Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍ប្រកាសជាឱឡារិក ទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1115
គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍ប្រកាសជាឱឡារិក ទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍ប្រកាសជាឱឡារិក ទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧

(ភ្នំពេញ)៖ បន្ទាប់ពីគ.ជ.ប ប្រកាសលទ្ធផលផ្លូវការ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជា ដែលទទួលបានសំឡេងគាំទ្រខ្ពស់ជាងគេរហូតដល់ ជាង៦.៣លានសំឡេង និងគ្រប់គ្រងអាសនៈ១២០ នៅក្នុងរដ្ឋសភា បានចេញសេចក្តីថ្លែងការណ៍មួយ ប្រកាសជាឱឡារិក ទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧នេះ។

តាមសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានប្រព្រឹត្តទៅយ៉ាងទៀងទាត់ និងត្រឹមត្រូវតាមការកំណត់របស់រដ្ឋធម្មនុញ្ញកម្ពុជា ក្នុងបរិយាកាស សេរី មានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អ និងគ្មានអំពើហិង្សា ឬការគំរាមកំហែងណាមួយឡើយ។ ប្រជាពលរដ្ឋ កម្ពុជាចំនួន ៨៤.៥៩% នៃចំនួនក្នុងបញ្ជីបោះឆ្នោតសរុបបានអនុវត្តយ៉ាងពេញលេញនូវសិទ្ធិ និងករណីយកិច្ចរបស់ ខ្លួនក្នុងភាពជាម្ចាស់ពិតប្រាកដនៃជោគវាសនារបស់មាតុភូមិ ដោយបានអញ្ជើញទៅបោះឆ្នោតនៅតាមការិយាល័យ បោះឆ្នោតនានានៅទូទាំងប្រទេសប្រកបដោយភាពថ្លៃថ្នូរ សាមគ្គីភាព និងសប្បាយរីករាយ ដើម្បីជ្រើសរើសអ្នក ដឹកនាំប្រទេសបន្តទៀតស្របតាមឆន្ទៈរបស់ខ្លួន។

សេចក្តីថ្លែងការណ៍បានបន្តទៀតថា៖ គ្រប់គណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ក៏ដូចបេក្ខជននៃគណបក្សនីមួយៗសុទ្ធតែមានឱកាសពេញលេញ និងស្មើភាពក្នុងការធ្វើសកម្មភាព ផ្សព្វផ្សាយនូវកម្មវិធីនយោបាយរបស់ខ្លួន ដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ដោយអនុវត្តយ៉ាង ខ្ជាប់ខ្ជួនតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។ នេះជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀត ដែល ឆ្លុះបញ្ចាំងឱ្យឃើញច្បាស់អំពីជំហានទៅមុខដ៏រឹងមាំគ្មានអ្វីអាចមកបន្ទុចបង្អាក់បាននៃដំណើរការប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋនៅកម្ពុជាក្រោមម្លប់នៃសន្តិភាព។ ផ្អែកលើមូលដ្ឋាននេះ បានបញ្ជាក់យ៉ាងច្បាស់ថា ការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ បានប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលឆ្លុះបញ្ចាំងទាំងស្រុងនូវឆន្ទៈ និងផលប្រយោជន៍ជាសារវន្តរបស់ប្រជាជនកម្ពុជាទាំងមូល។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ដូច្នេះថា៖ «គណបក្សប្រជាជនកម្ពុជា សូមប្រកាសជាឱឡារិកទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣នេះ ហើយដែលក្នុងនោះ គណបក្សប្រជាជនកម្ពុជាទទួលបានសន្លឹកឆ្នោតគាំទ្រចំនួន ៨២.៣០% នៃសន្លឹកឆ្នោតបានការសរុប»

គណបក្សប្រជាជនកម្ពុជា បានអះអាងថា តាមរយៈលទ្ធផលនេះ បានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ថាប្រជាជនកម្ពុជាគាំទ្រការ ដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា គាំទ្រ សម្ដេចតេជោ ហ៊ុន សែន និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត អ្នកបន្តវេនដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ លទ្ធផលនេះ ក៏បានបង្ហាញច្បាស់នូវបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន គឺបោះឆ្នោតដើម្បីធានាការថែរក្សាសន្តិភាព បន្តជំរុញ ការអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងឥតឈប់ឈរ ហើយបដិសេធ យ៉ាងម៉ឹងម៉ាត់ចំពោះសកម្មភាពប្រទូសរ៉ាយរបស់ពួកប្រឆាំងជ្រុលនិយមមួយក្ដាប់តូច ដែលប៉ុនប៉ងបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ និងដំណើររីកចម្រើនរបស់កម្ពុជា ជាពិសេសបំផ្លាញដំណើរការប្រជាធិបតេយ្យ តាមរយៈការ បំផ្លាញការបោះឆ្នោត ដូចជា យុទ្ធនាការមិនឱ្យប្រជាជនទៅបោះឆ្នោត និងទៅគូសបំផ្លាញសន្លឹកឆ្នោតជាដើម។

គណបក្សប្រជាជនកម្ពុជា បានសម្តែងការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទីដែលបានបោះឆ្នោតគាំទ្រគណបក្សយ៉ាងច្រើនលើសលប់ ធ្វើឱ្យគណបក្សមានលទ្ធភាពពេញលេញក្នុង ការដឹកនាំប្រទេសសម្រាប់រយៈពេល ៥ឆ្នាំ បន្តទៀត។ ប្រជាជនកម្ពុជាបានយល់ច្បាស់ថា បោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា គឺបោះឆ្នោតឱ្យខ្លួនឯង គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺប្រជាជនកម្ពុជាជាអ្នកឈ្នះ។ គណបក្សប្រជាជនកម្ពុជា សូមសម្ដែងការគោរព និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតដែលបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវក្នុងជំហរឯករាជ្យ ឥត លម្អៀង តម្លាភាព និងយុត្តិធម៌ ធ្វើឱ្យដំណើរការរៀបចំការបោះឆ្នោតនៅគ្រប់ដំណាក់កាលបានប្រព្រឹត្តទៅយ៉ាងល្អ ប្រសើរ លើមូលដ្ឋានអនុវត្តខ្ជាប់ខ្ជួនតាមរដ្ឋធម្មនុញ្ញ ច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌សម្រាប់ការបោះឆ្នោត។ គណបក្សប្រជាជនកម្ពុជា សូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច នៅគ្រប់លំដាប់ថ្នាក់ និងផ្នែកពាក់ព័ន្ធនានា ដែលបានយកអស់លទ្ធភាពជួយគាំទ្រយ៉ាងសកម្មដល់ដំណើរការរៀបចំការបោះឆ្នោត ជាពិសេស ការការពារសន្តិសុខ សណ្ដាប់ធ្នាប់ទូទៅក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត និងថ្ងៃបោះឆ្នោត ធ្វើឱ្យដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅយ៉ាងរលូនតាំងពីពេលចាប់ផ្តើមរហូតដល់បញ្ចប់។

គណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណចំពោះអ្នកសង្កេតការណ៍ជាតិមកពីបណ្តាគណបក្ស សមាគម អង្គការមិនមែនរដ្ឋាភិបាល និងមជ្ឈដ្ឋានផ្សេងៗទៀតក្នុងសង្គម, និងសូមថ្លែងអំណរគុណចំពោះអ្នកសង្កេតការណ៍អន្តរ- ជាតិ ដែលតំណាងឱ្យ ៦៥សញ្ជាតិ មកពី ៦១សា្ថប័ន រួមមានអង្គការអន្តរជាតិ រដ្ឋាភិបាលបរទេស អង្គទូត និងសមាគម អនិកជនកម្ពុជានៅបរទេស ព្រមទាំងប្រព័ន្ធសារព័ត៌មាន ដែលបានតាមពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ចំពោះដំណើរ ប្រព្រឹត្តទៅនៃការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត ហើយបានធ្វើការបញ្ជាក់ដោយឥតលម្អៀងអំពីភាពត្រឹមត្រូវ និងតម្ល ភាពនៃការបោះឆ្នោត។ គណបក្សក៏សូមថ្លែងអំណរគុណចំពោះបណ្តាប្រទេសជាមិត្ត និងអង្គការអន្តរជាតិនានា ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់ដំណើរការប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ក្នុងស្មារតីសហប្រតិបត្តិការដ៏ថ្លៃថ្លា។ ព្រម ជាមួយនេះ គណបក្សសូមរំឭកដល់ប្រទេស និងអង្គការអន្តរជាតិមួយចំនួនតូច ដែលតែងតែបន្ទុះបង្អាប់ដល់ការបោះឆ្នោត និងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា គួរគប្បីទទួលយកការពិត លុបបំបាត់នូវទស្សនៈ និងជំហរដ៏អគតិនេះ ហើយ បង្ហាញការគោរពពិតប្រាកដចំពោះឆន្ទៈដ៏មុតមាំរបស់ប្រជាជនកម្ពុជាដែលមានភាពចាស់ទុំខាងប្រជាធិបតេយ្យហើយ។

គណបក្សប្រជាជនកម្ពុជា សូមប្ដេជ្ញាយ៉ាងឱឡារិកចំពោះមុខប្រជាជនថា រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងត្រូវបង្កើតឡើងក្នុងពេលដ៏ឆាប់ខាងមុខនេះ ហើយដែលមាន ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នឹងបន្តពង្រឹងធ្លុងសាមគ្គីភាពរបស់ប្រជាជាតិទាំងមូល ខិតខំអនុវត្តកម្មវិធីនយោបាយដែលបានប្រកាស ជូនជនរួមជាតិរួចហើយឱ្យបានជោគជ័យ ឆ្លើយតបទាំងស្រុងទៅនឹងជំនឿទុកចិត្តរបស់ប្រជាជនមកលើគណបក្ស។

គណបក្សក៏បានអំពាវនាវដល់ជនរួមជាតិនៅគ្រប់ទិសទី សូមបន្តរួមសាមគ្គីជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងរួបរួមគ្នាជុំវិញរាជរដ្ឋាភិបាលកម្ពុជាសម្រាប់នីតិកាលទី៧ ដើម្បី ធានានូវការថែរក្សាសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ព្រមទាំងរាល់សមិទ្ធផលសង្គមជាតិឱ្យ បានគង់វង្ស និងបន្តអភិវឌ្ឍមាតុភូមិកម្ពុជាជាទីស្នេហានៃយើងឆ្ពោះទៅរកអនាគតដ៏រុងរឿង ដែលគ្មានការកើតឡើង ជាថ្មីទៀតនូវសង្គ្រាម អំពើប្រល័យពូជសាសន៍ និងការបែកបាក់ជាតិដូចពីអតីតកាល៕

 

 

អត្ថបទទាក់ទង