អភិបាលខេត្តបន្ទាយមានជ័យផ្ញើលិខិតជូនឯកឧត្តមអភិបាលខេត្តស្រះកែវពាក់ព័ន្ធការសន្យាចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋថៃនៅភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ ដែលជាតំបន់មិនទាន់ដោះស្រាយរួច

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានផ្ញើលិខិតជូនអភិបាលខេត្តស្រះកែវ ស្តីពីករណីពាក់ព័ន្ធនឹងការលើកឡើងរបស់ឯកឧត្តមអភិបាលខេត្តស្រះកែវ តាមរយៈកាសែត The Nation Thailand ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ស្តីពីការសន្យាចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋថៃ ដែលមានសិទ្ធិ នៅភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ។
នៅក្នុងលិខិតនោះដែរ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្តែងនូវការព្រួយបារម្ភចំពោះ ព័ត៌មានដែលបានផ្សព្វផ្សាយ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ថា ឯកឧត្តមអភិបាលខេត្ត បានលើកឡើង អំពីការសន្យាចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋថៃដែលមានសិទ្ធិ នៅភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ ដែលមានភូមិសាស្ត្រជាប់នឹងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ចំពោះការចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋថៃនៅលើទឹកដីថៃគឺជាសិទ្ធិរបស់អាជ្ញាធរថៃ ប៉ុន្តែការចេញប័ណ្ណនេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យរបស់កម្ពុជា ឬប៉ះពាល់ដល់តំបន់ដែលគណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោក(JBC) នៃប្រទេសទាំងពីរពុំទាន់បានឯកភាពខណ្ឌសីមានៅលើដីជាក់ស្តែង ឬប៉ះពាល់ដល់តំបន់ ដែលប្រជាពលរដ្ឋកម្ពុជាកំពុងកាន់កាប់និងអាស្រ័យផលឡើយ។
ក្នុងករណីដែលការចេញប័ណ្ណនេះធ្វើឱ្យប៉ះពាល់ដល់តំបន់ទាំងនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើការជំទាស់ចំពោះរឿងនេះ ព្រោះថាសកម្មភាព នេះរំលោភលើស្មារតីនៃ MOU ឆ្នាំ២០០០ រវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរជាពិសេសប៉ះពាល់ទៅដល់ដំណើរការការងារចរចា និងខណ្ឌសីមារបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) នៃប្រទេសទាំងពីរ៕