វិភាគ៖ យោធាថៃបង្វែរសង្គ្រាមប្រដាប់អាវុធ ទៅជាសង្គ្រាមលើជនស៊ីវិលកម្ពុជា
សង្គ្រាមកម្ពុជា-ថៃបានផ្ទុះឡើងរយៈពេល៥ថ្ងៃរវាងកងទ័ពកម្ពុជានិងថៃកាលពីអំឡុងថ្ងៃទី២៤ ដល់ពាក់កណ្តាលអាធ្រាតថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ បានបណ្តាលឲ្យយោធានិងជនស៊ីវិលស្លាប់និងរបួសជាច្រើននាក់និងទទួលរងនូវការខូចខាតហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិយ៉ាងធ្ងន់ធ្ងរ តែនោះគឺជាការប៉ះទង្គិចគ្នាដោយយោធានិងយោធា ។ សង្គ្រាមដែលបានកើតឡើង គឺផ្តើមចេញពីអំពើឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យភាពកម្ពុជា។
ឆ្លើយតបនឹងការបំពានមកលើកម្ពុជា និងការទប់ទល់ដើម្បីការពារខ្លួន ការពារទឹកដី ហើយដែលកម្លាំងយោធាបានវាយបកទៅវិញ និងទាហានថៃបានបាញ់ផ្លោងយ៉ាងកំរោលមកលើកម្ពុជានៅតំបន់ព្រំដែន គឺជាទិដ្ឋភាពនៃការប្រយុទ្ធគ្នរវាងកម្លាំងយោធានិងយោធា រួមទាំងសព្វាវុធដែលប្រើក្នុងជម្លោះរវាងប្រទេសទាំងពីរ ។
ប៉ុន្តែស្ថានភាពថ្មីៗនេះនៅតំបន់ព្រំដែនកម្ពុជា-ថៃ ជាពិសេសនៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ គឺជារឿងដាច់ដោយឡែកពីទីតាំងជម្លោះបញ្ហាព្រំដែនដ៏ក្តៅគគុកដែលបានប៉ះទង្គិចគ្នាទ្រង់ទ្រាយធំ ។ ប៉ុន្តែ ការបង្កបញ្ហារាលដាលមកដល់ភូមិករ ផ្ទះសម្បែង ដីអ្នកស្រុកដែលធ្លាប់ និងបានកំពុងរស់ នៅ គឺជារឿងអយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាស្លូតត្រង់ខ្លាំងណាស់។ ទង្វើឈ្លានពានរបស់ថៃ បង្ហាញឲ្យឃើញច្បាស់ថា យោធាថៃកំពុងបង្វែរយុទ្ធសាស្រ្តពីជម្លោះរបស់ខ្លួនក្នុងមហិច្ឆតាវាតទីទឹកដី តម្រង់មករកគោលដៅប្រជាជនស៊ីវិលកម្ពុជាគឺជាអំពើរំលោភច្បាប់ទាំងកំរោល។ យោធាថៃ បានបញ្ចេញសកម្មភាបបង្ខំនិងទាមទារឲ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន ១៧០ គ្រួសារនៅភូមិជោគជ័យជាប់និងភូមិបានណងចាន់ក្នុងខេត្តស្រះកែវរបស់ថៃនេះ ចាកចេញពីផ្ទះសម្បីរបស់ពួកគាត់នោះ គឺជាឧទាហរណ៍យ៉ាងច្បាស់លាស់នៃការធ្វើសង្គ្រាមមកលើប្រជាជនស៊ីវិលកម្ពុជា។
សកម្មភាពរបស់ក្រុមយោធាថៃប្រដាប់ដោយអាវុធ និងប្រើកម្លាំងបង្ក្រាប រួមទាំងប្រើសំឡេងស៊ីរ៉ែនរោរ៍ខ្លាំងៗអាចនឹងប៉ះពាល់ដល់ក្រដាសត្រចៀក និងខួរក្បាលរបស់អ្នកភូមិកម្ពុជា ពិតជាបានបង្កការព្រួយបារម្ភយ៉ាងខ្លាំង ដល់សិទ្ធិរស់នៅនិងជាការរំលោភលើសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលត្រូវបានគាំពារដោយច្បាប់អន្តរជាតិ។
យោងតាមលិខិតរបស់អភិបាលខេត្តស្រះកែវ កាលពីថ្ងៃទី២៩ សីហា ២០២៥ ដែលបានអះអាងថា ប្រជាពលរដ្ឋស៊ីវិលកម្ពុជាបានសាងសង់ និងរស់នៅលើដីព្រៃឈើបម្រុងរបស់ថៃ ហើយជារឿងរំលោភច្បាប់ នោះ សំនួរសួរថា តើភាគីថៃកំពុងយកច្បាប់អ្វីមកសំអាង តើភាគីថៃមានបានគោរពទៅតាម MOU 2000 ដែលបានព្រមព្រៀងគ្នាជាមួយកម្ពុជាដែរឬទេ? ឬមួយភាគីថៃធ្វើអ្វីតាមតែទំនើងចិត្ត?
ការដែលយោធាថៃយកច្បាប់ព្រៃមកអនុវត្តក្នុងទឹកដីកម្ពុជា គឺជាអំពើខុសឆ្គងនិងប្រាស់ចាកទាំងស្រុងពីរបៀបនៃប្រជាជាតិដែលស៊ីវិល័យ និងត្រូវបានពិភពលោកមើលឃើញថា ថៃបាននិងកំពុងដើរខុសគន្លងច្បាប់អន្តរជាតិ និងបង្ហាញនូវរូបភាពអានាធិបតេយ្យ និងច្រងេងច្រងាង។ ការចេញបទបញ្ជាណាមួយក្នុងប្រទេសថៃ ក្នុងន័យថា ច្បាប់រដ្ឋបាលរបស់ប្រទេសថៃគឺសម្រាប់តែអនុវត្តទៅលើតែប្រជាពលរដ្ឋថៃ ដែលរស់នៅក្នុងដែនអធិបតេយ្យភាពរបស់ខ្លួនតែប៉ុណ្ណោះ គឺមិនមែនយកច្បាប់ថៃមកអនុវត្តនៅលើទឹកដីកម្ពុជាបាននោះទេ ។
ប្រទេសនីមួយៗមានច្បាប់របស់គេរៀងៗខ្លួន ឬមួយថៃគិតថាច្បាប់របស់ខ្លួនជាច្បាប់អន្តរជាតិដែលអាចអនុវត្តលើប្រទេសណាក៏បាន។សកម្មភាពដ៏គឃ្លើនរបស់យោធាថៃជាច្រើនថ្មីៗនេះ ពិភពលោកប្រាកដជាបានយល់កាន់តែច្បាស់អំពីចរិកពិតរបស់ថៃនិងក៏បានដឹងច្បាស់ផងដែរថា ថៃជាអ្នកបង្កើតសង្គ្រាមឈ្លានពានមុនមកលើកម្ពុជានិងកំពុងរំលោភបទឈប់បាញ់យ៉ាងធ្ងន់ធ្ងរ ។ រីឯកម្ពុជាវិញ គឺជាជនរងគ្រោះនិងគ្រាន់តែប្រើសិទ្ធិការពារខ្លួននិងចង់បានតែសន្តិភាពប៉ុណ្ណោះ ដែលមិនគួរត្រូវបានរងនូវការមួលបង្កាច់ ចោទប្រកាន់ ប្រឌិតព័ត៌មាន និងបំផ្លើសថា ប្រជាជនកម្ពុជាជាអ្នករំលោភលើទឹកដីរបស់ថៃនោះឡើយ។
បញ្ហាប្រជាជនស៊ីវិលកម្ពុជាដែលកំពុងតែរស់នៅក្នុងភូមិជោគជ័យ ឃុំអូរបីជាន់នេះ ពិតជាជាប់ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងព្រំដែន និងការវាស់វែងខណ្ឌសីមា ដែលត្រូវស្ថិតក្រោមសមត្ថកិច្ចរបស់គណៈកម្មាធិការព្រំដែនទូទៅ GBC និង គណៈកម្មការធិការចម្រុះខណ្ឌសីមាព្រំដែនគោក JBC នៃប្រទេសទាំងពីរកម្ពុជា-ថៃ។ ដូច្នេះរាល់ការសម្រេចជាឯកតោភាគីរបស់ថៃ គីមិនអាចអនុវត្តបាននោះទេ ហើយនេះប្រាកដណាស់ដែលថៃកំពុងប្រើវិធានការប្តូរទិសដៅពី “សង្គ្រាមប្រដាប់អាវុធ” ទៅកាន់ “សង្គ្រាមប្រឆាំងនិងជនស៊ីវិលកម្ពុជា” យ៉ាងច្បាស់ក្រឡែដោយមិនអាចប្រកែកបានឡើយ។
តាមពិតទៅប្រជាពលរដ្ឋស៊ីវិលកម្ពុជាដែលរស់នៅក្នុងតំបន់នោះ មិនមែនជាអ្នករំលោភបំពានច្បាប់ដោយចេតនានោះទេ ពោលគឺ ពួកគាត់ដែលជាជនស៊ីវិលទាំងនោះ មានប្រវត្តិរស់និងការប្រើប្រាស់ដីធ្លី ភូមិករ ស្របច្បាប់ក្នុងទឹកដីកម្ពុជានៅតំបន់នោះចាប់តាំងពីឆ្នាំ១៩៨៤ ហើយបានបន្តជីវភាពរស់នៅពឹងពាក់អាស្រ័យផលលើដីស្រែចំការ ធ្វើកសិកម្ម ចិញ្ចឹមជីវិតនិងដោយបានបន្តការរស់នៅរហូតមកដល់សព្វថ្ងៃនេះក្រោមការគ្រប់គ្រងនិងក្នុងនាមជាប្រជាជនកម្ពុជាស្របច្បាប់។