ការវិភាគផលប៉ះពាល់សេដ្ឋកិច្ចថៃ ពីការវិលត្រឡប់របស់ពលករកម្ពុជា
ក្នុងបរិបទសេដ្ឋកិច្ចថៃមុនពេលមានជម្លោះប្រដាប់អាវុធរវាងកម្ពុជា ថៃ ប្រទេសថៃបាន ពឹងផ្អែកយ៉ាងខ្លាំងលើកម្លាំងពលកម្មពីប្រទេសមីយ៉ានម៉ា ឡាវ វៀតណាម កម្ពុជា និងពីបណ្តាប្រទេសផ្សេងៗខ្លះទៀត ដោយក្នុងនោះកម្លាំងពលកម្មកម្ពុជាប្រហែល ១,២៥លាននាក់ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជ្រោងសេដ្ឋកិច្ចថៃឲ្យក្លាយទៅជាប្រទេសមួយដែលមានសម្ទុះសេដ្ឋកិច្ចកើនឡើងខ្លាំងនៅក្នុងតំបន់នាពេលកន្លងមក ជាពិសេសក្នុងវិស័យសំណង់ កសិកម្ម និងសេវាកម្មផ្សេងៗ។ តែមកដល់ពេលនេះប្រទេសថៃ បានបាត់បង់កម្លាំងពលកម្មកម្ពុជាប្រហែលជាង ៩០ ម៉ឺននាក់បាត់ទៅហើយ ដែលនេះអាចបណ្ដាលឲ្យ GDP ថៃ ធ្លាក់ចុះក្នុងរង្វង់ប្រហែល ១០%–១៧% ក្នុងមួយខែ។
ចំពោះទស្សនៈសេដ្ឋកិច្ចអាចបង្ហាញឲ្យឃើញថា ការធ្លាក់ចុះនេះមានផលប៉ះពាល់បីធំៗ គឺ ទី១: ការបាត់បង់ផលិតភាពសរុប ក្នុងវិស័យដែលមានភាពងាយរងគ្រោះពីកម្លាំងពលកម្ម ដូចជា វិស័យសំណង់ និងវិស័យកសិកម្ម។ ទី២: ការរំខានដល់ខ្សែផ្គត់ផ្គង់ ដែលប៉ះពាល់ដល់សេវាផ្គត់ផ្គង់ទំនិញ និងសេវាកម្មផ្សេងៗទៀត និង ទី៣ : កើនឡើងនៃការចំណាយលើប្រាក់ឈ្នួលខ្ពស់ ដោយសារ តែកង្វះខាតកម្លាំងពលកម្ម។
លើសពីនេះទៅទៀត ការថយចុះនៃកម្លាំងពលកម្មកម្ពុជានេះបានធ្វើឲ្យវិស័យឯកជនពិបាកសម្របខ្លួនជាមួួយកម្លាំងពលកម្មថ្មី ព្រមទាំងត្រូវចំណាយពេលច្រើនក្នុងការបណ្តុះបណ្តាល ដែលនាំឲ្យចង្វាក់ផលិតកម្មមានការយឺតយ៉ាវឬត្រូវពន្យារពេលនិងឈានទៅបាត់បង់ទាំងការប្រកួតប្រជែងក្នុងទីផ្សា និងគុណភាពផលិតផល។
ការវាយតម្លៃជារួមក្នុងបរិបទនៃសង្គ្រាមតាមបណ្តោយបន្ទាត់ព្រំដែនកម្ពុជា-ថៃ រយៈពេល៥ថ្ងៃ ពលករកម្ពុជាបានទទួលរងនូវការភ័យខ្លាចអំពីសុវត្ថិភាពផ្ទាល់ខ្លួន និងការគម្រាមកំហែងគ្រប់បែបយ៉ាងដល់អាយុជីវិតពីសំណាក់ក្រុមជ្រុលនិយម និងអាជ្ញាធរថៃ ទើបបណ្តាលពលករកម្ពុជារហូតឈានទៅដល់ការវិលត្រឡប់មកមាតុភូមិវិញ ដែលការវិលត្រឡប់មកវិញនេះមិនមែនមានបញ្ហាតែផ្នែកសង្គមនិងការងារប៉ុណ្ណោះទេ ប៉ុន្តែវាបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចរបស់ប្រទេសថៃទាំងមូលផងដែរ ដែលអាចធ្វើឲ្យកំណើនសេដ្ឋកិច្ចថៃថយចុះយ៉ាងគំហុកក្នុងរយៈពេលខ្លី ហើយបង្កើនហានិភ័យចំពោះស្ថិរភាពសេដ្ឋកិច្ចរយៈពេលវែងថែមទៀតផង៕
អត្ថបទ៖ ពិន វិជ័យ (អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ)