Khmer First Close

តើការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅចន្លោះបង្គោល ៤២-៤៧ និង ៥២-៥៩ ធ្វើ ឡើងជាការប្រញាប់ប្រញាល់ពេកដែរឬទេ?

ដោយ៖ សម្បត្តិ កិត្យា ​​ | 9 ម៉ោងមុន ទស្សនៈ - នយោបាយ 158
តើការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅចន្លោះបង្គោល ៤២-៤៧ និង ៥២-៥៩ ធ្វើ ឡើងជាការប្រញាប់ប្រញាល់ពេកដែរឬទេ? តើការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅចន្លោះបង្គោល ៤២-៤៧ និង ៥២-៥៩ ធ្វើ ឡើងជាការប្រញាប់ប្រញាល់ពេកដែរឬទេ?

ដោយយោងតាមផេកផ្លូវការរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានចេញផ្សាយនៅថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០២៥នេះ បានឆ្លើយបំភ្លឺទៅនិងការជជែកវែកញែកក៏ដូចជាការបញ្ចេញមតិចោទសួរនិងបង្ហាញក្តី កង្វល់អំពីការវាស់វែងបង្គោលព្រំដែនបណ្តោះអាសន្ននេះយ៉ាងច្បាស់ហើយថា បញ្ហាព្រំដែនកម្ពុជា-ថៃគឺ ជាបញ្ហាប្រវត្តិសាស្ត្រមួយលំបាក ស្មុគស្មាញ និងត្រូវផ្អែកលើការងារបច្ចេកទេសច្បាស់លាស់ និងតម្រូវឲ្យមានការយល់ដឹងអំពីភូមិសាស្ត្រ នយោបាយ និងសង្គម យ៉ាងច្បាស់លាស់និងម៉ត់ចត់បំផុត។ ថ្មីៗនេះ មានការវិវឌ្ឍរីកចម្រើនដ៏គួរឲ្យកត់សម្គាល់ អំពីកិច្ចការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្ន បានធ្វើឲ្យមានមតិព្រួយបារម្ភជាច្រើនថា កិច្ចការនេះធ្វើឡើងហាក់ដូចជាមានការ «ប្រញាប់ ប្រញាល់» និង បានប្រើប្រាស់រយៈពេលខ្លីពេកក្នុងការធ្វើការងារដ៏ធំសម្រាប់ប្រទេសជាតិទាំងពីរមួយនេះ។ តែទោះជាយ៉ាងណាក៏ដោយ បើធ្វើការវិភាគឲ្យស៊ីជម្រៅផ្អែកលើប្រភពនៃព័ត៌មាននានា និងប្រវត្តិរបស់ ក្រុមការងារកិច្ចការព្រំដែនបានបង្ហាញយ៉ាងច្បាស់ថា មតិដែលលើកឡើងខាងលើនេះមិនសមរម្យនឹង មិនត្រូវតាមកាលៈទេសៈនិងស្ថានការណ៍ពិតនៃកិច្ចការនេះឡើយ។

ការងារបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅក្នុងតំបន់បង្គោលព្រំដែនលេខ ៤២-៤៧ និង ៥២-៥៩ ក្រុមការងារបច្ចេកទេសមិនមែនទើបតែចាប់ផ្តើមការងារថ្មីទេ ប៉ុន្តែជាការងារបន្តដែលបានធ្វើអស់រយៈ ពេលជិត ២០ឆ្នាំកន្លងមកហើយ ។ ពោលគឺចាប់តាំងពីឆ្នាំ ២០០៦ មកក្រុមវាស់វែងចម្រុះខណ្ឌសីមាកម្ពុជា-ថៃ បានចុះអនុវត្តការងារនេះនៅលើដីជាក់ស្ដែងជាបន្តបន្ទាប់ ដើម្បីធ្វើការវាស់វែង និងស្វែងរកទីតាំងចាស់ពិតប្រាកដរបស់បង្គោលបេតុងចំនួន ៧៤ បង្គោល ដែលបានបោះនៅក្នុងអំឡុងឆ្នាំ ១៩១៩–១៩២០ ដោយគណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម។
ប្រយោជន៍នៃការងារជិត ២០ ឆ្នាំកន្លងមកនេះ គឺបានជាមូលដ្ឋានទិន្នន័យផ្នែកបច្ចេកទេសកាន់តែច្បាស់លាស់ដើម្បីបង្កើតលក្ខខណ្ឌត្រឹមត្រូវសម្រាប់ការបោះបង្គោលខណ្ឌសីមាដែលមានស្តង់ដារនិងមាននិយាមការច្បាស់លាស់យោងតាមវិទ្យាសាស្ត្រជាក់ស្ដែងថ្មីៗឲ្យកាន់តែសុក្រឹត្យដើម្បីឈានទៅការផលិតផែនទីអ័រតូហ្វូតូ ដូចជាបច្ចេកវិទ្យា LiDAR (Light Detection and Ranging)ជាដើម និងដើម្បីឲ្យស្របទៅតាមស្មារតីនៃសេចក្តីប្រកាសព័ត៌មានរួមនៃ កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅខេត្តចន្ទបុរី កាលពីថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ។

ជាការរំលឹកផងដែរថា ការងារដែលបានអនុវត្តនៅតំបន់បង្គោលព្រំដែនលេខ៤២–៤៧ និង ៥២–៥៩គឺ ជាការងារមិនត្រឹមតែជាការស្វែងរកទីតាំងបង្គោលចាស់មានស្រាប់ដែលបានបោះដោយផ្អែកតាមផែនទីដែលបានបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម តែប៉ុណ្ណោះ ហើយដំណើរការនេះទៀតសោតក៏មិនទាន់បានឈានចូលដល់ដំណាក់កាលនៃការបោះបង្គោលខណ្ឌសីមាជាផ្លូវការលើដីពិតប្រាកដនោះនៅឡើយដែរ។
ដូច្នេះការបោះបង្គោលបណ្តោះអាសន្ននាពេលនេះ មិនមែនជាការងារ «ប្រញាប់ប្រញាល់» ឬជាការងារដោយខ្វះនូវការទទួលខុសត្រូវនិងមិនមានមូលដ្ឋានច្បាស់លាស់នោះទេ តែផ្ទុយទៅវិញជាការបន្តការងារបច្ចេកទេសដែលគ្រាន់តែឈានទៅកាន់ជំហានបន្ទាប់ក្រោមគោលការណ៍ដែលបានអនុម័តជាសាធារណៈរួមគ្នារួចមកតែប៉ុណ្ណោះ។

ការវាស់វែងនិងកំណត់ខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ មិនមែនជាការងារដែលអាចធ្វើតាមចិត្តអ្នកណាម្នាក់ បុគ្គលណាឬក្រុមណាមួយនោះទេ តែវាត្រូវបានធ្វើឡើងតាមបែបបទនិងមានមូលដ្ឋានច្បាស់លាស់ ដែលភាគីទាំងពីរបានឯកភាពយល់ព្រមជាមួយគ្នាអស់រយៈពេលជិតពីរទសវត្សរ៍កន្លងមក ហើយក្រុម បច្ចេកទេសនៃប្រទេសទាំងពីរបានយល់ព្រមយកមកប្រើជាមូលដ្ឋានក្នុងការវាស់វែងការបោះបង្គោលព្រំដែនបណ្តោះអាសន្ននេះតែប៉ុណ្ណោះ។

ក្រោមបែបបទនៃការងារនេះ គ្រប់ជំហានបច្ចេកទេសចាប់តាំងពីការវាស់វែងទៅដល់ការបង្គោលបណ្តោះអាសន្នត្រូវបានធ្វើដោយការយល់ព្រមពីភាគីទាំងពីរ និងមានឯកសារអះអាងច្បាស់លាស់។

តើហេតុអ្វីបានជាត្រូវបោះបង្គោលព្រំដែនបណ្តោះអាសន្ន?
ការបង្គោលព្រំដែនបណ្តោះអាសន្ន គឺជាជំហានមួយដែលមិនអាចខ្វះបានក្នុងដំណើរការបោះបង្គោលខណ្ឌសីមាដែលមានគោលបំណង៖ ទី១. កំណត់ទីតាំងបណ្តោះអាសន្នដែលភាគីទាំងពីរយល់ព្រមគ្នាស្រាប់ ទី២. ជៀសវាងការប៉ះទង្គិចគ្នា ដែលកើតចេញពីការដែលមិនមានទីតាំងភូមិសាស្ត្រដែលជាកម្មសិទ្ធិបណ្តោះអាសន្នមិនច្បាស់លាស់ ទី៣. ងាយស្រួលក្នុងការរៀបចំត្រៀមដំណើរការនៃការបោះបង្គោលព្រំដែនប្រវត្តិសាស្ត្រមួយពិតប្រាកដនិងច្បាស់លាស់។

គួរកត់សម្គាល់ផងដែរថា ការបោះបង្គោលបណ្តោះអាសន្ននេះមិនមែនជាដំណើរការឬជាការសម្រេចចុងក្រោយនៃការបោះបង្គោលផ្លូវការនោះទេ តែជារបៀបបំពេញលក្ខណៈត្រឹមត្រូវដើម្បីឆ្ពោះទៅរកការបោះបង្គោលបេតុងព្រំដែនអចិន្រ្តៃយ៍នាពេលខាងមុខ។

មតិខ្លះលើកឡើងថា រដ្ឋាភិបាលហាក់មានការប្រញាប់ប្រញាល់ពេក ឬ ប្រើរយៈពេលខ្លីពេក នោះមិនមែនជាការត្រឹមត្រូវទេ ការណ៏នេះវាអាចកើតចេញពី ការយល់ច្រលំនៃការងារបច្ចេកទេស អារម្មណ៍ព្រួយបារម្ភជ្រុលពេក ខ្វះប្រភពព័ត៌មានច្បាស់លាស់ពីប្រភពផ្លូវការ ឬមានបង្កប់ទៅដោយរបៀបវីរៈនយោបាយ និងជាការញុះញុងនយោបាយបែបជ្រុលនិយម ដែលមានការឆកល្វែងក្នុងការប្រើក្រសែភ្នែកមើលមកលើរដ្ឋាភិបាលក្នុងផ្លូវល្អនិងជាការធ្វើឡើងដើម្បីតែបម្រើផលប្រយោជន៏ផ្ទាល់ខ្លួនឬសម្រាប់តែក្រុមរបស់ខ្លួនក្នុងការវាយប្រហាររដ្ឋាភិបាល ដែលមិនបានគិតអំពីផលប្រយោជន៏ជាតិសម្រាប់បំរើដល់ការរស់នៅសុខសាន្តរបស់កូនចៅជាច្រើនជំនាន់តទៅមុខទៀត។

ប៉ុន្តែជាការពិត គ្មានបច្ចេកទេសឬការវាស់វែងព្រំដែនណាមួយដែលអាចធ្វើឡើងដោយប្រញាប់ប្រញាល់ដោយគ្មានមូលដ្ឋានបាននោះទេ ព្រោះការវាស់វែងត្រូវការយន្តការបច្ចេកទេសមួយដែលមានភាពល្អិតល្អន់និងប្រើរយៈពេលវែងដោយមិនអាចធ្វើទៅតាមអារម្មណ៏ឬតាមការនឹកឃើញ តែត្រូវមានការយល់ព្រមរវាងប្រទេសទាំងពីរដោយឆ្លងកាត់តាមរយៈការប្រជុំនិងការអនុម័តជាច្រើនលើកច្រើនសារ ការធ្វើការងារដោយចុះទៅដល់ទីតាំងជាក់ស្ដែង ត្រូវការជួបប្រជុំក្រុមបច្ចេកទេសជាច្រើនលើក ឯកសារពាក់ព័ន្ធត្រូវតែបានចុះហត្ថលេខា និងរក្សាទុកជាផ្លូវការត្រឹមត្រូវ។

កម្ពុជានិងថៃមានប្រវត្តិជម្លោះព្រំដែនជាងមួយសតវត្សរ៍មកហើយ ដូច្នេះគ្រប់ការអនុលោមតាមគោលការណ៍បច្ចេកទេសណាមួយឆ្ពោះទៅរកការកំណត់ខណ្ឌសីមាដាច់ខាតគឺជាជំហានមួយដ៏សំខាន់ណាស់ ពោលគឺត្រូវគិតដល់ ការការពារអធិបតេយ្យជាតិ ការបង្កើតស្ថិរភាពតំបន់ ការពង្រឹងទំនាក់ទំនងអន្តរជាតិនិង ការបង្ការកុំឲ្យមានជម្លោះតំបន់ព្រំដែនកើតឡើង ទាំងនេះហើយគឺជាអ្វីដែលប្រទេសនីមួយៗត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ព្រោះនេះជាការងារប្រវត្តិសាស្ត្រសម្រាប់ជាផលប្រយោជន៏របស់ប្រទេសជាតិ។

ការចាប់ផ្តើមដំណើរការនិងការចុះបោះបង្គោលព្រំដែនបណ្តោះអាសន្នបានឡើងវិញនេះចាត់ទុកថាជាជំហានជោគជ័យនិងជាប្រវត្តិសាស្ត្រមួយធំណាស់សម្រាប់ប្រទេសជាតិ បើទោះបីជាលទ្ធផលបង្ហាញមកយ៉ាងណាក៏ដោយក៏ប្រជាពលរដ្ឋកម្ពុជាយើងត្រូវតែទទួលយកដែរ ព្រោះនេះគឺជាការវាស់វែងដោយឈរលើផែនទីប្រវត្តិសាស្ត្រនិងសន្ធិសញ្ញាដែលបានចែងនិងបានបន្សល់ទុកតាំងពីជំនាន់អាណានិគមនិយមបារាំង និងដែលបានតម្កក់ទុកនៅអង្គការសហប្រជាជាតិយ៉ាងត្រឹមត្រូវ និងថែមទាំងមានការកំណត់ចំណុចបង្គោលព្រំដែនមានភាពច្បាស់លាស់ជាងមុន និងកាត់បន្ថយហានិភ័យនៃការខ្វែងគំនិតគ្នាដែលនាំឲ្យឈានទៅរកជម្លោះរវាងកម្ពុជានិងថៃបន្តទៅថ្ងៃមុខទៀត ដែលនេះហើយគឺជាការគិតគួរប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ការអះអាងថា ការវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ន កំពុងធ្វើឡើងក្នុងរយៈពេលខ្លី និងដោយប្រញាប់ប្រញាល់ គឺជាការយល់ឃើញដោយមិនសមស្របនឹងខុសពីការពិតទាំងស្រុង។លក្ខណៈបច្ចេកទេស និងប្រវត្តិការងារជិត ២០ឆ្នាំនៃការងារបោះបង្គោលព្រំដែននេះ បង្ហាញថា ជាការងារមួយដែលបានបន្តដំណើរការដ៏វែងឆ្ងាយមួយ ដែលមានមូលដ្ឋានផ្លូវការច្បាស់លាស់ និងជាក់ស្ដែង។ ដូច្នេះការបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅចន្លោះបង្គោលលេខ ៤២-៤៧ និង ៥២-៥៩ គឺជាជំហានបច្ចេកទេសដ៏ត្រឹមត្រូវបំផុត ដើម្បីឆ្ពោះទៅរកការបោះបង្គោលខណ្ឌសីមាដែលមានលក្ខណៈស្តង់ដារអន្តរជាតិ មានការយល់ព្រមឯកភាពគ្នាពីភាគីទាំងពីរកម្ពុជា-ថៃ ដោយមានការទទួលស្គាល់និងគាំទ្រពីសហគមន៍ជាតិ និងអន្តរជាតិ ជាពិសេសមានការទទួលស្គាល់ពីប្រទេសមហាអំណាចធំៗទាំងពីរគឺសហរដ្ឋអាមេរិក និងប្រទេសចិន។

និយាយជារួម ការសម្រេចចិត្តក្នុងការបន្តវាស់វែងបោះបង្គោលព្រំដែនបណ្តោះអាសន្នធ្វើបាននៅពេលនេះ សរបញ្ជាក់ឲ្យឃើញនូវឆន្ទះនយោបាយពិតប្រាកដរបស់ប្រមុខរាជរដ្ឋាភិបាលនិងបានបង្ហាញនូវគោលជំហរការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ព្រមទាំងបានកសាងនូវជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាលដែលដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងក៏ជាវិធីសាស្ត្រមួយដ៏ល្អ ដោយអាចដោះស្រាយបញ្ហារយៈពេលវែងដោយសន្តិវិធី ដើម្បីឈានទៅបញ្ចប់ជម្លោះនិងបង្កលក្ខណៈងាយស្រួលដល់ការបន្តជីវភាពរស់នៅប្រកបដោយសេចក្តីសុខជាប្រក្រតីឡើងវិញរបស់ប្រជាពលរដ្ឋកម្ពុជានៅតាមបណ្តោយតំបន់ព្រំដែន។ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវជឿទុកចិត្តមកលើរាជរដ្ឋាភិបាលនិងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកដែលជានិច្ចកាលតែងតែប្រកាន់ភ្ជាប់នូវមនសិការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៏ជាតិជាធំ និងប្រកាន់នូវគោលការច្បាប់អន្តរជាតិដោយគោរពគោលការណ៏ព្រំដែនមិនកែប្រែដែលបានបន្សល់ទុកដោយគណៈកម្មការព្រំដែន
ឥណ្ឌូចិន-សៀម៕

ដោយ៖ ពិន វិជ័យ- អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ

អត្ថបទទាក់ទង