Khmer First Close

លទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី២ របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) កម្ពុជា-ថៃ បានសម្រេចឯកភាពគ្នាលើយន្តការសំខាន់ៗមួយចំនួន

ដោយ៖ សម្បត្តិ កិត្យា ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ 137
លទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី២ របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) កម្ពុជា-ថៃ បានសម្រេចឯកភាពគ្នាលើយន្តការសំខាន់ៗមួយចំនួន លទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី២ របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) កម្ពុជា-ថៃ បានសម្រេចឯកភាពគ្នាលើយន្តការសំខាន់ៗមួយចំនួន

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា លទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី២ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃនេះ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលមានវត្តមានចូលរួមពី ឯកឧត្តមនាយឧត្ដមសេនីយ៍ Nattaphon Narkphanit រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រថៃជាសហប្រធាន និងក្រោមការសង្កេតការណ៍ដោយតំណាងប្រទេសម៉ាឡេស៊ី តំណាងសហរដ្ឋអាមេរិក និងក្រុមការងារអ្នកសង្កេតការណ៍អន្តរកាល (IOT) ប្រចាំនៅប្រទេសកម្ពុជា និងថៃ។

នៅក្នុងកិច្ចប្រជុំនោះផងដែរ កម្ពុជា-ថៃ ក៏បានសម្រេចឯកភាពគ្នាលើយន្តការសំខាន់ៗមួយចំនួនរួមមាន៖
១.ការកាត់បន្ថយភាពតានតឹងផ្នែកយោធាតាមរយៈ ការកសាងពង្រាងដំបូងនៃឯកសារផែនការសកម្មភាពការងារសម្រួលអាវុធធុនធ្ងន់ដែលមានសមត្ថភាពបំផ្លាញខ្លាំង និងយុទ្ធោបករណ៍ឱ្យត្រលប់ទៅមូលដ្ឋានដើមវិញ
២. ចំពោះតំបន់អាទិភាពនៃការងារដោះមីនមនុស្សធម៌ នេះពុំទាន់មានការឯកភាពគ្នានៅឡើយទេ ដូចនេះភាគីទាំងពីរនឹងបន្តជួបពិភាក្សាគ្នាដើម្បីកំណត់តំបន់អាទិភាពនេះ
៣.ភាគីទាំងពីរ ក៏បានឯកភាពគ្នាផងដែរលើផែនការសកម្មភាព នៃកិច្ចសហប្រតិបត្តិការ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន រួមបញ្ចូលទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Cyber Scam) និងការជួញដូរមនុស្ស រវាងនគបាលជាតិកម្ពុជា និងនគបាលជាតិថៃ។

យោងតាមប្រភពដដែលបានឱ្យដឹងថា ចំពោះកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសកម្ពុជា និងថៃ ដែលគ្រោងនឹងចុះហត្ថលេខានាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមការជួយសម្របសម្រួលដោយសហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ី ក្នុងស្មារតីបង្កើនជំនឿទុកចិត្តនិងភាពជឿជាក់ទៅវិញទៅមក ព្រមទាំងការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនង និងការវិលត្រលប់ទៅរកប្រក្រតីភាពឡើងវិញនៃប្រទេសទាំងពីរ។ ចំពោះសភាពការណ៍នេះក៏នឹងបង្កលក្ខណៈចំពោះការដោះលែងទាហានកម្ពុជាទាំង១៨នាក់ ក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ។ ភាគីទាំងពីរបានព្រមព្រៀងគ្នាថានឹងរៀបចំកិច្ចប្រជុំពិសេសបន្ទាប់ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC)ក្នុងរយៈពេល ៩០ ថ្ងៃ ឬតាមសេចក្តីត្រូវការចាំបាច់ណាមួយបន្ទាប់ពីកិច្ចប្រជុំនេះ ដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

អត្ថបទទាក់ទង