សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ផែនយុទ្ធសាស្ត្រការងាររបស់រដ្ឋាភិបាលត្រូវបានរៀបចំទុកជាមុន ដើម្បីឆ្លើយតបទៅនឹងតម្រូវការនាពេលអនាគត
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយនិងរចនាសម្ព័ន្ធត្រូវបានរៀបចំនៅតាមក្រសួង-ស្ថាប័នមួយចំនួន ជួនកាលការរៀបចំគោលនយោបាយមិនមែនសម្រាប់ប្រើក្នុងពេលឥឡូវនេះទេ តែគឺដើម្បីឆ្លើយតបទៅនឹងតម្រូវការ ២០ឆ្នាំទៅមុខ ជាឧទាហរណ៍អង្គភាពបរិវត្តកម្មឌីជីថល ជាដើម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ឆ្នាំ២០២៣” ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា កាលពីជាង ២០ឆ្នាំមុន បញ្ហាឌីជីថលត្រូវបានធ្វើផែនការៀបចំទុកជាមុន ពីព្រោះកាលនោះបណ្ដាញអ៊ីនធឺណិតមិនមានប្រើប្រាស់នោះទេ ប៉ុន្តែឥឡូវនិងបន្តទៅថ្ងៃអនាគត យើងត្រូវរៀបចំកែសម្រួល ដោយសារកន្លែងខ្លះលែងត្រូវការ និងកន្លែងខ្លះទៀតមានជាន់គ្នា ឬត្រួតគ្នារវាងតួនាទីនិងភារកិច្ច ដូច្នេះយើងត្រូវកែសម្រួល បង្រួមបញ្ចូលគ្នាតែមួយ ដើម្បីធានាយន្តការការងារឱ្យមានដំណើរការទៅមុខបានលឿន និងល្អប្រសើរ៕