លទ្ធផលនៃកិច្ចប្រជុំ JBC ចន្ទបុរី៖ ឥទ្ធិពលរបស់កម្ពុជាកំពុងមានប្រៀបលើតុចរចា ទប់ជាមួយយុទ្ធសាស្ត្រឈ្លានពានក្នុងបញ្ហាជម្លោះព្រំដែន

កិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ដែលប្រព្រឹត្តឡើងនៅថ្ងៃទី ២១-២២ ខែតុលា ឆ្នាំ ២០២៥ នៅខេត្តចន្ទបុរី ប្រទេសថៃ គឺជាការប្រជុំដែលអាចត្រូវបានគេមើលឃើញថា ជាការបើកទ្វារទៅរកដំណោះស្រាយព្រំដែនជាថ្មីម្តងទៀត ប៉ុន្តែជាការបើកទ្វារដែលមានអត្ថប្រយោជន៍ខ្លាំងសម្រាប់ភាគីកម្ពុជា ដែលជាប្រទេសរងគ្រោះដោយការឈ្លានពាន។
បើមើលពីខាងក្រៅវាហាក់ដូចជាកិច្ចប្រជុំមួយ ដែលពោរពេញទៅដោយភាពមិត្តភាព និងការចង់បានសន្តិភាពរបស់ប្រទេសទាំងពីរ និងហាក់បីដូចជាផ្អែមល្អែមណាស់ ខណៈពេលកំដៅនៃសកម្មភាពហិង្សា ការបង្កហេតុដុតបញ្ឆេះសង្គ្រាមនៅក្នុងស្ថានភាពផុយស្រួយ ។ បើវិភាគឲ្យស៊ីជម្រៅក្នុងបរិយាកាសនយោបាយ នៃកិច្ចប្រជុំនេះ គឺជាការថមថយ ឬស្រុតចុះនូវឥទ្ធិពលនៃយុទ្ធសាស្ត្របង្ហាញសាច់ដុំរបស់ថៃ ជាមួយនិងការបោះជំហានដ៏លេចធ្លោរ ស្វាហាប់ និងយ៉ាងស្ងាប់ស្ងាត់នៅលើសមរភូមិតុចារចារបស់កម្ពុជា។
១. ការព្រមព្រៀងប្រើផែនទីបារាំង-សៀម៖ ការទទួលស្គាល់អធិបតេយ្យភាពកម្ពុជា
កិច្ចប្រជុំបានឯកភាពសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន១៥ តាមគំរូដើមបង្គោលជំនាន់បារាំង។ វាមិនមែនជាការសាងសង់បង្គោលធម្មតាទេ ប៉ុន្តែជាការទទួលស្គាល់ដោយប្រយោលពីភាគីថៃថា ផែនទីបារាំង–សៀម មានសុពលភាពតាមច្បាប់អន្តរជាតិ និងត្រូវបានយកមកទៅប្រើសម្រាប់ការកំណត់ព្រំដែនជាផ្លូវការ និងសម្រាប់ការបន្តប្រើប្រាស់ទៅថ្ងៃមុខទៀតលើការងារបោះបង្គោកខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរ កម្ពុជា-ថៃ។នេះជាជំហានដ៏សំខាន់បំផុត ដែលកម្ពុជាអាចនិយាយបានថា «យើងរក្សាភាពជាម្ចាស់ផែនទីដើមបានវិញ»។ ក្នុងន័យនេះ ក្រៅពីផែនទីផ្លូវការដែលទទួលស្គាល់ជាអន្តរជាតិ ផែនទីចោរដែលថៃគូសជាឯកតោភាគីនឹងគ្មានតម្លៃសម្រាប់ការអនុវត្តក្នុងផ្លូវច្បាប់ឡើយ។
នៅពេលកំណត់ទីតាំងបង្គោលដោយយោងទៅតាមផែនទីបារាំង គឺមានន័យថា បញ្ហាបន្លាលួសដែលថៃបានហ៊ុព័ទ្ធយកដីរបស់ប្រជាពលរដ្ឋកម្ពុជាដោយខុសច្បាប់នៅភូមិជោគជ័យនិងភូមិព្រៃចាន់របស់ប្រទេសកម្ពុជា ត្រូវតែរក្សារសភាពស្ថានភាពដើមវិញ ព្រោះកិច្ចការខណ្ឌសីមាព្រំដែនមិនមែនអាស្រ័យលើការសម្រេចរបស់យោធាថៃនោះទេ។ ការសម្រេចបាននូវកិច្ចព្រមព្រៀងព្រំដែននៅចន្ទបុរីនេះហាក់បង្ហាញឲ្យឃើញថា កិច្ចប្រជុំគណៈកម្មការកិច្ចការព្រំដែន បានទះកំផ្លៀងយោធាថៃមួយដៃយ៉ាងដំណំ ចំពោះភាពព្រហើនដែលធ្វើការដោយមិនមានវិជ្ជាជីវៈនិងខុសតួនាទីដែលមានចែងក្នុងច្បាប់។
២. បច្ចេកវិទ្យាថ្មី- LiDAR ជាអាវុធដ៏ស្ងៀមស្ងាត់
កិច្ចប្រជុំបានឯកភាពប្រើបច្ចេកវិទ្យា LiDAR (Light Detection and Ranging) ដើម្បីធ្វើការវាស់វែង និងផលិតផែនទីអ័រតូហ្វូតូ។ ការយល់ព្រមនេះជាជំហានដែលថៃពិតជាចាញ់យុទ្ធសាស្ត្រ ពីព្រោះ LiDAR មានភាពត្រឹមត្រូវខ្ពស់ ធ្វើឲ្យការបកស្រាយលើផែនទីដែលថៃតែងតែយកមកបកស្រាយធ្វើជារបៀបនយោបាយបែបប្រជាភិថុតលួងលោមប្រជាជនថៃជ្រុលនិយមមួយចំនួននោះនឹងលែងមានន័យយកបោកប្រាស់ដើម្បីអាចទាញយកប្រជាប្រិយភាពបានបន្តទៀតហើយ។ រីឯកម្ពុជាវិញ ពិតជាទទួលបានជោគជ័យក្នុងការផ្លាស់ប្តូររបៀបចរចា ពីការចង់អូសបន្លាយពេលវេលារបស់ថៃដើម្បីរំលោភឈ្លានពានលើទឹកដីកម្ពុជានិងដើម្បីឆ្លៀតកេងចំណេញនយោបាយក្នុងស្រុកដែលកំពុងតែបែកបាក់ផ្ទៃក្នុងគ្នាស្រាប់ផងនោះឲ្យទៅជាការគាំទ្រផ្នែកបច្ចេកទេសតាមបែបវិទ្យាសាស្ត្រវិញ។
៣. តំបន់អាទិភាពបង្គោលលេខ ៤២-៤៧៖ ចំណុចដែលថៃបញ្ចេញសញ្ញាចុះសម្រុង
តំបន់ចន្លោះបង្គោលលេខ ៤២-៤៧ ដែលរួមមានភូមិជោគជ័យ-ណងចាន់ និងភូមិព្រៃចាន់-ណងយ៉ាកែវ គឺជាតំបន់ដែលថៃធ្លាប់ប្រើកម្លាំងយោធាថៃកំពុងរំលោភយកទឹកដីកម្ពុជាដោយខុសច្បាប់ និងសកម្មភាពបង្កហេតុម្តងហើយម្តងទៀតដើម្បីបង្កើតអារម្មណ៍បែបជាតិនិយមជ្រុលនោះ បាននិងកំពុងតែងាកមកចុះសម្រុងលើការឯកភាពគ្នាក្នុងការវាស់វែងរៀបចំកសាងបង្គោលព្រំដែនថ្មីដោយផ្អែកលើគំរូដើមជំនាន់បារាំងនៅលើទីតាំងដើម។
ការព្រមព្រៀងធ្វើការវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅតំបន់នេះ ជាសញ្ញាបញ្ជាក់ថា ថៃដកថយ មិនអាចប្រើនូវយុទ្ធសាស្ត្របង្ហាញអំណាចទៀតបានទេ និងត្រូវទទួលស្គាល់តំបន់អាទិភាពសម្រាប់ការវាស់វែងព្រំដែនរួមគ្នាវិញ។ កិច្ចព្រមព្រៀងបានចែងថា ការបោះបង្គោលបណ្តោះអាសន្នមិនប៉ះពាល់ដល់ខ្សែព្រំដែនអន្តរជាតិទេ នេះគឺជាការទទួលស្គាល់ដោយផ្ទាល់ថា ខ្សែបន្ទាត់ព្រំដែនអន្តរជាតិនោះមានសុពលភាពស្របតាមច្បាប់ ហើយក៏អាចបំផ្លាញបាននូវទស្សនៈជ្រុលនិយម «យោធាថៃទៅដល់ទីណា កន្លែងនោះជាទឹកដីថៃ» ដែលជាទស្សនៈបែប ”ឈ្លានពាននិងជាអាណានិគមជំនាន់ថ្មី” ។ ពេលនេះ ថៃមិនអាចអនុវត្តតាមឧបាយកល នៃការយកយុទ្ធសាស្ត្រ ”Salami-Slicing Strategy” មកប្រើបានទៀតនោះទេ ព្រោះវានឹងក្លាយទៅជាការបំផ្លាញមុខមាត់និងអាប់ឱនកិត្តិយសរបស់ប្រជាជនថៃនិងប្រទេសថៃយ៉ាងធ្ងន់ធ្ងរទាំងពេលនេះ និងទៅអនាគតនៅលើឆាកអន្តរជាតិ។
៤. កម្ពុជាប្រើសន្តិភាពជាអាវុធ បំផ្លាញយុទ្ធសាស្ត្រឈ្លានពានរបស់ថៃ
កិច្ចប្រជុំនេះបានបញ្ជាក់ប្រាប់ឲ្យអាជ្ញាធរ និងកងទ័ពទាំងពីរ រក្សាសន្តិភាព ជៀសវាងសកម្មភាពបង្កហេតុ និងធានាសុវត្ថិភាពក្នុងតំបន់។ មានន័យថា កម្ពុជាបានទាញថៃឲ្យចូលក្នុងចំណងផ្លូវច្បាប់ និងគោលការណ៍សន្តិភាពតាមរយៈ MOU ឆ្នាំ ២០០០ ជាថ្មីម្តងទៀត បន្ទាប់ពីថៃធ្លាប់រំលោភនិងមានបំណងចង់ធ្វើប្រជាមតិលប់ចោល តាមរយៈសកម្មភាពដ៏គឃ្លើនរបស់យោធាព្រៃថៃនៅភូមិព្រៃចាន់និងភូមិជោគជ័យក្នុងទឹកដីរបស់ប្រទេសកម្ពុជា។និយាយឲ្យច្បាស់ទៅ ថៃកំពុងរុញសកម្មភាពកងទ័ពឈ្លានពានរបស់ខ្លួនលើទឹកដីកម្ពុជាដាក់លើតុចរចានៅខេត្តចន្ទបុរី ប៉ុន្តែកម្ពុជាវិញ កំពុងទទួលបានផលប្រយោជន៍ចេញពីភាពស្ងប់ស្ងាត់មិនតបតតាមរយៈការប្រើកម្លាំងនិងស្វែងរកឲ្យបាននូវសន្តិភាពរឹងមាំរវាងប្រទេសទាំងពីរដោយគោរពនូវបទឈប់បាញ់បានយ៉ាងមានប្រសិទ្ធភាពបំផុត។
៥. ស្ងប់ស្ងាត់ តែមិនស្ងៀម – យុទ្ធសាស្ត្ររបស់កម្ពុជាដើម្បីយកឈ្នះលើតុចរចា
កិច្ចប្រជុំសម្រេចចេញជាផ្លែផ្កានេះគឺជាលទ្ធផលកើតចេញពីយុទ្ធសាស្ត្រ “ស្ងាត់ តែមិនស្ងៀម បញ្ចៀសសង្គ្រាម បង្កើតសន្តិភាព” ដែលជាជំហរដ៏រឹងមាំ មុតស្រួចនិងឆ្លាតវៃរបស់របស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ក្នុងពេលថៃប្រើអារម្មណ៍ជាតិនិយម និងសកម្មភាពយោធាដើម្បីបង្កភាពភ័យខ្លាចដល់ប្រជាជនស៊ីវិល កម្ពុជាវិញប្រើការអត់ធ្មត់ក្នុងកំរិតខ្ពស់បំផុត និងការចរចាផ្លូវការផ្អែកតាមច្បាប់អន្តរជាតិដើម្បីទទួលសិទ្ធិពេញលេញតាមផ្លូវច្បាប់។ នៅត្រង់ចំណុចនេះ កម្ពុជាមិនត្រឹមតែរក្សាទឹកដីបាននោះទេ ប៉ុន្តែថែមទាំងអាចធានាបាននូវអាយុជីវិតប្រជាជននិងកងទ័ពនៃប្រទេសទាំងពីរ និងអាចរក្សានូវការគ្រប់គ្រងស្ថានភាពសន្តិភាពបានថែមទៀតផង។នេះហើយជាយុទ្ធសាស្ត្រដែលកម្ពុជាកំពុងធ្វើក្នុងអំឡុងនៃសង្គ្រាម៥ថ្ងៃដ៏បង្ហូរឈាមរវាងប្រទេសទាំងពីរនេះ បង្កឡើងដោយអំពើឈ្លានពានរបស់យោធាថៃ ដែលបានបាញ់មុនមកលើកម្ពុជា។ ប៉ុន្តែលទ្ធផលនៃភាពស្ងប់ស្ងាត់ បានបញ្ជាក់នូវគុណតម្លៃដ៍លេចធ្លោរ គឺស្ងប់ស្ងាត់មិនមែនជាការបាត់ឬដូរទឹកដីដើម្បីសន្តិភាពនោះទេ តែជាផ្នែកមួយនៃយុទ្ធសាស្ត្ររក្សាទឹកដីឲ្យបានគង់វង្សស្ថិតស្ថេរ និងមានភាពច្បាស់លាស់ជាងមុន។
៦. ថៃក្រអើតក្រទមខែងរែង តែបាក់កម្លាំងនៅលើតុចរចាចន្ទបុរី
កិច្ចប្រជុំ JBC ចន្ទបុរី គឺជាជោគជ័យខាងយុទ្ធសាស្ត្រដ៏ធំរបស់កម្ពុជា និងជាបរាជ័យផ្នែកនយោបាយរបស់ថៃ។ កម្ពុជាបានចាប់ក្របួចកទាញថៃចូលក្នុងគន្លងច្បាប់អន្តរជាតិដែលមិនអាចប្រកែកបាន ធ្វើឲ្យការខំប្រឹងប្រើអារម្មណ៍ជាតិនិយមរបស់ថៃក្លាយជាអសារបង់និងអាម៉ាស់។
ក្នុងពេលដែលប្រជាជនខ្មែររង់ចាំលទ្ធផល ការងារបោះបង្គោលព្រំដែនថ្មីដើម្បីដឹងថា “ដីនោះជារបស់នរណា” សិទ្ធិនិងច្បាប់កំពុងនិយាយជំនួសអាវុធហើយនៅពេលនេះ។ ក្នុងនាមជាតិសាសន៍ភូមិផងរបងជិតគ្នា ដើម្បីបន្តទំនាក់ទំនង និងកិច្ចសហការល្អឡើងវិញជាមួយកម្ពុជា ថៃអាចផ្លាស់ប្តូរគំនិតវាតទីនិយមបែបព្រៃ បើទោះបីជាបានជ្រុលជ្រួសជាមួយកម្ពុជាក្តី គឺអាចពិចារណាសាងកេរ្តិ៍ឈ្មោះប្រទេសខ្លួនឡើងវិញ ដោយត្រូវតែព្រមទទួលនិងអនុវត្តតាមកិច្ចព្រមព្រៀង ក៏ជាផ្នែកមួយនៃការជួសជុលកំហុសមកលើកម្ពុជាបានខ្លះផងដែរ។ ដើរមកដល់ចំណុចនេះ អាចបញ្ជាក់បានថា« កម្ពុជាមិនស្ងៀមទេ ប៉ុន្តែពិតជាបានស្ងាត់ដើម្បីឈ្នះ តែជ័យជម្នះនេះ នឹងបានជាប្រយោជន៍ច្រើនសម្រាប់ជាតិសាសន៍ទាំងពីកម្ពុជា-ថៃ ដែលនឹងបញ្ចៀសបាននូវការស្លាប់បាត់បង់ជីវិត យោធា ជនស៊ីវិល និងមហន្តរាយផ្សេងៗ»។
ជាចុងក្រោយ ខ្ញុំជាអ្នកសិក្សាស្រាវជ្រាវមួយរូបយល់ឃើញថា ទោះបីជាកម្ពុជានិងថៃបានប្រឈមមុខដាក់គ្នាដោយការផ្ទុះសង្គ្រាមរវាងគ្នានិងគ្នារយៈពេល៥ថ្ងៃនេះក៏ដោយ ថ្វីត្បិតតែវាជាសោកនាកម្មដ៏ជូរចត់បាត់បង់អាយុជីវិតមនុស្សនៃប្រទេសទាំងពីរដែលមិនគួរឲ្យកើតមានបន្តទៀតក៏ដោយ ក៏ពេលនេះបើសិនជាកិច្ចព្រមព្រៀងនេះនឹងត្រូវបានប្រទេសទាំងពីរ ជាពិសេសប្រទេសថៃយកទៅអនុវត្តដោយគោរពឱ្យបានត្រឹមត្រូវនិងចាត់ទុកថាជាលិខិតុបករណ៏ផ្លូវច្បាប់ ហើយឈានទៅធ្វើកិច្ចការបោះបង្គោលព្រំដែននៅលើដីជាក់ស្តែងបានជាស្ថារពរនោះ ប្រាកដជាព្រំដែនកម្ពុជាថៃនិងក្លាយទៅជាព្រំដែនអភិវឌ្ឍប្រកបដោយចីរភាពនិងក្លាយជាប្រទេសជិតខាងល្អដែលមានការរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរម្យនានៅពេលដ៏ខ្លីខាងមុខជាមិនខាន៕
ដោយ៖ ពិន វិជ័យ – អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ
ប្រភពពី៖ Asian Speech English