សម្តេចតេជោ ហ៊ុន សែន៖ ពិភពលោកត្រូវប្រុងប្រយ័ត្នអំពីសង្គ្រាមនុយក្លេអ៊ែរ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវក្តីបារម្ភអំពីលទ្ធភាពផ្ទុះឡើងនូវសង្គ្រាមនុយក្លេអ៊ែរ បន្ទាប់ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនលោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ី។
តាមរយៈបណ្តាញតេឡេក្រាមនាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ បានលើកឡើងថា ការចោទប្រកាន់របស់ ICC លើលោកប្រធានាធិបតីពូទីននេះ គឺជាការវិវត្តផ្នែកនយោបាយមួយគួរឱ្យភ្ញាក់ផ្អើល ដោយមានផលប៉ះពាល់ទៅលើភូមិសាស្ត្រនយោបាយយ៉ាងទូលំទូលាយនៅក្នុងទ្វីបអឺរ៉ុប និងពិភពលោក។
សម្តេចតេជោបន្តថា រឿងនេះក៏នឹងធ្វើឱ្យមានភាពស្មុគស្មាញដល់ដំណើរការស្វែងរកសន្តិភាពក្នុងសង្គ្រាមអ៊ុយក្រែន ពិសេសមុនពេលលោកប្រធានាធិបតី Xi Jinping នឹងបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ ដែលត្រូវបានគេរំពឹងថា លោកនឹងធ្វើការសម្រុះសម្រួលដើម្បីសន្តិភាព។
សម្តេចតេជោ បានគូសរំលេចដែរថា ប្រទេសចិនខ្លួនឯងក៏ត្រូវបានគេចោទប្រកាន់ពីបទប្រល័យពូជសាសន៍នៅស៊ីនជាំង។ តើលោក ពូទីន អាចធ្វើការចរចាសន្តិភាពបានដោយរបៀបណានៅពេលដែលភាគីម្ខាងទៀតគំរាមចាប់ខ្លួនគាត់?
បើតាមសម្តេចតេជោនាយករដ្ឋមន្ត្រី បច្ចុប្បន្ន មានប្រទេសចំនួន ១២៣ ជាសមាជិកនៃ ICC ខណៈដែលប្រទេសធំៗដូចជា អាមេរិក រុស្ស៉ី ឥណ្ឌា និងចិន មិនបានចូលជាសមាជិកទេ។ ឯលោកប្រធានាធិបតី Duterte បានដកសមាជិកភាពរបស់ហ្វីលីពីនចេញពី ICC ក្នុងឆ្នាំ២០១៩។ សម្តេចតេជោ បានបញ្ជាក់ថា ICC មិនមានអំណាចក្នុងការចាប់ខ្លួនជនសង្ស័យណាមួយដោយគ្មានកិច្ចសហការពីរដ្ឋាភិបាលរបស់សាមីប្រទេសបានទេ។ ក៏ប៉ុន្តែ ដីកាចាប់ខ្លួនរបស់ ICC នេះ នឹងធ្វើឱ្យពិភពលោកកាន់តែបែកបាក់ នៅពេលដែលពិភពលោកត្រូវធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាសកលរួម ដូចជាការប្រែប្រួលអាកាសធាតុ និងជំងឺឆ្លង។ ផ្ទុយទៅវិញ ដីកាចាប់ខ្លួនរបស់ ICC នេះ វាអាចនឹងធ្វើឱ្យផ្ទុះសង្គ្រាមនុយក្លេអ៊ែរ។
«ខ្ញុំមិនដែលជឿថា សង្គ្រាមនុយក្លេអ៊ែរនឹងកើតឡើង បើទោះបីជាមានការគំរាមកំហែងប្រើអាវុធនុយក្លេអ៊ែរក៏ដោយ។ ខ្ញុំក៏បានលើកទឹកចិត្តភាគីទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងកាត់បន្ថយការនិយាយអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប៉ុន្តែឥឡូវនេះមានប្រតិកម្មហួសជុលពីសំណាក់ភាគីម្ខាងទៀត ក្នុងទម្រង់ជាដីកាចាប់ខ្លួនប្រធានាធិបតី ពូទីន ដែលជាមនុស្សតែម្នាក់គត់មានសិទ្ធិបញ្ញា ក្នុងការបាញ់អាវុធនុយក្លេអ៊ែរនិងជាមេដឹកនាំប្រទេសមហាអំណាចនុយក្លេអ៊ែរ ដែលមានអាវុធនុយក្លេអ៊ែររាប់ពាន់គ្រាប់»។ សម្តេចតេជោបញ្ជាក់បន្ថែម។
សម្តេចតេជោ បានចោទជាសំណួរថា តើលោក ពូទីន សុខចិត្តឱ្យគេចាប់ខ្លួនដោយមិនបានតទល់ ឬយ៉ាងណា? ប្រសិនបើលោក ពូទីន ត្រូវបានគេចាប់ខ្លួននៅក្រៅប្រទេស តើអ្នកទទួលខុសត្រូវនៅក្នុងប្រទេសសុខចិត្តឱ្យគេចាប់ប្រធានាធិបតីរបស់ខ្លួនឬទេ? ចំណុចនេះ ហើយ គឺជាចំណុចដែលឥឡូវនេះសង្គ្រាមនុយក្លេអ៊ែរស្ទើរតែក្លាយទៅជាការពិតទៅហើយ។
សម្តេចតេជោ បានសង្កត់ធ្ងន់ថា ការគំរាមកំហែងណាមួយទៅលើ ពូទីន ច្បាស់ណាស់ថាសង្គ្រាមនុយក្លេអ៊ែរនឹងផ្ទុះ ហើយនឹងចាប់ផ្ដើមនៅក្នុងតំបន់អឺរ៉ុបតែម្ដង ហើយអ្នកដែលគ្រោះថ្នាក់ប្រហែលជារាប់ទាំងទីស្នាក់ការរបស់ ICC ក៏មិនដឹង ព្រោះប្រតិបត្តិការនុយក្លេអ៊ែរមិនមែនត្រឹម២០-៣០គីឡូម៉ែត្រនោះទេ គឺច្រើនរហូតដល់រាប់ពាន់គីឡូម៉ែត្រ។
សូមបញ្ជាក់ថា កាលពីថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួន លោក វ៉្លាឌីំមៀ ពូទីន ដោយចោទប្រកាន់ អំពីការប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម នៅប្រទេសអ៊ុយក្រែន។
ដីកាចាប់ខ្លួនរបស់ ICC បានបញ្ជាក់ថា ការចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៉ី ក្រោមការចោទប្រកាន់អំពីបទឧក្រិដ្ឋសង្គ្រាមពាក់ព័ន្ធការចាប់បញ្ចូនកុមារដោយខុសច្បាប់ ចេញពីទឹកដីអ៊ុយក្រែន ដែលស្ថិតក្រោមការត្រួតត្រា ទៅកាន់ប្រទេសរុស្ស៉ី គិតចាប់តាំងពីសង្គ្រាមឈ្លានពានបានចាប់ផ្តើម។
ប្រធានតុលាការអន្តរជាតិមួយនេះ បានអះអាងថា ការអនុវត្តដីកាចាប់ខ្លួន នឹងអាស្រ័យទៅលើកិច្ចសហប្រតិបត្តិការរបស់អន្តរជាតិ។
វិមានក្រឹមឡាំង បានចេញមុខទាត់ចោលដីកាខាងលើ។ សូមបញ្ជាក់ថា រុស្ស៉ី មិនមែនជាសមាជិកតុលាការ ICC នោះឡើយ ដូច្នេះគេពុំច្បាស់នោះទេថា តើលោកប្រធានាធិបតីរុស្ស៉ី នឹងត្រូវគេធ្វើបត្យាប័នដែរឬអត់? តើការធ្វើបត្យាប័នអាចប្រព្រឹត្តទៅដោយរបៀបណា?