អត្ថបទវិភាគ៖ «ដំណោះស្រាយបញ្ហាព្រំដែនដែលល្អនិងត្រឹមត្រូវបំផុតគឺការទទួលយកខ្សែព្រំដែនដែលបន្សល់ពីអាណានិគមនិងស្របតាមច្បាប់អន្តរជាតិ»
អត្ថបទវិភាគ៖ «ដំណោះស្រាយបញ្ហាព្រំដែនដែលល្អនិងត្រឹមត្រូវបំផុតគឺការទទួលយកខ្សែព្រំដែនដែលបន្សល់ពីអាណានិគមនិងស្របតាមច្បាប់អន្តរជាតិ»
នៅលើពិភពលោកនេះ បញ្ហាព្រំដែនគឺជារឿងស្មុគស្មាញ និងពិបាកដោះស្រាយបំផុត ហើយបញ្ហានេះតែងតែក្លាយជាជម្លោះតជំនាន់មិនងាយចប់ឡើយ ពីព្រោះភាគីនីមួយៗតែងតែអះអាងភាពជាកម្មសិទ្ធិរៀងៗខ្លួន ដោយសំអាងលើហេតុផលមួយចំនួន ដូចជាការធ្លាប់កាន់កាប់និងអាស្រ័យផលនៅទីនោះតាំងពីយូរយារ ឬមូលហេតុមួយចំនួនទៀត។
តាមពិត ការកាន់កាប់និងអាស្រ័យផលជាក់ស្តែងលើដីមិនមែនជាកត្តាកំណត់អំពីខ្សែបន្ទាត់ព្រំដែនឡើយ ពីព្រោះប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែន ត្រង់តំបន់ដែលមិនទាន់បានកំណត់ខ្សែបន្ទាត់ព្រំដែន ពួកគេមិនបានដឹងថា ខ្សែបន្ទាត់ព្រំដែនដែលជាខណ្ឌសីមារវាងប្រទេសទាំងពីរ ស្ថិតនៅកន្លែងណា ឡើយ។ ជួនកាលខ្សែព្រំដែនមានតែនៅលើផែនទី ប៉ុន្តែមិនទាន់មានច្បាស់លាស់នៅលើផែនដីនៅឡើយ។
ជាក់ស្តែង ព្រំដែនគោករវាងកម្ពុជា-ថៃមានប្រវែងជាង ៨០០ គ.ម មានផែនទីច្បាស់លាស់ដែលបន្សល់ទុកដោយអាណានិគមបារាំង ហើយបារាំងក៏បានបោះបង្គោលចំនួន ៧៤ រួចហើយ។ ប៉ុន្តែ បង្គោលចំនួន ៧៤ លើបន្ទាត់ព្រំដែនជាង ៨០០ គ.ម មិនគ្រប់គ្រាន់ទេ ក្នុងការកំណត់ឱ្យបានច្បាស់លាស់ពីខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ។ ប្រសិនបើព្រំដែនត្រូវខណ្ឌដោយខ្សែទឹក ដូចជាទន្លេ ស្ទឹង ឬព្រែកពីធម្មជាតិ គឺជាការងាយស្រួលចំណាំ ប៉ុន្តែបើនៅទីកន្លែងដែលមិនអាចយកតាមខ្សែទឹកបាន ពិតជាពិបាកខ្លាំងណាស់ ក្នុងការដឹងថា តើខ្សែព្រំដែននៅឯណា?

ដូច្នេះ ដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរគឺជាភារកិច្ចរបស់ក្រុមអ្នកជំនាញដែលត្រូវធ្វើ៖
ទី១ គឺស្វែងរកបង្គោលចាស់ទាំង ៧៤ ដែលបោះដោយបារាំង។ បង្គោលទាំងនោះ ទោះបីជាមានអ្នកលួច រំកិលក៏មិនអាចបន្លំបានដែរ ពីព្រោះការបោះបង្គោលនីមួយៗសុទ្ធតែមាននិយាមការច្បាស់លាស់ ដែលអាចផ្ទៀងផ្ទាត់បាន។ ក្រោយរកឃើញនិងផ្ទៀងផ្ទាត់បង្គោលចាស់ទាំង ៧៤ រួចហើយ ក្រុមអ្នកជំនាញនៃប្រទេសទាំងពីរត្រូវសិក្សាពីទីតាំងដែលត្រូវបោះបង្គោលបន្ថែមនៅចន្លោះបង្គោលចាស់ និងបោះបង្គោលថ្មីនៅកន្លែងណាដែលមិនទាន់មាន។
ការងារទាំងអស់នេះអាចសម្រេចទៅបានដោយផ្អែកលើអនុសញ្ញា សន្ធិសញ្ញានិងឯកសារពាក់ព័ន្ធផ្សេងៗ ទៀតដែលមានស្រាប់ បន្សល់ទុកដោយអាណានិគមបារាំង និងច្បាប់អន្តរជាតិ។ នេះគឺជានីតិវិធីក្នុងការដោះស្រាយបញ្ហាព្រំដែនដែលត្រឹមត្រូវ និងច្បាស់លាស់បំផុត និងដោយសន្តិវិធី។ ការប្រើប្រាស់កម្លាំងមិនអាចដោះស្រាយបញ្ហាព្រំដែនបានទេ ហើយការអះអាងដូចទាហានថៃ ដែលធ្លាប់និយាយថា ទីណាដែលកងទ័ពរបស់ខ្លួនឈានជើងជាន់គឺជាទឹកដីរបស់ខ្លួន គឺមិនត្រឹមត្រូវឡើយ។ ក្នុងន័យនេះ ជំហររបស់កម្ពុជាក្នុងការប្រកាន់យកភាពអត់ធ្មត់ ដើម្បីបញ្ចៀសការផ្ទុះអាវុធ និងទាញថៃទៅរកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមច្បាប់អន្តរជាតិ គឺជាជំហរដ៏ត្រឹមត្រូវបំផុត។
ជាក់ស្តែង ការចុះវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ នៅខេត្តបន្ទាយមានជ័យ និងលេខ៥២-៥៩ នៅខេត្តបាត់ដំបង នាពេលនេះគឺជាកិច្ចការចាំបាច់និងត្រឹមត្រូវស្របតាមអនុសញ្ញា សន្ធិសញ្ញា និង MOU ឆ្នាំ២០០០ រវាងប្រទេសទាំងពីរ ស្របតាមបែបបទការងារ(TOR) ឆ្នាំ២០០៣ និងស្របតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំ JBC នាពេលកន្លងមក ព្រមទាំងអនុវត្ត តាមបែបបទណែនាំបច្ចេកទេស (Technical Instruction) ដែលភាគីទាំងពីរបានឯកភាពគ្នា។
ការងារវាស់វែងនិងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនទាំងនេះទៀតសោត គឺធ្វើឡើងដោយឈរលើមូលដ្ឋាននៃឯកសារគតិយុត្ត ដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ (Procès Verbaux) បោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀមឆ្នាំ១៩០៨-១៩០៩ និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀមឆ្នាំ១៩១៩-១៩២០។
ជាការពិត កិច្ចការព្រំដែនគឺជាការងារបច្ចេកទេសផែនទី និងច្បាប់សុទ្ធសាធ។ ដូច្នេះ មានតែក្រុមអ្នកជំនាញទេ ដែលអាចយល់កិច្ចការនេះនិងអាចធ្វើបាន។ អ្នកនយោបាយ និងប្រជាពលរដ្ឋសាមញ្ញមិនអាច យល់ជម្រៅការងារនេះបានឡើយ។ ពួកគេនិយាយតែតាមអារម្មណ៍និងមនោសញ្ចេតនាជាតិនិយម ឬជ្រុលនិយមតែប៉ុណ្ណោះ។ ដូច្នេះ ការងារនេះគួរទុកឱ្យក្រុមអ្នកជំនាញរបស់រាជរដ្ឋាភិបាលធ្វើ ដោយយើងជាប្រជាពលរដ្ឋរង់ចាំគាំទ្រពីក្រោយ។ ទោះជាយើងចង់ផ្តល់មតិយោបល់អ្វី ក៏គួរតែមានការយល់ដឹងពីរឿងនេះឱ្យបានច្បាស់លាស់ជាមុន។ អ្វីដែលយើងគួរគិតគឺ គ្មានរដ្ឋាភិបាលណា ឬមេដឹកនាំណា ចង់បាត់បង់ទឹកដីទេ ពិសេសនៅក្រោមអំណាចនៃការដឹកនាំរបស់ខ្លួន មេដឹកនាំមានការទទួលខុសត្រូវចំពោះ មុខប្រវត្តិសាស្ត្រ និងចំពោះមុខប្រជាជាតិខ្មែរទាំងមូល។
អ្វីដែលអាចកើតមានចំពោះមុខ គឺច្បាស់ណាស់ថា ក្រោយពេលវាស់វែងនិងការបោះបង្គោលបណ្តោះអាសន្ន រួច ការកំណត់ខណ្ឌសីមារវាងប្រទេសទាំងពីរគឺច្បាស់ជាមានកន្លែងខ្លះដូចធ្មេញរណារ ដែលប្រជាជន នៃប្រទេសទាំង ២ ធ្លាប់កាន់កាប់ និងអាស្រ័យផលកន្លងមក ហើយបញ្ហានេះជារឿងដែលមិនអាចចៀសវាងបានទោះជានៅប្រទេសណាក៏ដោយ ជាពិសេសប្រទេសដែលធ្លាប់នៅក្រោម អាណាព្យាបាលរបស់ បរទេស។ ហេតុដូច្នេះហើយ បញ្ហានេះច្បាស់ជាក្រុមជ្រុលនិយមទាំងសងខាងលើកមកធ្វើជាប្រធានបទដើម្បីបញ្ឆេះបញ្ហាជាមិនខាន។ ខាងក្រុមជ្រុលនិយមខ្មែរនឹងចោទថា រដ្ឋាភិបាល ធ្វើឱ្យបាត់ដីទៅខាងថៃ ខណៈដែលក្រុមជ្រុលនិយមថៃក៏និយាយដូចគ្នាថា រដ្ឋាភិបាលថៃធ្វើឱ្យបាត់ដីមកខាងកម្ពុជាដោយសំអាង លើភាពជាម្ចាស់កម្មសិទ្ធិធ្លាប់កាន់កាប់ពីមុន។ ប៉ុន្តែតាមពិត ការកាន់កាប់និងអាស្រ័យផលកាលពីមុន មិនមែនជាការកំណត់ពីព្រំដែនរវាងរដ្ឋនិងរដ្ឋបានទេ ពោលគឺ ព្រំដែនកម្ពុជា-ថៃ ជាព្រំដែនរវាងរដ្ឋនិងរដ្ឋ ដែលមានសន្ធិសញ្ញា និងមានបង្គោលព្រំដែនរួមគ្នា – ព្រំដែនមិនមែនមានន័យថា «ប្រជាជនរស់នៅដល់ណា ព្រំដែនទៅដល់ទីនោះទេ – មិនមែនប្រជាជនអាស្រ័យផលដល់ណា ព្រំដែនទៅដល់នោះទេ – មិនមែនដោះមីនដល់ណា ព្រំដែនដល់ទីនោះទេ។
សរុបមកវិញ ដំណោះស្រាយបញ្ហាព្រំដែនដែលល្អនិងត្រឹមត្រូវបំផុតគឺការទទួលយកខ្សែព្រំដែន ដែលបន្សល់ពីអាណានិគម និងស្របតាមច្បាប់អន្តរជាតិ។ នេះជាវិធីសាស្ត្រតែមួយគត់ក្នុងការដោះស្រាយបញ្ហាព្រំដែន ការនិយាយពីខាត ចំណេញ ឬការចោទប្រកាន់លើរដ្ឋាភិបាលថាធ្វើឱ្យបាត់ដីមិនបានផ្តល់ ប្រយោជន៍អ្វីទេ ផ្ទុយទៅវិញ វាគឺជាវេហាសាស្ត្រនយោបាយដ៏គ្រោះថ្នាក់ដែលធ្វើឱ្យរាំងស្ទះដល់ដំណើរការ ដោះស្រាយបញ្ហាព្រំដែន និងបង្កើតជម្លោះច្បាំងគ្នាតកូនចៅមិនចប់ឡើយ។ ដូច្នេះ សូមអ្នកនយោបាយ និងប្រជាពលរដ្ឋពិចារណារឿងនេះតាមការគួរ ព្រោះនេះជាការខិតខំរបស់រដ្ឋាភិបាលក្នុងការស្វែងរកដំណោះស្រាយមួយដែលត្រឹមត្រូវសម្រាប់រយៈពេលវែង និងជួយឱ្យបញ្ហាដូចដែលបានកើតឡើងនៅភូមិជោគជ័យនិងព្រៃចាន់អាចដោះស្រាយបញ្ចប់បាន ហើយប្រជាពលរដ្ឋអាចរស់នៅប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីឡើងវិញបាន ចៀសវាងអូសបន្លាយបញ្ហាឱ្យបន្តនៅរ៉ាំរ៉ៃរយៈពេលវែងទៅមុខ។

ម៉្យាងវិញទៀត ដំណោះស្រាយបែបនេះគឺមិនអាចសម្រេចបាន តាមរយៈការប្រើប្រាស់មធ្យោបាយហិង្សា ឬតាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធនោះទេ។ ផ្ទុយទៅវិញ មានតែការដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរប៉ុណ្ណោះ ទើបធានា បាននូវលទ្ធផលដូចការចង់បានខាងលើ ហើយប្រជាពលរដ្ឋបច្ចុប្បន្ន និងជំនាន់ក្រោយៗទៀត អាចរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតបានដោយគ្មានការព្រួយបារម្ភដូចពេលនេះ៕
ដោយ វង្ស មករា
សាស្ត្រាចារ្យ និងជាអ្នកវិភាគសង្គមនយោបាយ





