តើរាជរដ្ឋាភិបាលកម្ពុជា ប្រកាន់គោលជំហរអ្វីខ្លះដោះស្រាយព្រំដែនជាមួយថៃ?
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ថ្មីៗនេះមានការប្រកាសដោយឯកតោភាគីរបស់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលថៃ មេដឹកនាំយោធា និងយោធាថៃថា តំបន់ប្រាសាទតាមាន់ស្ថិតនៅក្នុងទឹកដីប្រទេសថៃ ដែលជាទង្វើដៃម្ខាងប្រើយន្តការទ្វេភាគី រីឯដៃម្ខាងទៀតចេញមកប្រកាសដោយឯកតោភាគីរបស់ថៃ រហូតដល់ឈ្លោះគ្នាជាមួយក្រុមហ៊ុន ក្រុមហ៊ុន Google map ថែមទៀត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងដូចនេះ នៅថ្ងៃទី ១៤ ខែកក្តដា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា និងអបអរសាទរខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥) នៅមជ្ឈមណ្ឌលហ្វឹហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ភាគីថៃបានដឹងហើយថា ប្រាសាទតាមាន់ជាតំបន់ដែលមិនទាន់ដោះស្រាយគ្នានៅឡើយ ហើយភាគីថៃមិនតាំងជំហរដោះស្រាយ ជាមួយកម្ពុជាឱ្យដាច់ស្រេច ទើបរាជរដ្ឋាភិបាលកម្ពុជា សម្រេចរកតួអង្គទី៣ ឱ្យជួយដោះស្រាយនៅចំនុចវិវាទប្រទាក់ក្រឡានេះ គឹកម្ពុជា ដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ ) ទើបអាចដោះស្រាយគ្នាបានសុក្រឹត្យ និងដាច់ស្រេច ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ទោះបីភាគីថៃប្រកាសបដិសេធយុត្ថាធិការតុលាការក្តី តែកម្ពុជាសង្ឃឹមថា ថ្ងៃមួយថៃនឹងមានការឯកភាពផ្ទៃក្នុងរួមគ្នា ដើម្បីបញ្ចប់បញ្ហាព្រំដែនកុំឱ្យនៅបន្តដល់កូនចៅ និងប្រជាជនជំនាន់ក្រោយទៀត ពីព្រោះកម្ពុជា បានសម្រេចចិត្តប្រកាសជំហរច្បាស់លាស់ហើយ គឺបានប្រកាសដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UNSC) ព្រមទាំងបានប្រកាសនៅថ្នាក់ជាតិ និងអន្តរជាតិអស់ហើយ ក្នុងការរក្សាគោលជំហរដោះស្រាយបញ្ហាព្រំដែនដោយផ្អែកលើច្បាប់អន្តរជាតិ៕