Khmer First Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ” ការអភិវឌ្ឍធនធានមនុស្ស ជាកត្តាគន្លឹះក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រកបដោយចិរភាព “

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 237
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ” ការអភិវឌ្ឍធនធានមនុស្ស ជាកត្តាគន្លឹះក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រកបដោយចិរភាព “ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ” ការអភិវឌ្ឍធនធានមនុស្ស ជាកត្តាគន្លឹះក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រកបដោយចិរភាព “

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការអភិវឌ្ឍមូលធនមនុស្ស ជាកត្តាគន្លឹះសម្រាប់ផ្គត់ផ្គង់កម្លាំងពលកម្មជំនាញ ឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិវត្តកម្មឌីជីថល ដើម្បីបន្តជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចឱ្យបានខ្ពស់ ប្រកបដោយចិរភាព និងបរិយាបន្ន។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធីនយោបាយចំនួន ២ ក្នុងវិស័យការងារ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់កម្មករ និយោជិត នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលរួមមាន៖
១. របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកបេឡាជាតិរបបសន្តិសុខសង្គម
២. កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា ការមានកម្លាំងពលកម្ម និងជំនាញគ្រប់គ្រាន់ គឺជាភាពចាំបាច់ក្នុងការគាំទ្រដល់ការធ្វើបរិវត្តកម្មគ្រប់វិស័យនៃសេដ្ឋកិច្ច ឆ្ពោះទៅកាន់សកម្មភាពដែលមានតម្លៃបន្ថែមខ្ពស់ ដោយឈរលើជំនាញនិងចំណេះដឹង ជំរុញកំណើនផលិតភាពការងារ ព្រមទាំងផ្តល់ភាពទាក់ទាញការវិនិយោគមកកាន់កម្ពុជា។

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ការមានជំនាញគ្រប់គ្រាន់ នឹងផ្តល់លទ្ធភាពកាន់តែខ្ពស់ដល់ប្រជាពលរដ្ឋគ្រប់រូប ឱ្យអាចចូលរួមចាប់យកឱកាស និងទទួលយកផលប្រយោជន៍ពីកំណើនសេដ្ឋកិច្ច សំដៅឆ្លើយតបទៅនឹងសេចក្តីប្រាថ្នារបស់ខ្លួនក្នុងការមានប្រាក់ចំណូល និងកម្រិតជីវភាពកាន់តែខ្ពស់ និងការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ៕



អត្ថបទទាក់ទង