ដូចជាបង្ហាញភស្តុតាងថាក្រុមខ្លួន គឺជាមុខសញ្ញាសម្រាប់ទទួលផលវិបាកនៃច្បាប់នេះ ក្នុងពេលអនាគត។ បើពួកគេបង្ហាញមុខជាសាធារណៈ និងប្រកាសទទួលស្គាល់ថា ក្បត់ជាតិទៅហើយ នោះពួកគេក៏មិនសក្តិសមជាពលរដ្ឋខ្មែរទៀតដែរ ដូច្នេះពួកគេសក្តិសមណាស់នឹងត្រូវប្រឈមនិងច្បាប់នៃការដកសញ្ជាតិនាពេលខាងមុខ។
ជាការបិទបាំងចំពោះអំពើក្បត់ជាតិ ក្បត់ប្រជាជនខ្លួនឯងនេះ ក្រុមប្រឆាំង តែងតែយកលេសថា ការបង្កើតច្បាប់នេះជាការបំបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋក្នុងការបញ្ចេញមតិ តែធាតុពិតការបញ្ចេញមតិមិនមានច្បាប់ណាបានហាមឃាត់ទេ ព្រោះប្រទេសកម្ពុជាជាប្រទេសប្រជាធិបតេយ្យ អនុញ្ញាតឲ្យប្រជាពលរដ្ឋ គ្រប់រូបមានសិទ្ធិក្នុងការបញ្ចេញមតិបានដោយសេរី រហូតដល់រដ្ឋាភិបាលលើកទឹកចិត្តដោយបានបង្កើតទីលានប្រជាធិបតេយ្យសម្រាប់ឲ្យប្រជាពលរដ្ឋមានសិទ្ធិបញ្ចេញមតិដោយសេរីទៀតផង លើកលែងតែការបញ្ចេញមតិនោះមានចរិតជាការបំផ្លាញជាតិ និងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ទើបច្បាប់ហាមឃាត់ព្រោះជាអំពើក្បត់ជាតិ។
ក្រុមដែលប្រឆាំងចំពោះច្បាប់ដកសញ្ជាតិនេះ គឺបញ្ជាក់ឱ្យឃើញពីការភ័យខ្លាចយ៉ាងច្បាស់ចំពោះវិធានការរឹតបន្តឹងដែលបានដាក់ចេញតាមផ្លូវច្បាប់ ព្រោះពួកគេបានកំពុងតែធ្វើនិងត្រៀមខ្លួនធ្វើអំពើក្បត់ជាតិដែលផ្ទុយពីច្បាប់កំណត់។ អ្នកដែលមានគំនិតឬសកម្មភាពប្រឆាំងជាតិ គប់គិតជាមួយអំណាចបរទេសដើម្បីជ្រៀតចូលកិច្ចការផ្ទៃក្នុងនៃកម្ពុជា ត្រូវបានចាត់ទុកថាបានប្រព្រឹត្តអំពើក្បត់ជាតិ ហើយនឹងត្រូវប្រឈមមុខនឹងវិធានការស្របច្បាប់យ៉ាងតឹងរឹង។ ដូច្នេះដើម្បីកុំឲ្យច្បាប់ដកសញ្ជាតិនេះអាចអនុវត្តទៅលើខ្លួនបាន លុះត្រាតែពួកគេកុំធ្វើអំពើអ្វីមួយដែលផ្ទុយពីច្បាប់បានកំណត់។
និយាយជារួម គោលបំណងនៃការពង្រឹងច្បាប់ដកសញ្ជាតិនេះ គឺធ្វើឡើងដើម្បីអនុវត្តចំពោះបុគ្គលទាំងឡាយណាដែលប្រព្រឹត្តអំពើប៉ះពាល់ធ្ងន់ធ្ងរដល់ជាតិមាតុភូមិតែប៉ុណ្ណោះ។ ពោលគឺច្បាប់នេះ មិនមែនក្នុងចេតនាសម្រាប់ការកាត់បន្ថយសិទ្ធិនយោបាយបុគ្គលណាមួយនោះទេ ប៉ុន្តែជាវិធានការសមស្របសម្រាប់ការពារ និងថែរក្សាឯកភាពជាតិ និងសន្តិសុខជាតិ ជាពិសេសក្នុងបរិបទបច្ចុប្បន្នដែលប្រទេសកម្ពុជាកំពុងតែស្ថិតនៅក្នុងការគម្រាមកំហែងពីខាងក្រៅ។ ចំពោះប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ពេញចិត្តនិងគាំទ្រចំពោះច្បាប់ដកសញ្ជាតិនេះ ព្រោះពួកគាត់យល់ច្បាស់ថា ច្បាប់នេះនិងនាំមកនូវការឯកភាពជាតិ និងធ្វើឲ្យជាតិខ្មែរកាន់តែរឹងមាំដើម្បីប្រយុទ្ធប្រឆាំងនិងសត្រូវពីខាងក្រៅដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។