អ្នកនាំពាក្យប្រធានព្រឹទ្ធសភា៖ រាជរដ្ឋាភិបាលរក្សាភាពអត់ធ្មត់តែសកម្ម ដែលជាអាវុធដ៏មានឥទ្ធិពលមួយ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី

យោងតាមការបង្ហោះផ្សាយរបស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា កិច្ចព្រមព្រៀងសន្តិភាពកម្ពុជានិងថៃ គ្រោងចុះហត្ថលេខានៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ដោយនាយករដ្ឋមន្រ្តីប្រទេសទាំងពីរ គឺផ្តើមចេញពីការគិតគូរគ្រប់ជ្រុងជ្រោយរបស់សម្តេចតេជោ ហ៊ុន សែន ដែលតែងតែលើកឡើងថា«រក្សាការអត់ធ្មត់តែសកម្ម ក៏ជាអាវុធដ៏មានឥទ្ធិពលមួយបែបដែរ ដើម្បីទប់ទល់នឹងការឈ្លានពាន» និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏លើកឡើងផងដែរ ថា «ស្ងៀមស្ងាត់ ស្ងាត់តែមិនស្ងៀម ជាអភិក្រមដោះស្រាយជម្លោះ ដើម្បីការពារទឹកដីមាននិរន្តរភាព»។
ទន្ទឹមនោះផងដែរ ឯកឧត្តម ជា ធីរិទ្ធ ក៏បានស្នើឱ្យបងប្អូនមួយចំនួនដែលរិះគន់ សូមពិចារណាថា ក្នុងពេលដោះស្រាយបញ្ហាព្រំដែន ការពារទឹកដី វាមិនគួរជាពេលដែលបងប្អូនត្រូវលើកឡើងពីទឡ្ហីករណ៍ សិទ្ធិបញ្ចេញមតិ ប្រជាធិបតេយ្យ ទាមទារឲ្យរដ្ឋាភិបាលត្រូវតែប្រាប់បងប្អូនគ្រប់បែបយ៉ាងនោះទេ ពីព្រោះ«ការដោះស្រាយរឿងទឹកដី វាមិនដូចដោះស្រាយរឿងសិទ្ធិបញ្ចេញមតិ លទ្ធិប្រជាធិបតេយ្យ នោះឡើយ។ រាល់សកម្មភាពជាជំហានៗរបស់រដ្ឋាភិបាល សុទ្ធតែជាយុទ្ធសាស្រ្តប្រកបដោយការទទួលខុសត្រូវចំពោះវាសនាប្រទេសជាតិ ដើម្បីការពារដីដូនតា»។
តាមប្រភពដដែលបានឱ្យដឹងបន្ថែមថា ទោះបងប្អូនស្ថិតក្នុងនិន្នាការណា ក៏ស្រឡាញ់ជាតិ ស្រឡាញ់ទឹកដី ហើយថ្នាក់ដឹកនាំរដ្ឋាភិបាល អ្នកគាំទ្របក្សប្រជាជនកម្ពុជា ក៏ស្រឡាញ់ទឹកដីដូចគ្នាដែរ។ បើយើងសុទ្ធតែស្រឡាញ់ជាតិ ស្រឡាញ់ទឹកដីដូនតាដូចគ្នា ក្នុងពេលនេះ យើងគប្បីសាមគ្គីគ្នា ឆ្ពោះទៅគោលដៅរួម គឺប្រឆាំងការឈ្លានពានដីដូនតា»៕