អនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា៖ កម្ពុជា ប្តេជ្ញាចិត្តដើម្បីសន្តិភាព ការផ្សះផ្សា គោរពយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់អន្តរជាតិ និងគ្មានបំណងមានទំនាស់ជាមួយថៃ, តែជាអកុសលជម្លោះដែលកើតឡើងកើតចេញពីការមិនគោរពច្បាប់

(ហ្សឺណែវ-ស្វីស)៖ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា ប្តេជ្ញាចិត្តដើម្បីសន្តិភាព ការផ្សះផ្សា និងការគោរពយ៉ាងខ្ជាប់ខ្ជួនទៅតាមច្បាប់អន្តរជាតិ។ ទោះជាយ៉ាងណាក៏ដោយមាគ៌ាឆ្ពោះទៅមុខប្រកបដោយការស្ថាបនា ទាមទាមឱ្យមានការវាយតម្លៃដោយក្ដីស្មោះត្រង់ អំពីការពិតនាពេលបច្ចុប្បន្ន ដែលបទដ្ឋានមនុស្សធម៌ដែលយើងកំពុងពិភាក្សាត្រូវបានរំលោភបំពាន។
ការលើកឡើងបែបនេះរបស់លោក អ៊ុច បូររិទ្ធ បានធ្វើឡើងនៅឱកាសលោកអញ្ជើញថ្លែងក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតលើកទី១៥១ នៃសហភាពអន្តរសភា(IPU) ទីក្រុងហ្សឺណែវ ប្រទេសស្វីស នេះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ ក្រោមប្រធានបទដ៏មានសារៈសំខាន់ស្ដីពី «ការលើកកម្ពស់បទដ្ឋានមនុស្សធម៌ និងការគាំទ្រសកម្មភាពមនុស្សធម៌ក្នុងពេលមានវិបត្តិ»។
លោក អ៊ុច បូររិទ្ធ បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងខ្ញុំចូលរួមទាំងស្រុងក្នុងការប្តេជ្ញាចិត្តដើម្បីសន្តិភាព ការផ្សះផ្សា និងការគោរពយ៉ាងខ្ជាប់ខ្ជួនទៅតាមច្បាប់អន្តរជាតិ។ ទោះជាយ៉ាងណាក៏ដោយ មាគ៌ាឆ្ពោះទៅមុខប្រកបដោយការស្ថាបនា ទាមទារឱ្យមានការវាយតម្លៃដោយក្ដីស្មោះត្រង់ អំពីការពិតនាពេលបច្ចុប្បន្ន ដែលបទដ្ឋានមនុស្សធម៌ដែលយើងកំពុងពិភាក្សា ត្រូវបានរំលោភបំពាន»។
អនុប្រធានទី១ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា គឺជាប្រជាជាតិមួយ ដែលបានរងទុក្ខវេទនាយ៉ាងខ្លាំងកាលពីអតីតកាល។ «ប្រជាជនរបស់យើងខ្ញុំទទួលបាននូវសន្តិភាព និងការផ្សះផ្សាជាតិតាមរយៈការលះបង់ដ៏ធំធេង ហើយយើងខ្ញុំស្រឡាញ់និងការពារសុខសន្តិភាពនេះ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិរបស់យើងខ្ញុំ។ យើងខ្ញុំគ្មានបំណងចង់មានទំនាស់ជាមួយប្រទេសណាមួយឡើយ ជាពិសេសថៃ ដែលជាប្រទេសជិតខាងកៀកជាប់នឹងយើង ហើយដែលចែករំលែកនូវប្រវត្តិសាស្ត្រ វប្បធម៌ និងចំណងមិត្តភាពអាស៊ាន ជាមួយគ្នា។ ក៏ប៉ុន្តែដើម្បីការពិត យើងខ្ញុំមានភាពចាំបាច់ត្រូវធ្វើការឆ្លើយតប»។
ភ្ជាប់ជាមួយគ្នានេះដែរ លោកបានបញ្ជាក់ថា ព្រំដែនរវាងប្រទេសទាំងពីរ មិនមែនមិនទាន់បានកំណត់នោះទេ។ ព្រំដែននេះមានមូលដ្ឋានយ៉ាងច្បាស់លាស់នៅក្នុងលិខិតុបករណ៍អន្តរជាតិដែលចងកាតព្វកិច្ចអនុវត្ត។ លិខិតុបករណ៍ទាំងនោះរួមមាន អនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤, សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ និងផែនទីឧបសម្ព័ន្ធ បង្កើតបានជាមូលដ្ឋានដ៏ស្របច្បាប់សម្រាប់ការបោះបង្គោលព្រំដែន។ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅក្នុងសាលក្រមជាប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងឆ្នាំ១៩៦២ និងឆ្នាំ២០១៣ បានបញ្ជាក់អះអាងឡើងវិញនូវលិខិតុបករណ៍ទាំងនេះ។ មូលដ្ឋានច្បាប់នេះ ពង្រឹងបន្ថែមដោយ អនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ ដែលហាមឃាត់យ៉ាងច្បាស់លាស់ មិនឱ្យភាគីណាមួយធ្វើសកម្មភាពទាំងឡាយណាដែលអាចផ្លាស់ប្តូរស្ថានភាពនៅក្នុងតំបន់ព្រំដែន និងបង្កើតគណៈកម្មការចម្រុះព្រំដែន(JBC) ជាយន្តការបច្ចេកទេស តែមួយគត់ក្នុងការបោះបង្គោលព្រំដែន។
«ជាអកុសល ជម្លោះដែលកើតឡើង គឺកើតចេញពីការមិនគោរពលិខិតុបករណ៍ច្បាប់ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិទាំងនេះ និងការអនុវត្តជាឯកតោភាគី ជាជាងយន្តការដែលបានព្រមព្រៀងគ្នាស្រាប់។ មានតែតាមរយៈការគោរពយ៉ាងខ្ជាប់ខ្ជួននូវលិខិតុបករណ៍ទាំងនេះ និងការទទួលយកដែនយុត្តាធិការតុលាការអន្តរជាតិប៉ុណ្ណោះ ទើបអាចធានាបាននូវសុខសន្តិភាពពិតប្រាកដ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោក អ៊ុច បូររិទ្ធ។
បន្ថែមពីនេះ លោក អ៊ុច បូររិទ្ធ ក៏សូមសម្តែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះប្រទេសចិន ម៉ាឡេស៊ី និងជាពិសេស ប្រធានាធិបតី ត្រាំ សម្រាប់ការចូលរួមចំណែកដ៏មានតម្លៃ ក្នុងការបង្កើតឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់រវាងប្រទេសទាំងពីរ កាលពីថ្ងៃទី២៨ ខែកក្កដា និងការបន្តគាំទ្រកិច្ចដំណើរការចរចា សំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពយូរអង្វែងនៅតាមបណ្តោយព្រំដែនរួមរបស់យើង៕